អាជីវករ​នៅ​ជាយ​ផ្សារ​ក្រុង​សិរីសោភ័ណ​ប្រតិកម្ម​នឹង​ផែនការ​ប្ដូរ​ទីតាំង

ដោយ សួន សុផលមុន្នី
2014.04.07

ក្រុមហ៊ុន​ម៉ៅការ​និង​ក្រុម​អាជីវករ​ជាង ៤០០​នាក់ ជា​អ្នក​លក់ដូរ​លើ​កំណាត់​ផ្លូវ​បេតុង​​នៅ​ជាប់​ជាយ​ផ្សារ​ក្រុង​សិរីសោភ័ណ ប្រតិកម្ម​ជំទាស់​ទៅ​នឹង​ផែន​ការ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ។

អាជ្ញាធរ​ខេត្ត​​មាន​គម្រោង​រៀបចំ​ដោះដូរ​ពួក​គាត់​ឲ្យ​ទៅ​បោះ​ទីតាំង​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ឯកជន​ចំនួន​ពីរ​ផ្សេង​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ឡើង​ក្រោម​ហេតុផល​រៀបចំ​សណ្ដាប់ធ្នាប់​និង​សោភ័ណភាព​អនាម័យ​​ក្នុង​ក្រុង។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​កំណត់​ឲ្យ​ក្រុម​អាជីវករ​ជាង ៤០០​នាក់ ជា​អ្នក​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​បេតុង​មួយ​ខ្សែ ​ជាប់​ផ្សារ​ក្រុង​សិរីសោភ័ណ​ ត្រូវ​ប្ដូរ​ទី​តាំង​ទៅ​លក់ដូរ​នៅ​ផ្សារ​ឯកជន​ចំនួន​ពីរ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤។

ការ​កំណត់​ឱសានវាទ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៤ ​ដោយ​មាន​ការ​ចូល​រួម​ពី​​ថ្នាក់​ដឹក​នាំ​ខេត្ត ​និង​តំណាង​ក្រុមហ៊ុន​ម៉ៅការ​ផ្សារ​សិរីសោភ័ណ។ អាជីវករ​ទាំង​នោះ​នឹង​ត្រូវ​ប្ដូរ​ទីតាំង​ទៅ​លក់ដូរ​ដោយ​ឥត​គិត​ថ្លៃ​តូប​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៅ​ផ្សារ​ហ៊ុយឡេង និង​ផ្សារ​រាត្រី។

ក្រុម​អាជីវករ​និង​ក្រុមហ៊ុន​ម៉ៅការ​នៅ​ផ្សារ​សិរីសោភ័ណ ប្រឆាំង​ជំទាស់​ទៅ​នឹង​ផែន​ការ​នេះ។

អាជីវករ​ឈ្មោះ ​ជុង សុធា ថ្លែង​ថា ​ក្រុម​អាជីវករ​ជា​អ្នក​លក់ដូរ​នៅ​លើ​ចិញ្ចឹម​ផ្លូវ​បេតុង ជាប់​ផ្សារ​សិរីសោភ័ណ​នោះ​ មិន​ចាក​ចេញ​ទៅ​ទីតាំង​​ថ្មី​នោះ​ទេ ​ហើយ​ពួកគេ​ទាមទារ​បន្ត​លក់ដូរ​នៅ​កន្លែង​ចាស់​រហូត​ដល់​អាណត្តិ​នៅ​ឆ្នាំ​២០១៧៖ «ដាច់​អាណត្តិ​ ក្នុង​គោលការណ៍​របស់​សម្ដេច​ គាត់​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ឲ្យ​រដ្ឋ អោយ​រដ្ឋ​កែ​លំអ​លក់​បន្ត​ទៀត ដល់​ពេល​ឥឡូវ ចៅហ្វាយ​ខេត្ត​ឡើង​មក​មួយ ​ដេញ​ម្ដង យើង​ទៅ​តវ៉ា​ទៅ គាត់​យល់​ព្រម​ ហើយ​ពេល​ចៅហ្វាយ​ខេត្ត​ឡើង​មក​ថ្មី គាត់​ដេញ​ម្ដង​ទៀត ហើយ​ខ្ញុំ​អត់​មាន​ចង់​បាន​អី​ទេ សំខាន់​ខ្ញុំ​ចង់​លក់​នៅ​កន្លែង​ដដែល​រហូត​ដល់​ដាច់​អាណត្តិ​ផ្សារ​នេះ»

