មន្ត្រី​ធនាគារ​ភូមិ​សាខា​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​អ្នក​ចង់​ខ្ចី​ប្រាក់

ដោយ រដ្ឋា វិសាល
2015.03.18

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចងរ៉ា ឃុំ​ប៉ាតាង ស្រុក​លំផាត់ ចោទ​ប្រធាន​សាខា​មីក្រូហិរញ្ញវត្ថុ​ឯកជន​ឈ្មោះ​ធនាគារ​ភូមិ ប្រចាំ​ខេត្ត​រតនគិរី ថា​មាន​ចេតនា​មិន​ល្អ​ធ្វើ​ឲ្យ​ខាត​បង់​ពេលវេលា និង​ប្រាក់​កាស​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​នេះ។

ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​មន្ត្រី​ធនាគារ​ភូមិ​សាខា​ខេត្ត​រតនគិរី បាន​លុប​ចោល​គម្រោង​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ​ឲ្យ​ពលរដ្ឋ​ម្នាក់ ខណៈ​មន្ត្រី​ស្ថាប័ន​មួយ​នេះ​បាន​តម្រូវ​ឲ្យ​អ្នក​ខ្ចី​ប្រាក់ បំពេញ​បែបបទ​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ខ្ចី​ប្រាក់​រួច​រាល់។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចងរ៉ា លោក អ៊ូ សល់ មាន​ប្រសាសន៍​ថា នេះ​ជា​ភាព​មិន​ត្រឹមត្រូវ ពីព្រោះ​មន្ត្រី​ស្ថាប័ន​នេះ​បាន​វិនិច្ឆ័យ​លក្ខណៈ​សម្បត្តិ​អ្នក​ខ្ចី​ប្រាក់​រួច​ហើយ ទើប​យល់ព្រម​ឲ្យ​លោក​រត់​ការ​បំពេញ​បែបបទ​តាម​តម្រូវ​ការ និង​លក្ខខណ្ឌ​របស់​ស្ថាប័ន​ក្នុង​ការ​ខ្ចី​ប្រាក់។ លោក​បន្ត​ថា មន្ត្រី​ធនាគារ​ភូមិ បាន​ទទួល​យក​ឯកសារ​លក្ខខណ្ឌ​ខ្ចី​ប្រាក់​ពី​ធនាគារ រួម​ទាំង​បាន​សន្យា​ផ្តល់​ប្រាក់​កម្ចី បន្ទាប់​ពី​បាន​ទទួល​ឯកសារ​ពាក់ព័ន្ធ​ខ្ចី​ប្រាក់ ក៏ប៉ុន្តែ​មន្ត្រី​ធនាគារ​អូស​បន្លាយ​ពេល​ជិត​មួយ​ខែ និង​បង្ហាញ​ការ​ខឹង​សម្បារ រួម​ទាំង​បញ្ឈប់​គម្រោង​ផ្តល់​ប្រាក់​កម្ចី​វិញ បន្ទាប់​ពី​លោក​ទាមទារ​ឲ្យ​មន្ត្រី​ធនាគារ​ប្រគល់​ប្រាក់​កម្ចី​តាម​លក្ខខណ្ឌ​ដែល​បាន​បំពេញ​រួច​រាល់៖ «ខ្ញុំ​រត់​ការ​អស់​ហើយ គាត់​ថា​ចាំ​ចុះ​មក​យក​ឯកសារ​នៅ​ផ្ទះ​ខ្ញុំ ហើយ​ប្រគល់​លុយ​នៅ​ផ្ទះ។ ចេះ​តែ​ទូរស័ព្ទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃៗ ខាត​ពេល​ខ្ញុំ​ចាំ​អស់​ជាង​មួយ​ខែ ហើយ​គាត់​ថា​លេង​ឲ្យ​វិញ»

ធនាគារ​ភូមិ​សាខា​ខេត្ត​រតនគិរី ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពលរដ្ឋ មាន​ទីតាំង​នៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង។

