វិស័យ​ឯកជន​បារម្ភ​ពី​បញ្ហា​អស្ថិរភាព​សង្គម​និង​នយោបាយ

ដោយ អាន ស៊ីថាវ
2014.07.19
ដុត​កង់ឡាន ៦១០ សកម្មភាព​កម្មករ​រោងចក្រ​ហារតា​ធ្វើ​បាតុកម្ម​ដុត​កង់​ម៉ូតូ នៅ​មុខ​រោងចក្រ​ហារតា (Harta) ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៤។
RFA/Uon Chhin

សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​អះអាង​ថា ស្ថិរភាព​នយោបាយ​ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស និង​លើក​ស្ទួយ​បរិយាកាស​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ បញ្ហា​សង្គម​ដូច​ជា ការ​តវ៉ា​ប្រឆាំង​នានា និង​ភាព​ជាប់​គាំង​នយោបាយ​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន បាន​បង្ក​ការ​រំខាន​ដល់​សកម្មភាព​អាជីវកម្ម និង​បន្ថយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ។

ក្រោម​ការ​ឃ្លាំ​មើល​វិស័យ​រោងចក្រ​កាត់​ដេរ​កម្ពុជា របស់​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា រោងចក្រ​កាត់​ដេរ​ចំនួន ៣០ ក្នុង​ចំណោម​រោងចក្រ​ជិត ៥០០ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា និង​មាន​កម្មករ​រាប់​រយ​នាក់​បាន​បាត់​បង់​ការងារ ដោយសារ​តែ​ការ​ចូលរួម​ធ្វើ​បាតុកម្ម​កន្លង​មក។

ការ​តវ៉ា​ប្រឆាំង​រវាង​កម្មករ​រោងចក្រ កូដកម្ម​បុគ្គលិក​នៅ​តាម​សហគ្រាស​នានា បាន​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​នៅ​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត។ ការ​តវ៉ា​ទាំង​នោះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​មួយ​ចំនួន​ត្រូវ​ចាប់​ខ្លួន។ ការ​ចាប់​ខ្លួន និង​អ្នក​រងគ្រោះ​ភាគ​ច្រើន គឺ​មក​ពី​ក្រុម​អ្នក​ដែល​ទាមទារ​រក​ភាព​អយុត្តិធម៌ និង​ការ​កេង​ប្រវ័ញ្ច​នានា​ពី​សំណាក់​ថៅកែ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ឬ​រោងចក្រ និង​រដ្ឋាភិបាល។

បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ក្រុម​តំណាង​រាស្ត្រ​ទាំងអស់​នោះ​ទាមទារ មាន​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ និង​ទាមទារ​ឲ្យ​កម្ពុជា គោរព និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។

បញ្ហា​ទាំងអស់​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ក្រុម​អ្នក​តវ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប៉ះពាល់​បន្ត​ដល់​សហគ្រាស និង​ផលិតកម្ម ដែល​កំពុង​ប្រតិបត្តិការ​នា​ពេល​បច្ចុប្បន្ន។ អ្នក​រក​ស៊ី​មួយ​ចំនួន បាន​អះអាង​ថា ភាព​ជាប់​គាំង​នយោបាយ​នា​ពេល​នេះ បាន​បន្ថយ​ដល់​សកម្មភាព​វិនិយោគ ឬ​មាន​ភាព​រារែក​នៅ​ក្នុង​ការ​បណ្ដាក់​ទុន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម។

អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច បាន​អះអាង​ថា ភាព​ជាប់​គាំង​នយោបាយ ឬ​ការ​ធ្វើ​បាតុកម្ម​នានា ពិត​ជា​បាន​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ ប៉ុន្តែ ស្ថានភាព​ជាប់​គាំង​នយោបាយ​នា​ពេល​នេះ មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ឡើយ។ លោក​បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អ្នក​ធ្វើ​បាតុកម្ម​ចេះ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ធុញ​ទ្រាន់ ដែល​អាច​ឈាន​ដល់​ដក​ទុន​វិនិយោគ​នៅ​ពេល​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិនិយោគ និង​ពាណិជ្ជករ​មួយ​ចំនួន ហាក់​មាន​វិធានការ​ផ្ទាល់​ខ្លួន​នៅ​ឡើយ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នានា​ដែល​កើត​ចេញ​ពី​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត៖ «សំឡេង»។

