សហជីព​ស្នើ​កម្មករ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ

ដោយ អ៊ុំ រង្សី
2016.09.29
អាត់ ធន់ ៨៥៥ ២០១៦ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
Photo: RFA

សហជីព​កម្មករ បាន​ស្នើ​ឲ្យ​កម្មករ កម្មការិនី ត្រៀម​លក្ខណៈ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នា​ថ្ងៃ​ឈប់​សម្រាក​នៅ​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ ការ​ស្នើ​សុំ​នេះ បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់ អនុញ្ញាត​ឱ្យ​កម្មករ និយោជិត ឈប់​សម្រាប់​រយៈពេល ៤​ថ្ងៃ អំឡុង​ពេល​ភ្ជុំ​បិណ្ឌ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។

សហភាព​ការងារ​កម្ពុជា ប្រកាស​ដល់​យុវជន​កម្មករ កម្មការិនី ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ឲ្យ​បាន​ទាំង​អស់​គ្នា ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ​នៅ​តាម​ឃុំ​សង្កាត់​រៀងៗ​ខ្លួន។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​អាស៊ីសេរី​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​សម្រេច​ជោគវាសនា​របស់​ប្រទេស​ជាតិ តាម​រយៈ​ការ​ជ្រើសរើស​អ្នក​នាំ​ដែល​ខ្លួន​ពេញ​ចិត្ត។ ហេតុ​នេះ​លោក​ថា ខណៈ​សហគ្រាស​ទាំង​អស់​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត ឈប់​សម្រាក​រយៈពេល ៤​ថ្ងៃ ដោយ​មាន​ប្រាក់​ឈ្នួល​អំឡុង​ពេល​ភ្ជុំ​បិណ្ឌ គឺ​ជា​ពេល​វេលា​ល្អ​សម្រាប់​កម្មករ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីកន្លែង​កំណើត​របស់​ខ្លួន៖ «សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ គឺ​កម្មករ​និយោជិត​ឈប់​បាន ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣០ កញ្ញា ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ហើយ​ដោយសារ​ថ្ងៃ​ទី​៤ គេ​ជំនួស​ទៅ​ដល់​ថ្ងៃ​អាទិត្យ ហើយ​កម្មករ កម្មការិនី​យើង​ឈប់​សម្រាក​ពេល​នេះ គេ​អត់​មាន​កាត់​លុយ​កាត់​អី​ទេ។ ចំណែក​ឯ គ.ជ.ប វិញ​គាត់​បាន​ឆ្លើយ​តប គ.ជ.ប ឈប​តែ​ពី​ថ្ងៃ​ទេ គឺ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​១ តែ​ថ្ងៃ​ទី​២ និង​ទី​៣ គ.ជ.ប បើក​ឲ្យ​កម្មករ​អាច​ចុះ​ឈ្មោះ​បាន ហេតុ​នេះ​វា​គឺ​ជា​ពេល​វេលា​កម្មករ​អាច​ឆ្លៀត​ឱកាស​បាន»

ក្រៅ​ពី​ស្នើ​ឲ្យ​កម្មករ កម្មការិនី ត្រៀម​លក្ខណៈ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នា​ថ្ងៃ​ឈប់​សម្រាក​នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ លោក​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​សម្រួល និង​ការពារ​សន្តិសុខ​ជូន​កម្មករ កម្មការិនី​ក្នុង​ឱកាស​នេះ​ផង​ដែរ។

ក្នុង​ប្រតិទិន​របស់ គ.ជ.ប ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ​មាន​រយៈពេល ៣​ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ ក្នុង​នោះ គ.ជ.ប នឹង​ឈប់​សម្រាក​ផ្អាក​ការ​ចុះ​ឈ្មោះ​នេះ​ចំនួន ២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា និង​ថ្ងៃ​ទី​១ ខែ​តុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។ នៅ​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​កញ្ញា គ.ជ.ប សម្រេច​បើក​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ធម្មតា។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​កម្មករ​នេះ​ដែរ ក្រសួង​ការងារ ក៏​បាន​ប្រកាស​ជូន​ដំណឹង​ឲ្យ​កម្មករ និយោជិត សម្រាក​ពី​ការងារ​ចំនួន ៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦ ដើម្បី​អាច​ជួយ​សម្រួល​ដល់​លទ្ធភាព​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​កម្មករ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក៏​បាន​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំង​អស់ បើក​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន​មុន​ពេល​ភ្ជុំបិណ្ឌ ឬ​ក៏​ឲ្យ​កម្មករ​ខ្ចី​មុន (ប្រាក់​បុរេប្រទាន) យ៉ាង​តិច ៥០​ភាគរយ។

ក្រសួង​ការងារ ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំង​នោះ នឹង​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​កម្មករ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ និង​សហគ្រាស​នានា ងាយ​ស្រួល​សុំ​ច្បាប់​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។

​សំណើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើ​របស់​ក្រុម​សហជីព និង​មាន​របាយការណ៍​បង្ហាញ​ថា កម្មករ កម្មការិនី នៅ​តាម​បណ្ដា​ខេត្ត​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជួប​ការ​លំបាក​មួយ​ចំនួន​នៅ​ពេល​សុំ​ច្បាប់​ទៅ​ចូល​រួម​បោះ​ឆ្នោត។

ប្រតិទិន​ការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​ថា កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​នេះ ក្រុម​សហជីព​ក៏​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​បោះ​ឆ្នោត ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា ព្រោះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១៦ នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​អាណត្តិ​ទី​៤ នៅ​ឆ្នាំ​២០១៧ និង​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។