ប្រធាន​សហជីព​កាស៊ីណូ​មួយ​នៅ​ប៉ោយប៉ែត​ថា​ក្រុមហ៊ុន​បញ្ឈប់​គាត់​ជា​រឿង​អយុត្តិធម៌

ដោយ ហ៊ុំ ចំរើន
2016.11.21
ប៊ុន សុធី ២០១៦ ៨៥៥ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក និង​សេវាកម្ម​កម្ពុជា ប្រចាំ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ប៊ុន សុធី (កាន់​ប៊ិក) ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ប្រចាំ​នៅ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ពី​ការងារ​ទាំង​បង្ខំ ដោយ​ពុំ​មាន​កំហុស។ ការ​បណ្ដេញ​ចេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រូប​គេ​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​នេះ​ប្រមាណ​ជាង ១​ខែ និង​បាន​ចូលរួម​សកម្មភាព​ជាច្រើន​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​នេះ គឺ​ក្រោម​ហេតុផល​មិន​ចង់​ឲ្យ​មាន​តំណាង​សហជីព​នៅ​ក្នុង​កាស៊ីណូ។

មន្ត្រី​សហជីព​ប្រចាំ​នៅ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុង​ប៉ោយប៉ែត ហៅ​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​សំណាក់​ក្រុមហ៊ុន​នេះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​រូប​លោក និង​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។

អតីត​បុគ្គលិក​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ដែល​ទើប​ត្រូវ​បញ្ឈប់​ពី​ការងារ​ថ្មីថ្មោង លោក ប៊ុន សុធី រៀបរាប់​ថា អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ​បាន​ចេញ​លិខិត​បញ្ចប់​កិច្ចសន្យា​ការងារ​លោក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ លោក​អះអាង​ថា កន្លង​ទៅ រូប​លោក គឺ​ជា​មនុស្ស​ស្អាតស្អំ និង​បាន​បំពេញ​ការងារ​នៅ​ក្នុង​កាស៊ីណូ​មួយ​នេះ​រយៈពេល​ជាង ៨​ឆ្នាំ​ហើយ។ លោក​បន្ថែម​ថា អំឡុង​ពេល​បំពេញ​ការងារ​កន្លង​ទៅ លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា នោះ​ឡើយ។ លោក​ថា ក្រុមហ៊ុន​រក​ស៊ី​បើក​បនល្បែង​ដែល​មាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នេះ បណ្ដេញ​លោក​ចេញ​ទាំង​តក់ក្រហល់ និង​គ្មាន​ហេតុផល​ច្បាស់លាស់​នោះ​ទេ៖ «វា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ខ្ញុំ គឺ​ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត និង​ផល​ប្រយោជន៍​រួម​របស់​សហជីព​ផង​ដែរ ព្រោះ​ក្រុមហ៊ុន​បញ្ឈប់​ខ្ញុំ វា​ស្មើ​នឹង​បញ្ឈប់​បុគ្គលិក​រាប់​ពាន់​នាក់​នៅ​ក្នុង​កាស៊ីណូ​អ៊ីចឹង​ដែរ ដែល​ខ្ញុំ​មិន​អាចទទួល​យកបាន​ឡើយ»

លោក ប៊ុន សុធី ត្រូវ​បាន​បុគ្គលិក​រួម​អាជីព​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ប្រចាំ​នៅ​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ ក្រោយ​ពី​ជាប់​ឆ្នោត​ភ្លាម លោក​តែង​ខ្នះខ្នែង​ជួយ​ការងារ​មនុស្សធម៌​ក្នុង​សង្គម​ជាច្រើន មាន​ដូចជា​រៃអង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ខេត្ត​សៀមរាប រៀបចំ​ពង្រឹង​សាមគ្គីភាព​របស់​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ដើម្បី​ប្រឆាំង​នឹង​ការ​គាប​សង្កត់​គ្រប់​រូបភាព​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​នេះ។ បញ្ហា​ទាំងនេះ​ហើយ ទើប​ធ្វើ​ឲ្យ​រូប​លោក​ត្រូវ​បាន​បុគ្គលិក​រួម​អាជីព​ស្រឡាញ់​រាប់​អាន​កាន់​តែ​ច្រើន​ឡើង។

ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី លោក ទេស សាវុទ្ធ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​មិន​អាច​បកស្រាយ​អំពី​មូលហេតុ​នៃ​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​របស់​លោក ប៊ុន សុធី នោះ​បាន​ទេ៖ «ទោះ​បី​ជា​ខ្ញុំ​មិន​បាន​និយាយ​ក៏ដោយ សួរ​ទៅ​លោក សុធី ខ្លួន​ឯង​ក៏​គាត់​បាន​ដឹង​ដែរ ថា​រឿង​នេះថ្នាក់​លើ​បញ្ជា​មក​ខ្ញុំ​ធ្វើ​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​បន្ទាយមានជ័យ លោក ហុង ប្រកប មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​រក​ស៊ី​បើក​បនល្បែង​មួយ​នេះ ធ្វើ​កិច្ចសន្យា​ការងារ​ដល់​បុគ្គលិក​រយៈពេល ៦​ខែ​ម្ដង។ ដូច្នេះ លោក​ថា​ករណី​នេះ​ប្រហែល​ជា​ខាង​ភាគី​ក្រុមហ៊ុន​មិន​ពេញ​ចិត្ត​ទៅ​លើ​បុគ្គលិក​រូប​នោះ ហើយ​ក៏​សម្រេច​ចិត្ត​បញ្ឈប់​ពី​ការងារ​តែ​ម្ដង។ ក្រៅ​អំពី​នេះ លោក​ក៏​អះអាង​ទៀត​ថា លោក ប៊ុន សុធី ក៏​ពុំ​មែន​ជា​មន្ត្រី​សហជីព​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​របស់​មន្ទីរ​ការងារ​នៅ​ឡើយ​ទេ៖ «បើ​ក្លាយ​ទៅ​ជា​សហជីព​បាន លុះត្រា​ណា​តែ​បាន​ចុះ​បញ្ជី​ហើយ តែ​នេះ​គាត់​អត់​ទាន់​បាន​ចុះ​បញ្ជី​ទេ។ អ៊ីចឹង​គាត់​ក៏​មិន​ទាន់​បាន​ទៅ​ជា​សហជីព​ស្រប​ដែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី អះអាង​ថា លោក ប៊ុន សុធី ជា​មន្ត្រី​សហជីព​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​ស្រប​ច្បាប់ ដើម្បី​ការពារ​ផល​ប្រយោជន៍​ការងារ​របស់​និយោជិត​នៅ​ក្នុង​កាស៊ីណូ​នេះ។ លោក​បន្ថែម​ថា ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ​បញ្ឈប់​មន្ត្រី​សហជីព​របស់​ខ្លួន​ពី​ការងារ គឺ​ដោយសារ​មើល​ឃើញ​ថា លោក ប៊ុន សុធី ជា​តំណាង​សហជីព​នៅ​ក្នុង​កាស៊ីណូ​របស់​ខ្លួន ហើយ​ដែល​អាច​ជា​ឆ្អឹង​ទទឹង​ក​ដល់​ការ​គ្រប់គ្រង​គាប​សង្កត់​បុគ្គលិក​នៅ​ថ្ងៃ​ខាង​មុខ៖ «មាត្រ​ទី​៨៣ គេ​បាន​បញ្ជាក់​ច្បាស់​ណាស់​ដែរ អាច​បញ្ឈប់​កម្មករ​បាន លុះត្រា​តែ​មាន​ករណី​ដូចជា ការ​កេង​ប្រវ័ញ្ចក្លែង​បន្លំ គំរាម​កំហែង ធ្វើ​ឲ្យ​ខូច​ផល​ប្រយោជន៍​ក្រុមហ៊ុន ប៉ុន្តែ​វា​អត់​មាន​ករណី​នេះ​ទេអ៊ីចឹង​បើ​ថៅកែ​គាត់​អត់​គោរព​ច្បាប់​ការងារ​នេះ ហើយ​ចេះ​តែ​ប្រើ​ពាក្យ​ថា​ឈប់​ជួលៗ​ទៅ ហើយ​បើ​កាលណា​គាត់​មិន​ពេញ​ចិត្ត គាត់​ឈប់​ជួល​ទៀត​ទៅ បើ​ទោះ​ជាគ្នា​បាន​ធ្វើ ៨​ឆ្នាំ​ទៅ​ហើយ​ក្ដី។ ហើយ​ការ​ធ្វើបែប​នេះ បើ​បង្កើត​សហជីព​ក៏​គ្មាន​ន័យ​អី​ទៀត​ដែរ»

កាល​ពី​ដើម​ខែ​វិច្ឆិកា លោក ប៊ុន សុធី ធ្លាប់​បាន​អាជ្ញាធរ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ហៅ​ទៅ​ព្រមាន​ម្ដង​រួច​មក​ហើយ ដែល​កាលណោះ​រូប​លោក​ដឹកនាំ​យុវជន​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​នេះ។

ក្រោយ​មក​ទៀត រូប​លោក​ក៏​ត្រូវ​បាន​មន្ត្រី​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី ហៅ​ទៅ​សាកសួរ​ក្នុង​បន្ទប់​សម្ងាត់​របស់​កាស៊ីណូ ដោយ​មាន​កម្លាំង​សន្តិសុខ​កាស៊ីណូ​ការពារ​យ៉ាង​តឹងរ៉ឹង ទាំង​ខាង​ក្រៅ​បន្ទប់ និង​ខាង​ក្នុង​បន្ទប់​ចំនួន ២​លើក​មក​ហើយ គឺ​នៅ​ថ្ងៃ​ទី​១៥ មួយ​លើក និង​ចុង​ក្រោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា។ លោក ប៊ុន សុធី អះអាង​ថា ការ​សាកសួរ​ដែល​ប្រើ​រយៈពេល​ប្រហែល​ជាង ៣​ម៉ោង​ក្នុង​មួយ​លើក​កន្លង​មក​នេះ គឺ​មន្ត្រី​ក្រុមហ៊ុន​បាន​និយាយ​គំរោះ​គំរើយ និង​បញ្ចេញ​សំឡេង​ខ្លាំងៗ​លើ​រូប​លោក ដោយ​យក​លេស​ថា​លោក​ជា​មនុស្ស​គួរ​ឲ្យ​សង្ស័យ ដែល​មិន​ស្មោះ​ត្រង់​ជាមួយ​ក្រុមហ៊ុន និង​ព្រួយ​បារម្ភ​ខ្លាច​លោក​ឃុបឃិត​ជាមួយ​ភ្ញៀវ​បោកប្រាស់​លុយ​កាក់​របស់​ក្រុមហ៊ុន ជាដើម ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​សង្ស័យ​នោះ​ឡើយ។

លោក ប៊ុន សុធី ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនោះ​ជួយ​រក​យុត្តិធម៌​ជូន​លោក​ក្នុង​ពេល​ឆាប់ៗ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ដែល​មិន​អាច​ចូល​ធ្វើ​ការ​វិញ​បាន​ទេ ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​កាស៊ីណូ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។