ទេសចរ​ទៅ​លេង​ក្រុង​ព្រះសីហនុ​កើន​ច្រើន​នៅ​ថ្ងៃ​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ

ដោយ ដែន អយុធ្យា
2015.05.16
ទេសចរណ៍ ព្រះសីហនុ ៦២០ ទេសចរ​មក​លេង​កម្សាន្ត​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ទៅ​កម្សាន្ត​ខេត្ត​នេះ​មាន​ចំនួន​កើន​ឡើង​ច្រើន​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ថយ​ចុះ បើ​ប្រៀបធៀប​ពេល​វេលា​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​អាច​នឹង​កើន​ច្រើន​ថែម​ទៀត បើ​រដ្ឋាភិបាល​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ដើរ​ឆ្លង​កាត់​ឲ្យ​បាន​ទូលំទូលាយ​ដូច​ពេល​មុន​ឡើង​វិញ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ ក្នុង​ឱកាស​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ ព្រះករុណា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា មាន ៨៤.៩៦០​នាក់ គឺ​កើន​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៤។ ចំណែក​ភ្ញៀវ​បរទេស​មាន​ចំនួន ៣.៧១១​នាក់ គឺ​ថយ​ចុះ​ចំនួន ២៩​ភាគរយ។

កាល​ពី​ឆ្នាំ​២០១៤ មាន​ភ្ញៀវ​សរុប​ចំនួន ៧០.៤៩០​នាក់។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន ៦៥.៩០៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន ៤.៥៨១​នាក់។

ទោះ​យ៉ាង​ណា លោក នូ សុផល មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ ពី​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​អន្តរជាតិ ប៉ុន្តែ​បញ្ជាក់​ខ្លី​ថា អាច​បណ្ដាល​មក​ពី​រដូវ​នេះ​ជិត​ផុត​រដូវ​កាល​ធ្វើ​ទេសចរណ៍​របស់​ភ្ញៀវ​បរទេស និង​គួបផ្សំ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​មាត់​សមុទ្រ ឬ​កោះ​ជាដើម ជា​ហេតុ​នាំ​ឲ្យ​ចំនួន​ភ្ញៀវ​អន្តរជាតិ​បាន​ថយ​ចុះ។

​ស្រប​ពេល​គ្នា​នេះ លោក នូ សុផល ក៏​បាន​សំណូមពរ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ ត្រូវ​ចូល​រួម​សំអាត​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​អនាម័យ​ល្អ ប្រយោជន៍​ដើម្បី​ចូល​រួម​ថែរក្សា​សោភណភាព​ឆ្នេរ ដើម្បី​ទាក់ទាញ​ចំនួន​ភ្ញៀវ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន៖ «រាល់​សំណល់​ដែល​គាត់​បរិភោគ​រួច​ហើយ គាត់​ចោល​នៅ​លើ​ឆ្នេរ​កន្លង​មក។ សូម​ឲ្យ​ប្រជាពលរដ្ឋ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ និង​ចេះ​ស្រលាញ់​បរិស្ថាន​ឆ្នេរ​ទាំង​អស់​គ្នា ហើយ​ស្នើ​ឲ្យ​ពួកគាត់​ទទួល​ទាន​ចំណី​អាហារ​រួច​រាល់​ហើយ ត្រូវ​ខ្ចប់​ទុក​ដាក់ និង​យក​ទៅ​ដាក់​នៅ​ក្នុង​ធុងសំរាម ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ងាយ​ក្នុង​ការ​សំអាត​បរិស្ថាន​ឆ្នេរ ឬ​ក៏​ប្រមូល​សំរាម​យក​ទៅ​ចោល»

​បញ្ហា​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ ចូល​មក​ទស្សនា​ច្រើន​ថែម​ទៀត​នៅ​ឆ្នាំ​ខាង​មុខ ប្រសិនបើ​រដ្ឋាភិបាល​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ឲ្យ​មាន​អនាម័យ និង​មាន​ឆ្នេរ​ធំ​ទូលំទូលាយ​ជាង​ពេល​នេះ។

