រយៈពេល​៥​ថ្ងៃ​អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ជាង​១​ពាន់​នាក់​មក​ស្រុក​វិញ

ដោយ វ៉ាន វណ្ណដេត
2017-07-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ ដោយ​ខុស​ច្បាប់ មក​ដល់​នៅ​ផ្សារ​រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Photo Provided
សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ ដោយ​ខុស​ច្បាប់ មក​ដល់​នៅ​ផ្សារ​រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ Photo Provided
Photo Provided

មន្ត្រី​សង្គម​ស៊ីវិល​ប្រាប់​ថា រយៈពេល ៥​ថ្ងៃ​ហើយ​ដែល​អាជ្ញាធរ​ថៃ សម្រុក​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​វិញ ប្រាប់​សង្គម​ស៊ីវិល និង​សមាជិក​ព្រឹទ្ធសភា​ថា គ្មាន​លទ្ធភាព និង​ពិបាក​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ទើប​សម្រេច​ទៅ​ធ្វើ​ការ​ទាំង​ប្រថុយប្រថាន។

អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ កក្កដា ថា ពលករ​ដែល​ថៃ ចាប់​បញ្ជូន​មក​វិញ​ក្នុង​មួយ​ថ្ងៃៗ​ប្រហែល​ពី ២០០​នាក់​ទៅ ៤០០​នាក់។ លោក​ថា​អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា វិញ ដើម្បី​ឲ្យ​ធ្វើ​ឯកសារ​បញ្ជាក់​សិន មុន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ធ្វើ​ការ​វិញ៖ «គេ​ត្រូវ​តែ​ឲ្យ​យើង​ធ្វើ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ គាត់​ត្រូវ​ត្រឡប់​មក​វិញ​ដើម្បី​ឲ្យ​មក​ធ្វើ​ច្បាប់ ពីព្រោះ​ស្រុក​គេ​បាន​ប្រកាស​នៅ​ក្នុង​ឆ្នាំ​២០១៨ គេ​ឲ្យ​ពលករ​ទាំងអស់​មាន​ច្បាប់ បើ​អត់​ច្បាប់​ទេ ត្រូវ​មាន​ទោស។ ចឹង​ទេ បាន​ពលករ​យើង​គាត់ចេញ​មក​ដើម្បី​ធ្វើ​បែបបទ​ស្រប​ច្បាប់»

ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​យ៉ាង​គំហុក​ត្រឡប់​មក​វិញ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ ប្រកាស​អនុវត្ត​ច្បាប់​ថ្មី ដោយ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ​ចំពោះ​ថៅកែ​ថៃ ណា​ដែល​ហ៊ាន​ជួល ឬ​ជួយ​លាក់បាំង​ពលករ​ខុស​ច្បាប់​ឲ្យ​នៅ​ធ្វើ​ការ។

ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក វិច អូន ប្រាប់​ថា អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​តែ​ក្នុង​ម៉ោង​បើក​ទ្វារ​ព្រំដែន​តែ​ប៉ុណ្ណោះ៖ «គេ​បញ្ជូន​តែ​ក្នុង​ពេល​ម៉ោង​ធ្វើ​ការ​ទេ»

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​មណ្ឌល​ភូមិភាគ​៤ (បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន និង​ព្រះវិហារ) លោក សោ ចាន់ដេត ប្រាប់​ថា លោក​មាន​ការ​សង្វេគ​ក្រោយ​លោក​បាន​ឃើញ​សភាព​ពលករ​ខ្មែរ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ដឹក​តាម​ឡាន​ទ្រុង បញ្ជូន​មក​វិញ។ តែ​យ៉ាង​ណា លោក​ថា​អាជ្ញាធរ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលករ​ខ្មែរ​ដែល​ថៃ ចាប់​បញ្ជូន​មក​វិញ។

