អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ​មិន​ទាន់​ហ៊ាន​បើក​ទ្វារ​តូប​លក់​ដូរ

ដោយ ហ៊ុំ ចំរើន
2016-02-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តូប​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ Photo Provided
តូប​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ Photo Provided
Photo Provided

អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ត​បិទ​ទ្វារ​តូប​នៅ​ឡើយ បើ​ទោះ​ជា​កន្លង​ទៅ ក្រសួង​ការ​បរទេស​ខ្មែរ បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ពួក​គាត់​ដាក់​លក់​ដូរ​វិញ​ក៏ដោយ។ ការ​បិទ​ទ្វារ​តូប​រាប់​ពាន់​តូប​នេះ ដោយសារ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ថៃ ចាប់​យក​ទំនិញ និង​ធ្វើ​ឲ្យ​ខាត​ទុន គ្មាន​ប្រាក់​សង​បំណុល​គេ។

ការ​ព្រួយ​បារម្ភ​របស់​ក្រុម​អាជីវករ​ខ្មែរ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ផ្នែក​កម្មសិទ្ធិ​បញ្ញា​មក​ពី​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ ចុះ​ចាប់​ទំនិញ​ក្នុង​ផ្សារ​នេះ​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ។ អាជ្ញាធរ​ថៃ ចោទ​ប្រកាន់​ថា ទំនិញ​ម៉ាក​យីហោ​ល្បីៗ​ដែល​ក្រុម​អាជីវករ​ខ្មែរ​ដាក់​លក់​នៅ​ផ្សារ​រ៉ុងក្លឿ ទាំង​សម្លៀកបំពាក់ ស្បែក​ជើង មួក និង​គ្រឿង​អេឡិចត្រូនិក ជាដើម ប្រមាណ ៩០​ភាគរយ គឺ​ជា​ប្រភេទ​ទំនិញ​ចម្លង​ម៉ាក​យីហោ ឬ​ហៅ​ថា​ទំនិញ​ក្លែងក្លាយ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អាជីវករ​លើក​ឡើង​ថា ម៉ាក​ទំនិញ​ទាំង​នោះ ពួក​គាត់​បាន​ដាក់​លក់​ជិត ២០​ឆ្នាំ​មក​ហើយ។

ក្រុម​អាជីវករ​ថ្លែង​នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​ផ្សារ​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថា ពួក​គាត់​ពុំ​ហ៊ាន​ដាក់​អីវ៉ាន់​លក់​ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​សមត្ថកិច្ច​ផ្នែក​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ ចុះ​ចាប់​ទំនិញ​ពួក​គាត់​សាជាថ្មី​ទៀត៖ «ខ្ញុំ​មិន​ហ៊ាន​បើក​តូប​លក់​ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ ទេ ព្រោះ​អី​ខ្លាច​សមត្ថកិច្ច​ថៃ គេ​ចាប់​ដាក់​គុក។ អីវ៉ាន់​របស់​លក់​ស្រុក​ថៃ អត់​បាន​ទេ ប៉ុន្តែ​អីវ៉ាន់​ពី​ថៃ នាំ​ចូល​មក​ស្រុក​ខ្មែរ​បាន​ដោយ​សេរី។ បើ​គេ​មិន​ឲ្យ​ពួក​គាត់​ខ្ញុំ​លក់​អីវ៉ាន់​ម៉ាក​ល្បីៗ​ក្នុង​រ៉ុងក្លឿ ទេ ខ្ញុំ​គិត​ថា ផ្សារ​នេះ​នឹង​បិទ​ទ្វារ​ក្នុង​ពេល​ឆាប់ៗ»

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​តូប​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រមាណ ៥០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​លក់​ទំនិញ​របស់​ខ្លួន ក្រៅ​ពី​នោះ បាន​បិទ​ទ្វារ​ដោយ​គ្រាន់​តែ​មាន​ម្ចាស់​តូប​ចូល​ឃ្លាំ​មើល​ខ្លាច​បាត់​អីវ៉ាន់​របស់​ពួក​គាត់​នៅ​ក្នុង​ផ្សារ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា ទំនិញ​ដែល​ក្រុម​អាជីវករ​ខ្មែរ​ដាក់​លក់​នៅ​ផ្សារ​រ៉ុងក្លឿ ភាគ​ច្រើន​នាំ​ចូល​ពី​ក្រៅ​ប្រទេស ដោយ​ឆ្លង​កាត់​តាម​ប្រទេស​កម្ពុជា។ លោក​អះអាង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ថៃ ចុះ​ចាប់​ទំនិញ​ក្នុង​ផ្សារ​រ៉ុងក្លឿ ដោយសារ​ក្រុម​អាជីវករ​លក់​ទំនិញ​ចម្លង​បែប​យីហោ​ទំនិញ​ល្បីៗ​របស់​ថៃ ដូចជា​ខោ​អាវ និង​ស្បែក​ជើង​ម៉ាក​អាឌីដាស (ADIDAS) ជាដើម ដែល​មាន​អាជ្ញាប័ណ្ណ​នាំ​ចូល​លក់​ក្នុង​ប្រទេស​ថៃ ស្រប​ច្បាប់។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​ទំនិញ​ស្រប​ច្បាប់ គឺ​អាជ្ញាធរ​ថៃ មិន​បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់​ក្នុង​ផ្សារ​រ៉ុងក្លឿ នោះ​ទេ៖ «ខាង​អាជ្ញាធរ​ថៃ គេ​បាន​ប្រាប់​មិន​ឲ្យ​យើង​លក់​របស់​ក្លែងក្លាយ​ជាង​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​យើង​មិន​ស្ដាប់​គេ ហើយ​នៅ​តែ​លួច​នាំ​ចូល​ទៅ​លក់»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន មាន​ប្រសាសន៍​ថា ការ​លក់​ដូរ​ទំនិញ​ចម្លង​ម៉ាក​យីហោ ឬ​ហៅ​ថា​ក្លែងក្លាយ គឺ​ជា​អំពើ​ខុស​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ពន្យល់​ថា ការ​លក់​ដូរ​ទំនិញ​ក្លែងក្លាយ​ក្នុង​ទីផ្សារ​នោះ​បាន ដោយសារ​ច្បាប់​គ្រប់គ្រង​ធូរ​រលុង និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ ធ្វើ​យ៉ាង​ណា​សុំ​បើក​ឲ្យ​ខ្មែរ​បាន​លក់​ដូរ​អីវ៉ាន់​ក្នុង​ផ្សារ​រ៉ុងក្លឿ ដូច​ដើម​ឡើង​វិញ​ទៅ»

