ទេសចរ​ទៅ​ទស្សនា​ក្រុង​ព្រះសីហនុ​រីករាយ​បន្ទាប់​ពី​មាន​ការ​បើក​របង​ចេញ​ពី​ឆ្នេរ​សមុទ្រ

ដោយ ដែន អយុធ្យា
2016.02.12
ទេសចរ កោះពស់ ៨៥៥ ២០១៦ សកម្មភាព​របស់​ភ្ញៀវទេសចរ​នាំ​គ្នា​ដើរ​ឡើង​ទៅ​លើ​ស្ពាន​តេជោ​មរកត ឬ​ហៅ​ថា ស្ពាន​កោះពស់ នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Den Ayuthyea

ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មួយ​ចំនួន និង​បើក​ស្ពាន​តេជោ​មរកត ឬ​ស្ពាន​កោះពស់ ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លង​កាត់​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវ​វាយ​កម្ទេច​សំណង់​រឹងមាំ​ផ្សេងៗ ដែល​កំពុង​សង់​នៅ​តាម​ឆ្នេរសមុទ្រ និង​ត្រូវ​រុះរើ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ច្រើន​ទៀត ដែល​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ដើម្បី​អភិវឌ្ឍន៍​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ជំនួស​វិញ។

ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់ ដែល​ធ្វើ​ដំណើរ​មក​ដល់​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​បាន​ចូល​ទៅ​ដល់​ឆ្នេរ​ឯករាជ្យ និង​ដើរ​ឆ្លង​កាត់​ស្ពាន «តេជោមរកត ឬ​ស្ពាន​កោះពស់» កាល​ពី​ថ្ងៃ​អង្គា ទី​៩ ខែ​កុម្ភៈ បង្ហាញ​ទឹក​មុខ និង​អារម្មណ៍​រីករាយ​ដែល​អាជ្ញាធរ​ខេត្ត​នេះ​មាន​ការ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ ដោយ​សង្កេត​ឃើញ​ឆ្នេរសមុទ្រ​មួយ​ចំនួន​មាន​ការ​អភិវឌ្ឍ ហើយ​បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ខ្លះ អាច​ឲ្យ​ពួកគេ​ចូល​កម្សាន្ត និង​ងូត​ទឹក​សមុទ្រ​បាន​ទូលំទូលាយ​ជាង​ប៉ុន្មាន​ឆ្នាំ​មុន។

ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរណ៍​មកពី​តាម​បណ្ដា​ខេត្ត​នានា និង​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ត្រូវ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរសមុទ្រ​ដែល​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ឃុបឃិត​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​បិទ​របង​ទុកចោល​គ្មាន​ការ​អភិវឌ្ឍ​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ហើយ​អភិវឌ្ឍន៍​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ទុក​ជូន​សាធារណជន​ចូល​កម្សាន្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្រៅ​ពី​ឆ្នេរ​ឯករាជ្យ។

ក្រុម​យុវជន៖ «ពួក​ខ្ញុំ​សប្បាយ​រីករាយ​ណាស់ នៅ​ពេល​បាន​ឡើង​លើ​ស្ពាន​តេជោ​មរកត ឬ​ស្ពាន​កោះពស់ ព្រោះ​បាន​ឃើញ​ទេសភាព​ស្អាតៗ​ជាច្រើន មាន​ដូចជា​ព្រៃឈើ ទឹក​សមុទ្រ ភ្នំ ឆ្នេរ​ដ៏​ស្រស់​ស្អាត​មើល​ពី​លើ​ស្ពាន​ឃើញ​ស្អាតៗ​ណាស់។ នាង​ខ្ញុំ​គឺ​ជា​អ្នក​នៅ​ខេត្ត​ព្រះសីហនុ​ទេ ប៉ុន្តែ​មាន​សេចក្ដី​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ដើរ​ឡើង​ស្ពាន​កោះពស់ ដែល​ជា​ស្ពាន​ធ្វើ​ឆ្លង​សមុទ្រ​ទៅ​កាន់​ដី​កោះ»