ប្រធាន​ផ្សារ​សិរីសោភ័ណ​ លោក ស៊ឹម ហុង ថ្លែង​ថា ​ក្រុម​អាជីវករ​ប្រមាណ ៤០០​នាក់​ បាន​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​បេតុង​ជាប់​ផ្សារ​សិរីសោភ័ណ​ ១​ភាគ​៣​​ដើម្បី​លក់ដូរ។ ផ្លូវ​នោះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្រុមហ៊ុន​ថូម៉ាក់ ដែល​បាន​វិនិយោគ​ចាក់​បេតុង​សម្រាប់​លក់​ដូរ។ កាល​ពី​មុន​ឆ្នាំ​២០១០ ផ្លូវ​នៅ​ជាប់​ផ្សារ​នោះ​ មាន​ភក់ជ្រាំ​ តែ​ក្រោយ​មក​អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុង អឿន មើល​ឃើញ​ថា ផ្លូវ​នោះ​ខ្លះ​មាន​អនាម័យ ក៏​សម្រេច​ចិត្ត​រក​ដៃគូ​វិនិយោគ​ចាក់​បេតុង​ឲ្យ​អាជីវករ​លក់​ដូរ។

លោក ស៊ឹម ហុង៖ «ក្រោយ​ពេល​សាងសង់​ហើយ អ្នកស្រី នួន សុភាន់ គាត់​មក​បើក​ឲ្យ​ក្រុម​អាជីវករ​លក់ ១​ភាគ​៣​នៃ​ផ្លូវ​ ហើយ​និង​ចៅហ្វាយ​ក្រុង​ លោក អ៊ុំ រាត្រី ​មាន​វត្តមាន​ក្នុង​ហ្នឹង​ មាន​ខាង​ស្នងការ មាន​ខាង​រាជអាវុធ​ខេត្ត​អី​ហ្នឹង​គេ​មក​ប្រកាស​ឲ្យ​អាជីវករ​លក់ បន្ទាប់​មក​លក់​មិន​ទាន់​បាន ​ប៉ុន្មាន​ផង ខាង​សាលា​ខេត្ត​ ដេញ​អាជីវករ​ហ្នឹង​ ខាង​អាជ្ញាធរ​សហការ​គ្នា​លក់​ផ្សារ​មេឃ ខាង​ក្នុង​ចេញ​ជា​ការ៉ូ​ចេញ​ជា​ស្តង់​អស់​ហើយ អ៊ីចឹង​អាជីវករ​អត់​មាន​កន្លែង​លក់​មក គាត់​មក​លក់​ខាង​ក្រៅ»

តំណាង​ក្រុមហ៊ុន​ថូម៉ាក់ លោក ចក់ សារុំ ថ្លែង​ថា ​ការ​តម្រូវ​ឲ្យ​ក្រុម​អាជីវករ​ដូរ​កន្លែង​ទៅ​លក់​នៅ​ផ្សារ​ឯកជន​ពីរ​ផ្សេង​ទៀត​ បាន​ធ្វើ​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​ថូម៉ាក់ បាន​ចុះ​កុង​ត្រា​វិនិយោគ​នៅ​ផ្សារ​សិរីសោភ័ណ​ ក្នុង​រយៈ​ពេល ១៨​ឆ្នាំ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ។ កុង​ត្រា​នោះ​មាន​សុពល​ភាព​ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៨។