បន្ថែម​លើ​នេះ ប្រធាន​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម លោក​ឧកញ៉ា តែ តាំងប៉ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​សហគ្រាស​ខ្នាត​តូច និង​មធ្យម មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​តែ​ផលិតកម្ម​របស់​សហគ្រាស​ទាំង​នោះ​បាន​តិចតួច បើ​ធៀប​នឹង​តម្រូវ​ការ​ជាក់ស្ដែង។

ប៉ុន្តែ ការ​រក​ឃើញ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ និង​អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន បាន​អះអាង​ថា ស្ថានភាព​នយោបាយ ការ​តវ៉ា​ប្រឆាំង​នានា ត្រូវ​មាន​ការ​ចូលរួម​ដោះស្រាយ​ពី​ភាគី​រដ្ឋាភិបាល និង​ពាណិជ្ជករ ដើម្បី​កាត់​បន្ថយ​ភាព​វឹកវរ​ក្នុង​សង្គម។ ការ​មិន​អើពើ​របស់​ក្រុម​អ្នក​វិនិយោគ និង​ពាណិជ្ជករ​ទាំង​នោះ អាច​ក្លាយ​ជា​ហានិភ័យ​ធ្ងន់ធ្ងរ រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម និង​អាជីវកម្ម។

របាយការណ៍​ហានិភ័យ​សកល​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា អស្ថិរភាព​សង្គម និង​នយោបាយ​ធ្ងន់ធ្ងរ ជា​ហានិភ័យ​មួយ​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​ប្រទេស។ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​ជម្លោះ​ប្រដាប់​អាវុធ ដូច​ដែល​ធ្លាប់​បាន​កើន​ឡើង​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក។

របាយការណ៍​ដដែល​បាន​ក្រើន​រំឭក​ដល់​ពាណិជ្ជករ និង​រដ្ឋាភិបាល បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត ដើម្បី​រក​វិធានការ​ដោះស្រាយ​ហានិភ័យ​ទាំង​នេះ មាន​ន័យ​ថា ពាណិជ្ជករ​មិន​ត្រូវ​គិត​រឿង​អាជីវកម្ម ហើយ​អ្នក​នយោបាយ​គិត​រឿង​នយោបាយ​នោះ​ទេ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​នៃ​ភាព​ជាប់​គាំង​នយោបាយ​នៅ​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត ពិត​ជា​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​អ្នក​រងគ្រោះ។ លោក​បញ្ជាក់​ថា អ្នក​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ក្រុម​អ្នក​តវ៉ា។ ទោះ​បី​ជា​ក្រុម​អ្នក​តវ៉ា​មាន​គោល​បំណង​ផ្សេង​គ្នា ឬ​ស្ថិត​នៅ​ដាច់​ពី​គ្មាន​ក៏ដោយ ប៉ុន្តែ​និន្នាការ​នេះ អាច​ក្លាយ​ជា​ទ្រង់ទ្រាយ​ធំ ពិបាក​នឹង​គ្រប់គ្រង​នៅ​ពេល​អនាគត៖ «សំឡេង»។

លោក ស្រី ចន្ធី បាន​បញ្ជាក់​ថា សម្ពាធ​នយោបាយ​នា​ពេល​បច្ចុប្បន្ន រហូត​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ការ​ចាប់​ចង​មន្ត្រី​គណបក្ស​នយោបាយ អាច​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចង់​ពន្លឿន​នៃ​ការ​ចរចា និង​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ។

ប៉ុន្តែ ការ​អូស​បន្លាយ​បញ្ហា​សង្គម​នា​ពេល​បច្ចុប្បន្ន បាន​ប៉ះពាល់​ជា​បណ្ដើរៗ​ដល់​សកម្មភាព​អាជីវកម្ម និង​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ដោយ​ចាប់​ផ្ដើម​ពី​ការ​វិនិយោគ និង​វិស័យ​ហិរញ្ញវត្ថុ។ ម្យ៉ាង​វិញ​ទៀត ទំហំ​នៃ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា គឺ​អាស្រ័យ​លើ​រយៈពេល​នៃ​ការ​ជាប់​គាំង​នោះ​ដែរ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា បាន​ព្យាករ​ស្រដៀង​គ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ថយ​ចុះ​ក្រោម ៧% នៅ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។