អាជីវករ​ខេត្ត​ព្រះសីហនុ​ត្អូញត្អែរ​ថា​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​បី​ថ្ងៃ

ដោយ ដែន អយុធ្យា
2016.10.04
ទេសចរ​ខេត្ត​ព្រះសីហនុ ២០១៦ ៨៥៥ ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ប្រតិបត្តិករ​ទេសចរ ឬ​ក្រុម​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ បាន​ត្អូញត្អែរ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ថយ​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ឆ្នាំ​មុន។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​នា​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ពិត​មែន។

ក្រុម​ប្រតិបត្តិករ​ទេសចរ​បម្រើ​សេវា​ស្នាក់នៅ​សេវា​ចំណី​អាហារ និង​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៤ តុលា ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ថយ​ចុះ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

អាជីវករ​លក់​ដូរ​ចំណី​អាហារ​មួយ​ចំនួន​នៅ​ឆ្នេរ​អូរឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ព្រែកត្រែង ជាដើម បាន​អះអាង​ថា ការ​លក់​ដូរ​ចំណី​អាហារ​ជូន​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ឆ្នាំ​មុន គឺ​បាន​ថយ​ចុះ ឬ​ថវិកា​នៃ​ប្រាក់​ចំណេញ​ដែល​ប្រមូល​បាន​ពី​ការ​ជួល​តុ​អង្គុយ ការ​ជួល​ពោង​ហែល​ទឹក និង​ការ​លក់​អាហារ​ទទួល​ទាន​ជូន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ។

ប្រតិបត្តិករ​ទេសចរ​ទាំងនោះ​មាន​ចម្ងល់​ទៅ​លើ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ នៅ​គ្រា​ការ​កំណត់​តម្លៃ​អាហារ​ហូប​ចុក និង​តម្លៃ​សេវា​ផ្សេងៗ​មាន​សេវា​ខ្លះ​បាន​រក្សា​តម្លៃ​ដូច​ថ្ងៃ​ធម្មតា ឬ​កើន​តម្លៃ​បន្តិចបន្តួច​បែប​ណា​ក្តី។

ចំណែក​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ខ្លះ​ទៀត ក៏​បាន​រអ៊ូរទាំ​ថា ការ​លក់​សំបុត្រ​ទូក​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​តាម​កោះ​នានា​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ម្ចាស់​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​មុន គឺ​ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជិះ​ទូក​ទេសចរណ៍​ទៅ​កម្សាន្ត​តាម​កោះ​នានា​ចន្លោះ​ពី ៧០០​នាក់​ទៅ ៨០០​នាក់ ប៉ុន្តែ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​មក​ក្រោម ៣០០​នាក់​ក្នុង​មួយ​ថ្ងៃៗ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ គ្រឹស្នា ទទួល​ស្គាល់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ថយ​ចុះ​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ពិត​មែន ប៉ុន្តែ​លោក​មិន​ទាន់​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ ថា​បណ្ដាល​មក​ពី​កត្តា​អ្វី​ខ្លះ​នោះ​ទេ។

លោក គ្រឹស្នា ឲ្យ​ដឹង​ថា ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២ ខែ​តុលា ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ៦​ម៉ឺន​នាក់ គឺ​បាន​ថយ​ចុះ​ប្រមាណ​ជិត ២០​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា​មាន​ជាង ២​ពាន់​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​បរទេស៖ «ភ្ញៀវ​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​មាន​ជាង ៧.២៨០​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ជាង ៥​ម៉ឺន​នាក់ ហើយ​ភ្ញៀវ​ចូល​ទៅ​កម្សាន្ត​តាម​កោះ​មាន​ជាង ២​ពាន់​នាក់ ភាគច្រើន​ជា​ភ្ញៀវ​អន្តរជាតិ រីឯ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ៣០​ភាគរយ​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បង្ហាញ​ទស្សនៈ​ថា ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ទំនង​ជា​អាច​មក​ពី​ភ្ញៀវ​ទេសចរ​បារម្ភ​ពី​ការ​ឡើង​ថ្លៃ​សេវា​បម្រើ​ផ្សេងៗ ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ផ្លូវ​ទឹក ទាំង​សេវា​ស្នាក់នៅ និង​ការ​ដំឡើង​តម្លៃ​ចំណី​អាហារ​ខ្ពស់​កប់​ពពក ជាដើម។

អ្នកស្រី សុធារី កត់​សម្គាល់​ថា កន្លង​ទៅ​នេះ នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ មាន​បុណ្យ​ចូល​ឆ្នាំ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ជាដើម គឺ​សេវា​បម្រើ​លើ​វិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ត្រូវ​ប្រតិបត្តិករ​ទេសចរ ឬ​ក្រុម​អាជីវករ​បាន​ដំឡើង​តម្លៃ​ខ្ពស់​មួយ​ទ្វេ​ជា​បី ឬ​ច្រើន​ជាង​នេះ នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​ខ្លាចរអា​មិន​ហ៊ាន​សម្រេច​ចិត្ត​មក​ទស្សនា​ខេត្ត​ព្រះសីហនុ។

អ្នកស្រី សុធារី បន្ត​ថា ជាង​នេះ​ទៀត ខេត្ត​ព្រះសីហនុ ពុំ​សូវ​មាន​ឆ្នេរ​ទំនេរ​ទុក​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​អង្គុយ ឬ​ចុះ​ងូត​ទឹក​កម្សាន្ត​ជា​សាធារណៈ​ច្រើន​ទេ ព្រោះ​ឆ្នេរ​ភាគច្រើន​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន និង​តំបន់​ឆ្នេរ​ខ្លះ​ទៀត ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​មិន​ឲ្យ​មនុស្ស ឬ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​បាន​ទេ៖ «ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​នៅ​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​នា​ខេត្ត​ព្រះសីហនុ អាច​បណ្ដាល​មក​ពី​ទេសចរ​បារម្ភ​អំពី​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​ខ្ពស់ និង​មិន​សូវ​មាន​ឆ្នេរ​សម្រាប់​ផ្តល់​ជូន​ពួក​គាត់​ចូល​ទៅ​អង្គុយ ឬ​ងូត​ទឹក​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ ដោយសារ​មាន​ឆ្នេរ​ខ្លះ​ត្រូវ​គេ​ព័ទ្ធ​របង​ទុក​ចោល​មិន​អាច​ឲ្យ​ភ្ញៀវ​ចូល​ទៅ​កម្សាន្ត​បាន​ទេ ហើយ​ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​ងាក​ទៅ​ខេត្ត​កែប វិញ»

ទោះ​បី​ជា​បែប​នេះ​ក្តី ប្រតិបត្តិករ​ទេសចរ​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ បាន​ដាក់​បន្ទុក​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ ទៅ​លើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​តែង​រក​រឿង ឬ​គាប​សង្កត់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ​ជា​បន្តបន្ទាប់ ហើយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​អាជ្ញាធរ ក៏​សម្រេច​ចិត្ត​មិន​មក​កម្សាន្ត​ខេត្ត​នេះ​ជា​បណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។