ស្ត្រី​វ័យ​ចំណាស់ ឈ្មោះ ឈួន សាវាទ មក​ពី​ខេត្ត​កណ្ដាល បង្ហាញ​អារម្មណ៍​រីករាយ​​ពេល​បាន​ដើរ​ឆ្លង​កាត់​ស្ពាន​តេជោមរកត ឬ​ស្ពាន​កោះពស់ កាល​ពី​ថ្ងៃ​អង្គា ទី​៩ ខែ​កុម្ភៈ ព្រោះ​កន្លង​មក មិន​ដែល​បាន​ដើរ​ឆ្លង​កាត់​ស្ពាន​នេះ​ទេ ដោយសារ​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល។ ស្ត្រី​វ័យ ៧០​ឆ្នាំ​រូប​នេះ សំណូម​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ត្រូវ​អន្តរាគមន៍​ដាក់​ឲ្យ​ដំណើរការ​ជា​រៀងរាល់ថ្ងៃ និង​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ ដែល​គេ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​ឲ្យ​បាន​ច្រើន​ឆ្នេរ​ទីតាំង​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដើរ​ឆ្លង​កាត់ និង​ចូល​ទៅ​កម្សាន្ត ឲ្យ​បាន​ទូលំទូលាយ​ដូច​ពី​សង្គមចាស់។

លោក​យាយ ឈួន សាវាទ៖ «ខ្ញុំ​បាន​មក​លេខ​កំពង់សោម គឺ​មក​លេខ​ផ្ទះ​កូនៗ​នៅ​ទី​នេះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ដើរ​ឆ្លង​ស្ពាន​តេជោមរកត ឬ​ស្ពាន​កោះពស់​នេះ​ទេ ទើបតែ​ពេល​នេះ ហើយ​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ចង់​ឲ្យ​រដ្ឋាភិបាល​សម្ដេច​តេជោ បើក​ឲ្យ​ស្ពាន​នេះ​ដំណើរ​ការ​បាន​រាល់​ថ្ងៃ ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ឆ្លង​កម្សាន្ត»

មិន​មែន​មាន​តែ​មនុស្ស​វ័យ​ចាស់​ទេ ដែល​សប្បាយ​រីករាយ​បាន​ដើរ​ឆ្លង​ស្ពាន​តេជោមរកត ឬ​ស្ពាន​កោះពស់​នៅ​ពេល​នេះ។

យុវជន​ឈ្មោះ យ៉ាន មុន្នីរតន៍ ជា​យុវជន​ម្នាក់ ស្ថិត​ក្នុង​ចំណោម​យុវវ័យ​រាប់​ពាន់​នាក់​ទៀត ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​តាកែវ ក៏​សំណូម​ដល់​ប្រមុខ​ដឹកនាំ ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​បើក​ស្ពាន​តេជោ​មរកត ឲ្យ​ដំណើរ​ការ​ជា​រៀងរាល់​ថ្ងៃ និង​ស្នើ​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ ដាក់​ជូន​ពលរដ្ឋ​ចូល​ទៅ​កម្សាន្ត និង​ងូតទឹក​ឲ្យ​បាន​ទូលំទូលាយ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​ស្ពាន​តេជោ​មរកត​នេះ​បើក​ឲ្យ​ដំណើរការ​ជា​រហូត ព្រោះ​ពលរដ្ឋ​ចង់​ឆ្លង​ស្ពាន​នេះ និង​ចង់​ឃើញ​ទេសភាព​នៅ​លើ​កោះពស់ និង​ទេសភាព​ទូទៅ​នៅ​លើ​ផ្ទៃ​សមុទ្រ​ខេត្ត​ព្រះសីហនុ ក្រោម​ការ​ដឹកនាំ​មាន​ការ​រីក​ចម្រើន​របស់​សម្ដេច​តេជោ ហ៊ុន សែន»

បញ្ហា​នេះ​ដែរ ចៅ​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ លោក កាន់ ឡឹង ដែល​បាន​ដឹកនាំ​ក្រុម​ការងារ សហការ​​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ប្រចាំការ​នៅ​លើ​ស្ពាន​តេជោ​មរកត រង់ចាំ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ មក បាន​ដឹង​ថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឡើង​ស្ពាន ទំនង​ជា​អាច​ច្រើន​ជាង ៥​ម៉ឺន​នាក់ ព្រោះ​ថ្ងៃ​ចាប់​ផ្តើម​ដំបូង​មាន​មនុស្ស​ជាង ១​ម៉ឺន​នាក់​បាន​មក​ដល់​ទី​នេះ។