ក្រោយ​ពី​សមត្ថកិច្ច​ថៃ ចុះ​បង្ក្រាប​ការ​លក់​ដូរ​ដែល​ឈាន​ដល់​ផ្ទុះ​ហិង្សា និង​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​មួយ​ចំនួន​ទៀត​នោះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ដែល​លក់​អីវ៉ាន់​ស្រប​ច្បាប់ ឲ្យ​បើក​តូប​លក់​ដូរ​ឡើង​វិញ​ជា​ធម្មតា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អាជីវករ​មួយ​ចំនួន​ធំ មិន​ហ៊ាន​ដាក់​ទំនិញ​របស់​ខ្លួន​លក់​នៅ​ឡើយ ពីព្រោះ​ទំនិញ​ភាគ​ច្រើន​របស់​ពួក​គាត់ ជា​ទំនិញ​ដែល​សមត្ថកិច្ច​ថៃ ហាមឃាត់។ ការ​ផ្អាក​ការ​លក់​ដូរ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ប្រកប​របរ​របស់​អាជីវករ​ខ្មែរ​នោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​អ្នក​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន​នៅ​ក្រុង​ប៉ោយប៉ែត ផង​ដែរ។

កម្មករ​អូស​រទេះ លោក ឌី ម៉ៅ ថ្លែង​ថា ចាប់​តាំង​ពី​សមត្ថកិច្ច​ថៃ ចុះ​ចាប់​ទំនិញ​អាជីវករ​ខ្មែរ​មក ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ដូច​ពេល​មុនៗ​នោះ​ឡើយ៖ «ដែល​អាច​ថា​ទំនិញ​នោះ​ក្លែងក្លាយ​បាន លុះត្រា​តែ​ក្រុមហ៊ុន​នោះ​គេ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ប្រទេស​ថៃ ហើយ​យើង​លួច​នាំ​ទំនិញ​ក្លែងក្លាយ​ដូច​របស់​គេ នោះ​គឺ​គេ​ប្ដឹង​យើង​ហើយ»

ផ្សារ​រ៉ុងក្លឿ មាន​តូប​លក់​ដូរ​ប្រមាណ ៣.៥០០​តូប ក្នុង​នោះ​តូប​ប្រមាណ ៩០​ភាគរយ​ជា​របស់​អាជីវករ​ខ្មែរ និង ១០​ភាគរយ​ទៀត​របស់​អាជីវករ​ថៃ។

កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ក្នុង​ពេល​សមត្ថកិច្ច​ថៃ ចុះ​ពិនិត្យ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ទីនោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​អាជីវករ​ខ្មែរ និង​សមត្ថកិច្ច​ថៃ ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​ចំនួន ២​រូប។ ពួក​គេ​ត្រូវ​បាន​តុលាការ​ថៃ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ចំនួន ៣​ខែ ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​ខ្មែរ ដើម្បី​ដោះ​លែង​អ្នក​ទាំង ២​នាក់​នៅ​ឡើយ។

ទាហាន​ភូមិ​ភាគ​១ របស់​ថៃ គ្រោង​ជួប​ជាមួយ​ទាហាន​ភូមិ​ភាគ​៥ របស់​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រទេសថៃ គេធ្វើតាមច្បាប់ !
>. បើ ប្រទេសថៃ រដ្ឋគេមិនធ្វើតាមច្បាប់ ស្មានតែគេ គ្រប់គ្រង ប្រជាពលរដ្ឋថៃ ជាង ៧០ លាននាក់ បានស្ងប់ស្រួលល្អ ឬ ?
>. នៅប្រទេសខ្មែរ ប្រជាពលរដ្ឋខ្មែរ តែជាង ១០ លាននាក់សោះ អាញ៉េអាញ៉ៃ អយុត្តិធម៏ គ្រប់កន្លែង ព្រោះតែធ្វើតាមបុគ្គលម្នាក់ ស្រែក !

Feb 18, 2016 09:46 AM

គេហទំព័រ​ទាំងមូល