ប្រធាន​សាខា​ធនាគារ​ភូមិ ខេត្ត​រតនគិរី លោក រិន ទិត ទទួល​ស្គាល់​ថា ស្ថាប័ន​នេះ​ពិត​ជា​លុប​ចោល​គម្រោង​ខ្ចី​ប្រាក់​របស់ លោក អ៊ូ សល់ មែន ដោយសារ​តែ លោក អ៊ូ សល់ មិន​មាន​ទីលំនៅ​ច្បាស់លាស់ មិន​មាន​ទ្រព្យ​សម្បត្តិ​ធានា​គ្រប់គ្រាន់ និង​មាន​ចរិត​ឆេវឆាវ ទើប​មន្ត្រី​ធនាគារ​ស្នាក់ការ​កណ្ដាល​បដិសេធ​មិន​ផ្តល់​ប្រាក់​កម្ចី។ លោក​ទទួល​ស្គាល់​ថា នេះ​ជា​កំហុស​ផ្នែក​ខ្លះ​របស់​បុគ្គលិក​ស្ថាប័ន​នេះ ហេតុ​នេះ​ទើប​ធនាគារ​ភូមិ​យល់ព្រម​សង​ការ​ខូចខាត​ខ្លះ​នៃ​ការ​ចំណាយ​ជូន លោក អ៊ូ សល់ ប៉ុន្តែ​លោក​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ៖ «ការ​មិន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​មិន​បាន គឺ​អាស្រ័យ​លើ​ថ្នាក់​គ្រប់គ្រង។ ខ្ញុំ​ទទួល​ស្គាល់​ថា ខាង​ខ្ញុំ​ខក​ការ​សន្យា​ជាមួយ​គាត់​ទាំង​អ្នក​គ្រប់គ្រង ក៏​ទទួល​ខុស​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​រឿង​ហ្នឹង ប៉ុន្តែ​ខ្ញុំ​បាន​សុំ​ការ​អធ្យាស្រ័យ​ពី​អតិថិជន​ហើយ ប៉ុន្តែ​គាត់​មិន​សុខ​ចិត្ត»

នៅ​ខេត្ត​រតនគិរី បច្ចុប្បន្ន​មាន​ធនាគារ​ស្ថាប័ន​មីក្រូសេដ្ឋកិច្ច និង​អង្គភាព​ប្រតិបត្តិ​ការ​ផ្តល់​ប្រាក់​កម្ចី​ឯកជន​ប្រមាណ​ជាង ១០​ស្ថាប័ន។

ទាក់ទិន​ករណី​នេះ​ដែរ ប្រតិបត្តិករ​អង្គភាព​ផ្តល់​កម្ចី​ខ្នាត​តួច​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ រិះគន់​ចំណាត់​ការ​របស់​មន្ត្រី​ធនាគារ​ភូមិ ថា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ឬ​មិន​ទទួល​ខុស​ត្រូវ​លើ​ប្រតិបត្តិការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ពលរដ្ឋ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​ពិត​ជា​រង​ការ​ខូចខាត ដោយសារ​តែ​ការ​មិន​ទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​អ្នក​ខ្ចី​ប្រាក់ មុន​នឹង​សម្រេច​ឲ្យ​អ្នក​ខ្ចី​ប្រាក់​រត់​ការ​បំពេញ​បែបបទ ដែល​ត្រូវ​ចំណាយ​ប្រាក់​មួយ​ផ្នែក​លើ​សេវា​ធ្វើ​ដំណើរ និង​សេវា​ចុះ​ហត្ថលេខា​របស់​មន្ត្រី​មូលដ្ឋាន៖ «និយាយ​រួម ឲ្យ​តែ​ឲ្យ​គេ​បញ្ជាក់​អស់​ហើយ ដឹង​តែ​ឲ្យ​ហើយ។ អ្នក​ឯង​ត្រូវ​តែ​ស៊ើប​អង្កេត អ្នក​ឯង​វាយ​តម្លៃ​ឲ្យ​អស់។ ជំហាន​គេ​ធ្វើ​ឲ្យ​យើង​អស់​ហើយ មិន​បាច់​ស៊ើប​អង្កេត​ស្អី​ទៀត​ទេ វា​ហួស​ពេល​ហើយ។ ឡាន​ក្រុង​គេ​ដឹង​តែ​យក​លុយ គាត់​ជា​អ្នក​ជិះ​អតិថិជន​ជា​ឡាន​ក្រុង​អ៊ីចឹង»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ទង្វើ​មន្ត្រី​ធនាគារ​ភូមិ ថា​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​ពី​អតិថិជន។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ស្វែងរក​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ណា​អាច​ទុក​ចិត្ត​បាន និង​យក​អត្រា​ការ​ប្រាក់​ទាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។