​លោក កាន់ ឡឹង៖ «ស្ពាន​នេះ​ចាប់​បើក​ពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង ៦​ល្ងាច គឺ​មាន​រយៈពេល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ហើយ​ថ្ងៃ​បើក​ដំបូង ឃើញ​មាន​មនុស្ស​ជាង ១​ម៉ឺន​នាក់​បាន​ឆ្លង​ស្ពាន​នេះ។ តាម​ការ​ព្យាករ​អាច​មាន​មនុស្ស​មក​ឆ្លង​ស្ពាន​នេះ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន អាច​មាន​ជាង ៥​ម៉ឺន​នាក់។ ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កក​ដល់​ទី​នេះ បង្ហាញ​ទឹក​មុខ​រីករាយ និង​បាន​មក​ថត​យក​រូបភាព​ផ្សេងៗ​នៅ​លើ​កោះ ទុក​ជា​អនុស្សាវរីយ៍​ច្រើន​កុះករ»

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ដល់​ទី​តាំង​ស្ពាន​តេជោ​មរកត​យល់​ថា ប្រសិនបើ​ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​បាន​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន ឬ​ឈ្មួញ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិវឌ្ឍន៍​បម្រើ​ដល់​វិស័យ​ទេសចរណ៍ អាច​នាំ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ កើន​ខ្ពស់​ថែម​ទៀត។

លោក ប៊ួន ណារិទ្ធិ៖ «យើង​បាន​មក​ទស្សនា​ស្ពាន​តេជោ​មរកត ហៅ​ស្ពាន​កោះពស់ គឺ​ឃើញ​មាន​មនុស្សម្នា​ច្រើន​កុះករ​បំផុត​បាន​មក​ដល់​ទី​នេះ ហើយ​មនុស្ស​ទាំង​នោះ​បាន​មក​ពី​គ្រប់​ខេត្ត​ក្រុង​នានា ទូទាំង​ប្រទេស ចូល​មក​ទស្សនា​ស្ពាន​នេះ»

ចំណែក​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអ៊ិនរ៉ូ សាខា​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ទៅ​ដល់​ឆ្នេរ​ឯករាជ្យ កាល​ពី​ថ្ងៃ​អង្គា ទី​៩ ខែ​កុម្ភៈ បង្ហាញ​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ឲ្យ​មាន​សកម្មភាព​បើក​របង​ថ្ម ឬ​របង​ដែក​ដែល​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច ហ៊ុមព័ទ្ធ​ឆ្នេរ​ទុក​ចោល​ច្រើន​ទីតាំង​ទៀត មាន​ដូចជា​ ឆ្នេរ​នៅ​ទល់មុខ​ព្រះ​រាជ្យ​ដំណាក់​ស្ដេច ឆ្នេរ​ហាវ៉ៃ ឆ្នេរ​កោះពស់ ឆ្នេរ​កំពេញ ឆ្នេរ​សុខា ឬ ឆ្នេរ​អារីស្តុន និង​ឆ្នេរ​អូរត្រេះ ជាដើម ឲ្យ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លង​តាម​ប្រប​មាត់​សមុទ្រ សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរណ៍​ប្រើប្រាស់​ដូច​ពេល​មុន​វិញ។ ជាង​នេះ ក៏​ត្រូវ​វាយ​កម្ទេច​សំណង់​រឹង​មាំ​ដែល​កំពុង​សង់ និង​កំពុង​បុក​គ្រឹះ​នៅ​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​ដទៃ​ទៀត កុំ​ឲ្យ​បន្ត​ដំណើរ​ការ​សាងសង់ ព្រោះ​សំណង់​ទាំង​នោះ​បាន​ប៉ះពាល់​ដល់​ផែន​ការ​អភិវឌ្ឍ​ឆ្នេរ​របស់​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ។