តែ​យ៉ាង​ណា លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ពលករ​ធ្វើ​លិខិត​ឆ្លង​ដែន​តាម​រយៈ​ក្រុមហ៊ុន​ឯកជន ឬ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​តាម​ព្រំដែន ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​កម្មករ និង​ពង្រឹង​ការ​ដាក់​ទោស​ទណ្ឌ​ដល់​មេ​ខ្យល់​នាំ​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់។

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ ២២៥​នាក់​មាន ១៨៣​នាក់​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ហើយ​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បញ្ជូន​មក​កម្ពុជា វិញ។ ចំណែក​ពលករ​ដែល​មាន​ប័ណ្ណ​ការងារ​ពណ៌​ស៊ីជម្ពូ តែ​ធ្វើ​ការ​ខុស​កន្លែង និង​មាន​ប័ណ្ណ​អនុញ្ញាត​ការងារ​ក្លែងក្លាយ នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ។ ចំណែក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ វិញ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​ទប់ស្កាត់​ការ​ជួល​ម៉ោង​របស់​ក្រុមហ៊ុន​គ្មាន​ច្បាប់ ដែល​ឃោសនា​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មើល​ឃើញ​ថា ករណី​ពលករ​នៅ​តែ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ ដោយសារ​លិខិត​ឆ្លង​ដែន​មាន​តម្លៃ​ថ្លៃ និង​កម្មករ​មិន​អាច​រក​ការងារ​ធ្វើ​បាន​នៅ​កម្ពុជា៖ «បាទ! គេ​ឲ្យ​មោ! កន្លែង​ខ្លះ​តម្រួត​ថៃ ទៅ​ចាប់ ផ្អើល​រត់ អ្នក​ខ្លះ​រត់​ចូល​ព្រៃ ខ្លះ​រត់​ចូល​បន្ទប់​ទឹក ខ្លះ​ហក់​ទឹក​ហក់​អី ប៉ុន្តែ​គេ​ចាប់​ទាល់​តែ​បាន​មក​វិញ»

លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ថៃ មក​វិញ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​សិក្សា​រក​ទីផ្សារ​ការងារ​នៅ​កម្ពុជា ឲ្យ​យុវជន​ទាំងនោះ​ធ្វើ ជាជាង​ទុក​ឲ្យ​ប្រជាជន​ពេញ​កម្លាំង​ចំណាក​ស្រុក បែកបាក់​គ្រួសារ​នៅ​ស្រុក​កំណើត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ចំណាកស្រុកជាអ្នករកប្រាក់ចំណូលអោយរដ្ឋាភិបាលខ្មែរច្រើនណាស់ ម្តេចមិនជួយសម្រួលជួយធ្វើ passport អោយពួកគាត់ក្នុងតម្លៃសួយសមរម្យផង? បើមិនជួយរកទីផ្សារការងារអោយគាត់ទេ កុំធ្វើអោយគាត់ពិបាក គ្មាននរណាចង់ធ្វើការឆ្ងាយពីផ្ទះ និងក្រុមគ្រួសារទេ។ សូមអស់លោកមួយចំនួនដែលជាថ្នាក់ដឹកនាំប្រទេសមេត្តាជួយគិតគូរជីវភាពប្រជាជនផង កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកនិយមពេក។ កុំអាងអីថាងាប់នរណាក៏ងាប់ទៅ កុំអោយតែងាប់អញ។ អោយស្របតាមទស្សនះគ្មានពីររបស់អស់លោកមួយចំនួនថា ពលករចំណាកស្រុកជាអ្នករកថវិការជូនជាតិបានច្រើនណា!

Jul 01, 2017 11:27 PM

អ្នក​អាន​អនាមិក

Vietnamese can live and work in Cambodia, why Cambodian cannot work their own country?
The government needs to create more jobs for the Cambodian people.

Jul 01, 2017 09:12 PM

អ្នក​អាន​អនាមិក

Can jungle man Hun Sen learn something from this ?.

Jul 01, 2017 10:46 AM

គេហទំព័រ​ទាំងមូល