លោក​អះអាង​ថា សព្វថ្ងៃ​នេះ ខេត្ត​ព្រះសីហនុ មិន​មាន​ឆ្នេរ​ទូលំទូលាយ​សម្រាប់​ផ្ដល់​ជូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ អង្គុយ ឬ​ចូល​ងូត​ទឹក​កម្សាន្ត​ច្រើន​ទេ ព្រោះ​តំបន់​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​ហ៊ុមព័ទ្ធ​របង​ថ្ម មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​ស្ទើរ​តែ​ទាំងស្រុង​អស់​ទៅ​ហើយ។ ជាង​នេះ តម្លៃ​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍ គឺ​ប្រតិបត្តិ​ករ​ទេសចរណ៍ ឬ​មាន​អាជីវករ​លក់​ចំណី​អាហារ និង​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ​ជាដើម បាន​ដំឡើង ឬ​កំណត់​តម្លៃ​តាម​ទំនើង​ចិត្ត ពោល​គឺ​នៅ​ពេល​មាន​ពិធី​បុណ្យជាតិ​ធំៗ តម្លៃ​បាន​ឡើង​ខ្ពស់​កប់​ពពក បើ​ធៀប​តម្លៃ​ថ្ងៃ​ធម្មតា។

​ត្រង់​ចំណុច​នេះ លោក សុខ សុខុម បាន​ស្នើ​ដល់​រដ្ឋាភិបាល ឬ​ក្រសួង​ទេសចរណ៍ និង​ថ្នាក់​ដឹក​ខេត្ត​ព្រះសីហនុ ជាដើម ត្រូវ​មាន​វិធានការ​កំណត់​តម្លៃ​ស្នាក់នៅ ឬ​ចំណី​អាហារ ឲ្យ​បាន​សមរម្យ​ជូន​ភ្ញៀវ​ទេសចរ ដើម្បី​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​បន្ថែម​ទៀត៖ «ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ កាន់​តែ​កើន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ក៏​ប៉ុន្តែ​ខេត្ត​នេះ​ខ្វះ​ឆ្នេរ​ជាច្រើន​សម្រាប់​ទុក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ទស្សនា។ ពេល​មាន​ឆ្នេរ​តូច​ចង្អៀត ជំរុញ​ឲ្យ​ការ​លក់​ដូរ​ចំណី​អាហារ​របស់​អាជីវករ​កាន់​តែ​មាន​តម្លៃ​ខ្ពស់ សូម្បី​តែ​កន្លែង​អង្គុយ​ក៏​ត្រូវ​ចំណាយ​លុយ​ខ្ពស់​កប់​ពពក​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ការ​អាក់អន់ស្រពន់ចិត្ត​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ ឬ​ពលរដ្ឋ​ដែល​ចូល​មក​លេង​ខេត្ត​ព្រះសីហនុ ព្រោះ​សេវា​មានតម្លៃ​ខ្ពស់​ខុស​ពី​ធម្មតា ហួស​ពី​ការ​គិត​ស្មាន»

បញ្ហា​នេះ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មិន​បាន​ដឹង​ពី​ការ​ដំឡើង​តម្លៃ​តូប​អង្គុយ ឬ​ថ្លៃ​សេវា​ស្នាក់នៅ​មាន​តម្លៃ​ខ្ពស់​នោះ​ទេ ព្រោះ​មិនទាន់​ទទួល​បាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ទេ នៅ​ក្នុង​ពិធី​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ ៣​ថ្ងៃ​មក​នេះ​ទេ។

​លោក​បន្ត​ថា បញ្ហា​នេះ ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ ឬ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ទេសចរណ៍​ជាដើម បាន​បើក​កិច្ចប្រជុំ​ណែនាំ​ជា​បន្តបន្ទាប់​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យ​កំណត់​តម្លៃ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ ដើម្បី​ចូលរួម​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ ឲ្យ​បាន​ច្រើន​ថែម​ទៀត៖ «តម្លៃ​សេវា​បម្រើ​វិស័យ​ទេសចរណ៍​នា​ខេត្ត​ព្រះសីហនុ គឺ​មាន​ការ​ណែនាំ​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ឬ​មន្ទីរ​ទេសចរណ៍​ជាដើម គឺ​តែ​បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ អំពី​ការ​កំណត់​តម្លៃ​សេវា​បម្រើ​ទេសចរណ៍​ឲ្យ​បាន​សមរម្យ​ជូន​ភ្ញៀវ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​នេះ»

​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួមមាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។