​លោក សុខ សុខុម៖ «សំណង់​រឹងមាំ​ទាំង​ឡាយ​ដែល​សង់ និង​កំពុង​បុក​គ្រឹះ​នៅ​តាម​ឆ្នេរ​ឯករាជ្យ និង​តាម​ឆ្នេរ​មួយ​ចំនួន​ទៀត ត្រូវ​តែ​ហាមឃាត់ ព្រោះ​សំណង់​ទាំង​នេះ​បាន​ប៉ះពាល់​ដល់​ផែនការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ ហើយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​រក​ដើមចម ឬ​មូលហេតុ ដែល​ឈាន​ដល់​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន អាច​សង់​សំណង់​រឹង​មាំ​នៅ​លើ​ដី​រដ្ឋ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​បាន​ហាមឃាត់។ សួររក​ឯកសារ​ពាក់​ព័ន្ធ​នានា​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន ឬ​បុគ្គល​មួយ​ចំនួន​នោះ អាច​មក​បុក​គ្រឹះ​សង់​សំណង់​រឹងមាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​ឆ្នេរ​ឯករាជ្យ លើ​ដី​សាធារណៈ​របស់​រដ្ឋ។ ដូច្នេះ​ដី​សាធារណៈ​របស់​រដ្ឋ​ត្រូវ​តែ​រដ្ឋាភិបាល ដក​ហូត​មក​ទុកជា​សម្បត្តិ​របស់​រដ្ឋ​វិញ មិន​ត្រូវ​ទុក​ឲ្យ​ក្រុមហ៊ុន ឬ​បុគ្គល​មួយ​ចំនួន​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធី ឬ​មាន​សំណង់​រឹងមាំ​សង់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ដាច់​ខាត»

​ឆ្លើយ​តប​ចំពោះ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ អាជ្ញាធរ​ខេត្ត​នេះ​នឹង​ចុះ​អនុវត្ត​សេចក្ដី​សម្រេច ឬ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​សោភណភាព​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដាក់​ជូន​សាធារណជន​ប្រើប្រាស់​ឆ្នេរ​ដូច​ដើម​វិញ។

​លោក​បន្ត​ថា បន្ទាប់​ពី​អាជ្ញាធរ​បាន​រុះរើ ឬ​វាយ​កម្ទេច​ចោល​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ និង​រៀបចំ​ឲ្យ​មាន​របៀបរៀបរយ​ជា​ស្ថាពរ ហើយ​អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ផ្សេងៗ​ទៀត មាន​ដូចជា​ឆ្នេរ​សុខា ឬ​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​អូរត្រេះ​ជាដើម។ លោក យន្ត មីន ស្នើ​ដល់​វិស័យ​ឯកជន និង​អាជ្ញាធរ​គ្រប់​ស្ថាប័ន​ឲ្យ​ចូលរួម​សហការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ផែនការ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ ឲ្យ​មាន​ប្រសិទ្ធភាព។

​លោក យន្ត មីន៖ «តាម​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ របស់​រដ្ឋាភិបាល​បាន​ដាក់​ចេញ គឺ​ចម្ងាយ ៥០​ម៉ែត្រ​ពី​ឆ្នេរ គឺ​យើង​ត្រូវតែ​រៀបរយ ដើម្បី​រៀបចំ​រក្សា​សោភ័ណភាព​ឆ្នេរ​ឲ្យ​បាន​ស្អាត ទុក​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ទុក​ជូន​សាធារណជន​ចូល​ទៅ​កម្សាន្ត។ ដូច្នេះ​ឆ្នេរ​ទាំង​ឡាយ​ត្រូវ​តែ​អភិវឌ្ឍន៍​ឲ្យ​មាន​សោភ័ណភាព ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​លើក​មុខមាត់​ប្រទេស ក៏ដូចជា​ពិភពលោក​ទាំង​មូល ព្រោះ​ជា​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​ពិភពលោក​ផង»

សកម្មភាព​ចុះ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ និង​ត្រៀម​ចុះ​រុះរើ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ ដែល​ក្រុមហ៊ុន ឬ​បុគ្គល​មាន​អំណាច​ហ៊ុមព័ទ្ធ​របង​ថ្ម​របង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍន៍​ជាង ១០​ឆ្នាំ របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន ឬ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ។ ប៉ុន្តែ​ពួកគេ​ថ្លែង​ថា នឹង​រង់​ចាំ​មើល​ចំណាត់​ការ​បន្ត​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​ផែនការ​អភិវឌ្ឍន៍​សមុទ្រ​ប្រទេស​កម្ពុជា តើ​អនុវត្ត​បាន​ស្មើ​ភាព​គ្នា​រវាង​ប្រជាពលរដ្ឋ​សាមញ្ញ អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​បាន​ត្រឹមត្រូវ ឬ​មាន​ប្រសិទ្ធភាព​ត្រឹមត្រូវ​កម្រិត​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។