លោក ចក់ សារុំ៖ «ខាង​ខ្ញុំ​តំណាង​ឲ្យ​ក្រុម​ហ៊ុន​មិន​ប្រឆាំង​ទេ​ការងារ​របស់​រដ្ឋ​អំណាច​ដែល​កំពុង​រៀបចំ​ហ្នឹង តែ​គ្រាន់​ថា ពេល​ដែល​ក្រុម​ហ៊ុន​វិនិយោគ​លើ​កំណាត់​ផ្លូវ​បេតុង​នេះ​ លក់​បាន​ខ្លះ​ហើយ មក​ឥឡូវ​នេះ​ម៉េច​បាន​ប្រែប្រួល​ឈប់​ឲ្យ​លក់? តើ​ខ្ញុំ​បាន​លុយ​ពី​ណា​បង់​ចំណូល​ចូល​រដ្ឋ? ក្រុមហ៊ុន​ខ្ញុំ​ត្រូវ​ខាត​ទាំង​ស្រុង​បើ​សិន​ជា​ចៅហ្វាយ​ខេត្ត​ឡើង​មួយ​មក​លុប​ចោល អ៊ីចឹង​តើ​ក្រុមហ៊ុន​ហ៊ាន​ចូក​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​ទៀត?»

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​ លោក គោ ស៊ុំសារឿត ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា គោល​បំណង​សំខាន់​គឺ​អាជ្ញាធរ​ខេត្ត​មាន​គោល​ដៅ​កែ​លំអ​សោភ័ណភាព​សណ្ដាប់​ធ្នាប់​អនាម័យ​ និង​កន្លែង​ចំណត​រថយន្ត។ ក្រុម​អាជីវករ​លក់​ដូរ​នៅ​លើ​ចិញ្ចឹម​ផ្លូវ​ជាប់​ផ្សារ​សិរីសោភ័ណ​ទាំង​អស់​ នឹង​ត្រូវ​យក​ទៅ​ដាក់​ឲ្យ​លក់​ដូរ​នៅ​តាម​តូប និង​ស្តង់​លក់ដូរ​នៃ​ផ្សារ ហ៊ុយ​ឡេង ​និង​ផ្សារ​រាត្រី។ អាជីវករ​ទាំង​អស់​ នឹង​ទទួល​បាន​តូប​ និង​ស្តង់​លក់ដូរ​ ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈពេល​ពេញ ១​ឆ្នាំ​ ទាំង​ថ្លៃ​តូប ថ្លៃ​ភ្លើង និង​ភាស៊ី នឹង​មិន​ត្រូវ​បង់​ថ្លៃ​ទាំង​អស់។

លោក​បន្ត​ថា គោលការណ៍​កែលំអ​របស់​ខេត្ត​នេះ​ ពុំ​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ថូម៉ាក់​នោះ​ឡើយ៖ «កុងត្រា​អត់​ប៉ះ​ទេ ផ្សារ​នោះ​មែន​ទែន​កុងត្រា​របស់​គាត់​គាត់​ធ្វើ ៧​ឆ្នាំ ឆ្នាំ​២០១៧ ត្រូវ​ចប់​ហើយ​ម្ចាស់​ផ្សារ​ដែល​វិនិយោគ​ហ្នឹង ​គាត់​មាន​ភារៈ​យក​តែ​ភាស៊ី​ខាង​ក្នុង​ទេ ដោយសារ​ឈ្នួល​តូប​​មួយ​ចំនួន​គាត់​លក់​អស់​ហើយ​ ត្រូវ​ដាច់​កិច្ចសន្យា​ឆ្នាំ​២០១៧ ហ្នឹង ត្រូវ​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ខេត្ត»

លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មាន​គម្រោង​វិនិយោគ​ផ្សារ​សិរីសោភ័ណ​នោះ សា​ជា​ថ្មី​ ដែល​អគារ​កម្ពស់​បី​ជាន់​នៅ​លើ​ទី​តាំង​ចាស់​ដដែល​អោយ​បាន​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​​ ប៉ុន្តែ​ការងារ​នេះ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០១៧ ទើប​ផុត​កំណត់​កុងត្រា​ជាមួយ​ក្រុមហ៊ុន។ ​បច្ចុប្បន្ន​ការងារ​សំខាន់​ចំពោះ​មុខ​គឺ​អាជ្ញាធរ​​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​សិរីសោភ័ណ​ ដើម្បី​កែលំអ​សោភ័ណ​ភាព​ អោយ​បាន​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។