វៀតណាម​បិទ​ច្រក​ព្រំដែន​មួយ​នៅ​មណ្ឌលគិរី​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ផ្លាស់ប្ដូរ​ទំនិញ

ដោយ រដ្ឋា វិសាល
2017-04-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

តម្រួត​ព្រំដែន​វៀតណាម​បាន​បិទ​ច្រក​របៀង​ព្រំដែន​នៅ​ចំណុច​ប៉ុស្តិ៍​អូរស្វាយ ឬ​ប៉ុស្តិ៍​លេខ​៨ ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មិន​ឲ្យ​ប្រជាពលរដ្ឋ​រដ្ឋ​ខ្មែរ រស់នៅ​តំបន់​ជិត​ច្រក​ទ្វារ​នោះ​ចេញ​ចូល ទិញ​ដូរ​ទំនិញ​ដូច​ធម្មតា​នោះ​ទេ។ ប្រជាពលរដ្ឋ​រស់​នៅ​ជិត​តំបន់​នោះ​អះអាង​ថា កំពុង​ជួប​ការ​លំបាក ដោយសារ​គ្មាន​ទីផ្សារ​ផ្លាស់ប្ដូរ​ផល​កសិកម្ម និង​ស្បៀងអាហារ​ប្រចាំថ្ងៃ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរស្វាយ ក្នុង​ខេត្ត​មណ្ឌលគិរី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សម្រប​សម្រួល ជាមួយ​ភាគី​វៀតណាម បើក​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​នោះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ចេញចូល​ទិញ​លក់​ផលិតផល និង​គ្រឿង​អាហារ​បរិភោគ​ជាមួយ​ភាគី​វៀតណាម​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កន្លងទៅ។

ការ​បិទ​ច្រក​ព្រំដែន​នេះ​ធ្វើឡើង​នៅ​គ្រា​ដែល​អាជ្ញាធរ​វៀតណាម កាលពី​ខែ​មីនា បាន​ហាមឃាត់​មិន​ឲ្យ​ភាគី​កម្ពុជា​ឈូស​ឆាយ​ធ្វើ​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន ចាប់ពី​ចំណុច​អូរស្វាយ​ទៅ​ទល់នឹង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដាក់ដាំ ដែល​ជា​តំបន់​ប្រទាញប្រទង់​មិនទាន់​បោះ​បង្គោល​ព្រំដែន។

តំណាង​ប្រជាពលរដ្ឋ​លោក សាលី បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា​ពួកគាត់​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​បិទ​ច្រក​របៀង​នោះ​ទេ ក៏​ប៉ុន្តែ​ការ​បិទ​ច្រក​របៀង​នេះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​អ្នក​ភូមិ ដែល​ត្រូវការ​ទីផ្សារ​ទិញ​លក់ទំនិញ។ លោក​បន្ត​ថា​នៅ​តំបន់​នោះ​ឆ្ងាយ​ពី​ទីផ្សារ​ក្នុង​ខេត្ត និង​មិន​មាន​ផ្លូវ​ធ្វើដំណើរ​ងាយស្រួល​នោះ​ឡើយ ហេតុនេះ​ការ​បើក​ច្រក​របៀង​ព្រំដែន​នៅ​តំបន់​នោះ​បង្ក​ភាព​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​ទិញ​គ្រឿង​បរិភោគ​ប្រចាំថ្ងៃ​ពី​ផ្សារ​វៀតណាម​នៅ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ខ្សែក្រវាត់​ព្រំដែន៖ «ប្រជាពលរដ្ឋ​រាល់ថ្ងៃ​កំពុង​លំបាក​ទិញ​អង្ករ​ទិញ​ស្អី​វៀតណាម​អត់​ឲ្យ​ចូល​បើក​ផ្សារ​នៅ​ព្រំដែន​ងាយស្រួល​ប្រជាពលរដ្ឋ»

តំបន់​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរស្វាយ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជនជាតិ​ចាម​ចំណាកស្រុក​ជិត​២រយ​គ្រួសារ តាំង​លំនៅ​បង្កើត​ជា​ភូមិ​ថ្មី​នៅ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ ពី​ផ្សារ​ក្រុង​សែន​មនោ​រម្យ។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ឈូស​ឆាយ​អភិវឌ្ឍន៍​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ។

អភិបាល​ស្រុក​អូររាំង លោក ឆេង ទន់ណារី បដិសេធ​ថា ការ​បិទ​ច្រក​របៀង​ព្រំដែន​នៅ​ប៉ុស្តិ៍​អូរ​ស្វាយ​មិន​ទាក់ទិន​ទំនាស់​ការអភិវឌ្ឍន៍​ផ្លូវ​នោះ​ទេ។ ជា​គោលការណ៍​ក្រសួងមហាផ្ទៃ​ហាម​មិន​ឲ្យ​បើក​ច្រក​របៀង​ព្រំដែន​ទើប​វៀតណាម​បិទ​ច្រក​នោះ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល៖ «អា​ហ្នឹង​ច្រក​របៀង​ច្រក​ខុសច្បាប់​ចេញចូល​ម៉េច​បាន ច្រក​ទ្វេ​ភាគី​មាន​តើ»

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​និង​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​លោក សុខ សេរ៉ា បញ្ជាក់​ថា ភាគី​វៀតណាម​បាន​ស្នើ​សុំ​បើក​ច្រក​របៀង​ប្រមាណ​ពីរ​ទៅ​បី​កន្លែង​នៅ​តាម​ខ្សែក្រវាត់​ព្រំដែន​ខេត្ត​មណ្ឌលគិរី ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ​មិន​យល់ព្រម​ទើប​វៀតណាម​បិត​ច្រក​របៀង​ចំណុច​អូរស្វាយ។ លោក​ថា អាជ្ញាធរ​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​ផ្សារ រួមគ្នា​ជាមួយ​ភាគី​វៀតណាម​នៅ​ជិត​ច្រក​ព្រំដែន​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ផ្លាស់ប្ដូរ​ទំនិញ​ជាមួយ​ប្រជាជន​វៀតណាម​បាន​ងាយស្រួល៖ «ខាង​វៀតណាម​បើ​ថា មិន​ឲ្យ​ចេញចូល​ឲ្យ​ប្រជាពលរដ្ឋ​ដោះដូរ​ទំនិញ​នៅ​មាត់ច្រក​ហ្នឹង​ទៅ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​ឈូស​ឆាយ​ផ្លូវ តាម​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​វៀតណាម​ឲ្យ​បាន​រួចរាល់ សម្រាប់​រយៈពេល​១​រយ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ ដោយឡែក​នៅ​ខេត្ត​មណ្ឌលគិរី អាជ្ញាធរ​មិន​មាន​តួលេខ​ច្បាស់លាស់​ពី​លទ្ធផល​នៃ​ការ​ឈូស​ឆាយ​ផ្លូវ​នេះ​នៅឡើយ​រហូត​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល