បុរស​៣​នាក់​នៅ​សៀមរាប​បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ត្រូវ​គេ​ចោទ​ថា​ចេះ​អំពើ​អាប​ធ្មប់

ដោយ ហង្ស សាវយុត
2015.01.20
ផែនទី​ខេត្ត​សៀមរាប ៨៥៥ ផែនទី​ខេត្ត​សៀមរាប។
Photo: RFA

នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ទី​ជនបទ​ដាច់​ស្រយាល គឺ​នៅ​តែ​ជឿ​លើ​អំពើ​អាប​ធ្មប់ ថា​អាច​ធ្វើ​ទុក្ខបុកម្នេញ​ឲ្យ​ពួក​គេ​ឈឺ និង​ស្លាប់ ជាដើម។ តំបន់​ខ្លះ នៅ​ពេល​ដែល​អ្នក​ភូមិ​ចោទ​លើ​ជន​ណា​ម្នាក់​ថា​ចេះ​អំពើ​អាប​ធ្មប់ គឺ​ជន​នោះ​ច្រើន​តែ​ទទួល​គ្រោះថ្នាក់​ដោយសារ​បណ្ដេញ​ចេញ​ពី​ភូមិ ឬ​ក៏​មាន​ការ​លួច​សម្លាប់ ជាដើម។

ថ្មីៗ​នេះ នៅ​ស្រុក​អង្គរជុំ ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប គឺ​បុរស ៣​នាក់ ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់។

បុរស​ចំណាស់ ៣​នាក់​នៅ​ភូមិ​បុសល្ហុង ឃុំ​ដូនពែង នៃ​ស្រុក​អង្គរជុំ កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​សុវត្ថិភាព​ក្រុម​គ្រួសារ។

ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ ម្នាក់ បាន​ដើរ​និយាយ​ប្រាប់​អ្នក​ភូមិ​តៗ​គ្នា​ថា បុរស​ទាំង ៣​នាក់​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់ និង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្លះ​មាន​ជំងឺ។

បុរស​ចំណាស់​ម្នាក់​អាយុ ៦០​ឆ្នាំ​ក្នុង​ចំណោម ២​នាក់​ផ្សេង​ទៀត ដែល​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់ គឺ​លោក វ៉ែន ឌូ។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា ថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ ម្នាក់​ឈ្មោះ ឡាច ជំនិត បាន​ដើរ​និយាយ​ប្រាប់​អ្នក​ភូមិ​ជា​ហូរហែ​ថា រូប​លោក និង​បុរស ២​នាក់​ទៀត​ឈ្មោះ ម៉ង់ ម៉ិល និង​ឈ្មោះ វង់ គឺ​ជា​អ្នក​ចេះ​អំពើ​អាប​ធ្មប់។ ការ​ដើរ​និយាយ​នេះ នៅ​ពេល​ដែល​សាច់ញាតិ​ខាង​ប្រពន្ធ​របស់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ ម្នាក់​នោះ​មាន​ជំងឺ៖ «ជំនិត​នោះ​គេ​ដើរ​ថា​តាម​អ្នក​ស្រុក។ អា​រឿង​ដើរ​និយាយ​នេះ ដើម្បី​ឲ្យ​ពួក​ដែល​មាន​អបិយ​ជំនឿ​នោះ​មាន​គំនុំ​មក​លើ​ខ្ញុំ។ ខ្ញុំ​បាទ​មាន​អារម្មណ៍​ខ្លាច​គេ​មក​កាប់​សម្លាប់ ឯ​អ្នក​ដែល​មាន​ឈ្មោះ ៨-៩​នាក់​នៅ​ក្នុង​ភូមិ​នេះ ក៏​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ»

បុរស​ចំណាស់​ដដែល​ជា​គណៈកម្មការ​វត្ត​ស្វាយជុំ ផង ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ ម្នាក់ ដើរ​និយាយ​បរិហារ​កេរ្តិ៍​រូប​លោក​យ៉ាង​នេះ​ក្ដី ក៏​លោក​មិន​មាន​លទ្ធភាព​ប្ដឹង​ផ្ដល់​ទេ ហើយ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នោះ លោក​បាន​ទៅ​ប្រាប់​មេ​ភូមិ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​នាំ​រូប​គាត់​ទៅ​វត្ត​តាកាំ ក្នុង​ស្រុក​ពួក ដើម្បី​ផឹក​ទឹក​សម្បថ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ថា​លោក​មិន​ចេះ​អំពើ​អាប​ធ្មប់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ លោក ឡាច ជំនិត ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ផ្លូវ​ច្បាប់​មិន​បាន​ចែង​ជុំវិញ​រឿង​អំពើ​អាប​ធ្មប់​នោះ​ជា​អ្វី​ទេ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន នៅ​ទី​ជនបទ​ដាច់​ស្រយាល​ខ្លះ នៅ​ពេល​ដែល​និយាយ​រឿង​អំពើ​អាប​ធ្មប់ គឺ​មនុស្ស​មួយ​ចំនួន​អាច​ឈាន​ទៅ​ដល់​ការ​ស្អប់ និង​គុំកួន​ទៅ​លើ​អ្នក​ដែល​គេ​មួលបង្កាច់ រហូត​ដល់​ពេល​ខ្លះ​អាច​ឈាន​ទៅ​ការ​លួច​សម្លាប់​ទៀត​ផង។ លោក នូ ពុទ្ធិ បញ្ជាក់​ថា ​អ្នក​ដែល​ជឿ​ថា​មាន​អំពើ​អាប​ធ្មប់​នោះ គឺ​គ្រាន់​តែ​ការ​ងប់ងុល ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ប៉ុណ្ណោះ។ លោក​យល់​ថា ជា​ធម្មតា​មនុស្ស​គ្រប់​រូប​តែង​មាន​ជំងឺ ហើយ​បើ​សិន​ជា​មាន​អ្នក​ភូមិ​ឈឺ គួរ​នាំ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ជា​ជាង​ការ​គិត​ទៅ​លើ​ជំនឿ​ផ្ដេសផ្ដាស៖ «ជំងឺ​តម្កាត់​អី​ផ្សេងៗ​គួរ​នាំ​គ្នា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដែល​អាច​វិនិច្ឆ័យ​ថា​រោគ​ហ្នឹង​វា​ប្រាកដ ជៀស​វាង​ការ​ប៉ាន់ស្មាន​ជា​អាប​ធ្មប់ ដែល​វា​អាច​នាំ​ផល​លំបាក​ដល់​ប្រជាជន​នៅ​កន្លែង​ហ្នឹង»

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ឲ្យ​ដឹង​ថា គេ​មាន​គម្រោង​ចុះ​ស៊ើប​អង្កេត និង​អប់រំ​ចំពោះ​ករណី​នោះ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អ្នក​មាន​ជំនឿ​ផ្ដេសផ្ដាស អាច​គំរាម​កំហែង​ខុស​ច្បាប់​ទៅ​លើ​មនុស្ស​មួយ​ចំនួន ដែល​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​នោះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។