ភ្ញៀវទេសចរជាតិចេញទៅកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ បានបញ្ចេញប្រតិកម្មចំពោះការកំណត់ឲ្យពួកគេម្នាក់ៗត្រូវបង់លុយចំនួន ៨ពាន់រៀល ជូនរដ្ឋបាលខេត្តនេះបន្ថែមពីលើតម្លៃសំបុត្រជិះទូក ឬសំបុត្រកប៉ាល់។
មន្ត្រីសង្គមស៊ីវិល កំពុងតាមដានការកំណត់ថ្មីនេះ បន្ទាប់ពីមានភ្ញៀវជាតិផ្ទុះការតវ៉ា។
ភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានាក្នុងខេត្តព្រះសីហនុ បានផ្ទុះការតវ៉ា និងមិនព្រមបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្ត ទៅតាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុ ទេកាលពីព្រឹកថ្ងៃទី១០ ខែសីហា នាកំពង់ផែទូកទេសចរណ៍ឆ្នេរអូរឈើទាល។
ភ្ញៀវទេសចរដែលផ្ទុះការតវ៉ា បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាចំពោះការកំណត់ឲ្យភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះ ត្រូវបង់លុយ ៨ពាន់រៀលពីលើតម្លៃទិញសំបុត្រទូកនេះជាថ្មីឡើងវិញ។
ចំណែកម្ចាស់ក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរខេត្តព្រះសីហនុ ក៏មិនពេញចិត្តទៅលើការតម្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យភ្ញៀវទេសចរត្រូវបង់លុយ ៨ពាន់រៀលនេះដែរ។ ម្ចាស់ក្រុមហ៊ុនទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរខ្លះថ្លែងថា ពួកគេគ្មានសិទ្ធិហាមឃាត់រដ្ឋបាលខេត្តព្រះសីហនុ មិនឲ្យយកលុយ ៨ពាន់រៀលពីភ្ញៀវទេសចរទេ។
កាលពីព្រឹកថ្ងៃទី១០ ខែសីហា មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានដាក់តុអង្គុយរង់ចាំយកលុយពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតាមផែទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនានា មានផែអូរឈើទាល ជាដើម។ មន្ត្រីខេត្តបានឲ្យដឹងថា មានភ្ញៀវទេសចរអន្តរជាតិមួយចំនួនបានបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្ត ប៉ុន្តែភ្ញៀវជាតិមិនទាន់ព្រមបង់ជូនខេត្តទេ និងមានការតវ៉ា។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា នៅថ្ងៃដំបូងនៃការតម្រូវឲ្យភ្ញៀវទេសចរបង់លុយនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្តសិន ដោយមិនមានការចាប់បង្ខំនោះទេ។ ជាក់ស្តែងមានភ្ញៀវអន្តរជាតិប្រមាណជិត ២០នាក់បានយល់ព្រមបង់លុយ ៨ពាន់រៀលជូនខេត្ត។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋាភិបាលពិចារណាចំពោះការកំណត់ឲ្យភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះ ត្រូវបង់លុយ ៨ពាន់រៀលនេះ ដើម្បីកុំឲ្យមានបាតុភាពតវ៉ាពីពលរដ្ឋក្នុងស្រុក៖ « អ៊ីចឹងការយកលុយ ៨ពាន់រៀល ឬស្មើ ២ដុល្លារសហរដ្ឋអាមេរិកនេះ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ហើយធ្វើឲ្យមានអ្នកចូលរួម ក៏គាត់រីករាយសប្បាយចិត្តនឹងចូលរួមក្នុងការបង់ប្រាក់ ២ដុល្លារដោយសប្បាយចិត្ត ហើយយើងក៏បានផលប្រយោជន៍ទាំងអស់គ្នា ដោយមិនមានផលទំនាស់អ្វីកើតឡើងហ្នឹង គួរតែកំណត់លក្ខខណ្ឌសម្រាប់អ្នកដែលគួរបង់លុយ ២ដុល្លារនេះឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ភ្ញៀវទេសចរបរទេសតម្រូវឲ្យបង់លុយប៉ុន្មាន ហើយភ្ញៀវជាតិគួរតម្រូវឲ្យបង់លុយចំនួនប៉ុន្មានក្នុងការចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជាភ្ញៀវទេសចរជាតិ។ ពួកគាត់អាចមានឱកាសចេញទៅសម្រាកកម្សាន្តនៅតាមបណ្ដាកោះនានា ?»។
បញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការយកលុយ ៨ពាន់រៀលពីការលក់សំបុត្រទូក ឬពីភ្ញៀវទេសចរម្នាក់នៅពេលនេះ រដ្ឋបាលខេត្តបានយោងទៅតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងលិខិតចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក យន្ត មីន ឲ្យដឹងថា ការយកលុយនេះជាការពង្រឹងការគ្រប់គ្រងលើវិស័យទេសចរណ៍ និងប្រាក់ចំណូលស្របតាមនីតិវិធីហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ចំនួន ៣ចំណុច ហើយថាការយកលុយ ៨ពាន់រៀលរបស់រដ្ឋបាលខេត្តពេលនេះ ដើម្បីយកទៅប្រើប្រាស់លើការងារអភិវឌ្ឍន៍សណ្ដាប់ធ្នាប់អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព។
ទោះជាបែបនេះក្តី ទាំងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសភ្ញៀវទេសចរជាតិ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាទៅលើការតម្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ កំណត់ឲ្យភ្ញៀវទេសចរម្នាក់ដែលចេញទៅកម្សាន្តតាមកោះនានា ត្រូវបង់លុយបន្ថែមចំនួន ៨ពាន់រៀលពីលើការទិញសំបុត្រទូក ឬសំបុត្រកប៉ាល់ជាថ្មីឡើងវិញ ព្រោះពួកគេមិនពេញចិត្តការកំណត់ឲ្យបង់លុយ ៨ពាន់រៀលជូនរដ្ឋបាលខេត្តនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។