ពលរដ្ឋនៅឃុំស្រែណូយខេត្តសៀមរាបបារម្ភពីអំពើចោរកម្មលួចម៉ូតូ
2014.09.30
ប្រជាពលរដ្ឋខ្លះនៅឃុំស្រែណូយ ស្រុកវ៉ារិន ចម្ងាយ ៧០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប កំពុងព្រួយបារម្ភទៅលើអំពើចោរកម្មលួចម៉ូតូ ដែលកើតមានបន្តបន្ទាប់នៅតំបន់ពួកគេ ចាប់តាំងពីមុនរហូតមកដល់រដូវភ្ជុំបិណ្ឌ។
បញ្ហានេះ គេទាមទារឱ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវពង្រឹងផែនការសន្តិសុខរបស់ភូមិឃុំមានសុវត្ថិភាពថែមទៀត ដើម្បីទប់ស្កាត់ភាពអសន្តិសុខ។
មន្ត្រីក្រុមប្រឹក្សាស្រុកវ៉ារិន កំពុងជំរុញឱ្យអាជ្ញាធរស្រុក និងកម្លាំងសន្តិសុខ បំបាត់សកម្មភាពចោរលួចម៉ូតូ ដែលកើតមានរយៈពេលប្រមាណពីរខែមកនេះ។
សមាជិកក្រុមប្រឹក្សាស្រុកវ៉ារិន ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺលោក តុន ឈួប។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ថា អ្នកភូមិមួយចំនួនកំពុងព្រួយបារម្ភ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ នៅពេលដែលមានក្រុមចោរលួចយកម៉ូតូជាបន្តបន្ទាប់។
សមាជិកក្រុមប្រឹក្សាស្រុកដដែលបញ្ជាក់ថា តាមលោកកត់សម្គាល់ ចាប់តាំងពីអំឡុងខែសីហា រហូតមកដល់ខែកញ្ញា គឺមានម៉ូតូរបស់ប្រជាពលរដ្ឋចំនួន ៤គ្រឿងហើយ ត្រូវក្រុមចោរលួចយកទៅបាត់៖ «បាត់ម៉ូតូច្រើនតែនៅឃុំស្រែណូយ នេះ ចោរលួចម៉ូតូញឹកញាប់ណាស់ មើលទៅ។ ម្សិលមិញបាត់អស់១គ្រឿង កាលពីមុនភ្ជុំបាត់នៅវត្ត ដែលឪពុកវាយកូននោះ ១គ្រឿង ហើយនៅទីផ្សារស្រែណូយ គិតសរុបទៅក្នុងខែ៨-៩ នៅនឹងផ្សារ វាចូល ៣គ្រឿងហើយ។ នៅនឹងវត្ត១គ្រឿងទៀតចាប់ពីបោះបាយបិណ្ឌភ្ជុំបិណ្ឌមក»។
កាលពីសប្ដាហ៍មុន សិស្សសាលាស្រីម្នាក់នៅឃុំស្រែណូយ បានបង្ខំចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន បន្ទាប់ពីជិះម៉ូតូទៅវត្តស្រែណូយ ត្រូវចោរលួចបាត់ លុះវិលត្រឡប់ទៅដល់ផ្ទះវិញ ត្រូវឪពុកខឹងសម្បា និងវាយដុំរាងកាយថែមទៀតមក។
ទោះយ៉ាងណា ក្រុមសមត្ថកិច្ចអះអាងថា បញ្ហាសន្តិសុខនៅឃុំស្រែណូយ ទាំងមូល ហាក់មិនទាន់មានអ្វីគួរឱ្យព្រួយបារម្ភទេ។
មេប៉ុស្តិ៍នគរបាលឃុំស្រែណូយ លោក នី សាវុន ទទួលស្គាល់ថា ក្នុងរយៈពេល ៩ខែឆ្នាំ២០១៤ នេះ គឺមានបាត់ម៉ូតូទើបតែ ៣ករណីប៉ុណ្ណោះ។ ទោះយ៉ាងណា មេប៉ុស្តិ៍នគរបាលដដែលបញ្ជាក់ថា អំពើលួចម៉ូតូប្រហែលបណ្ដាលមកពីមានជនចំណាកស្រុកពីតំបន់ផ្សេងៗ ចូលទៅស្នាក់នៅឃុំស្រែណូយ កាន់តែច្រើនឡើងៗ។
ចំណែកអធិការនគរបាលស្រុកវ៉ារិន លោក ណុប សារ៉ាក់ មានប្រសាសន៍ថា កម្លាំងប៉ូលិសរបស់លោកកំពុងប្រឹងប្រែងការពារសន្តិសុខឱ្យប្រជាពលរដ្ឋ ក៏ប៉ុន្តែភាពអសន្តិសុខនៅតែកើតឡើងកន្លែងខ្លះ ពីព្រោះតែប៉ូលិសប៉ុស្តិ៍មានកម្លាំងមិនគ្រប់គ្រាន់៖ «កម្លាំងប៉ូលិសយើងតិចតួចមែន ក្នុង១ប៉ុស្តិ៍មានតែ ៧-៩នាក់ អ៊ីចឹងភូមិសាស្ត្រនៅស្រែណូយ វាធំផង។ ចំពោះភូមិឃុំមានសុវត្ថិភាព គឺយើងបានណែនាំអប់រំប្រជាពលរដ្ឋឱ្យគាត់បានចូលរួមកិច្ចការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ទី២ ចូលរួមរាយការណ៍អំពីអត្តសញ្ញាណជនសង្ស័យ ឬក៏ជនប្លែកមុខនៅក្នុងមូលដ្ឋានរបស់យើង។ ហើយទី៣ គឺយើងសុំឱ្យគាត់ចូលរួម យប់ឡើងមានកម្លាំងប្រជាការពារភូមិ»។
ទីប្រជុំជនឃុំស្រែណូយ បច្ចុប្បន្នកាន់តែរីកធំទៅៗ ដោយសារតែស្ថិតនៅជាប់ដងផ្លូវជាតិហៃវេយ៍ (High Way) ដ៏សំខាន់ ចេញពីព្រំដែនខ្មែរថៃ នៃច្រកជាំសាង៉ាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលមកទីក្រុងសៀមរាប និងភ្ជាប់ទៅខេត្តមួយចំនួនទៀត ដូចជា ខេត្តកំពង់ធំ កំពង់ចាម និងទីក្រុងភ្នំពេញ ជាដើម។
ដោយសារទីប្រជុំជនស្រែណូយ កាន់តែមានមនុស្សចូលទៅរស់នៅច្រើនឡើងៗ អាជ្ញាធរស្រុកវ៉ារិន និងអធិការនគរបាល មានគម្រោងរៀបចំសណ្ដាប់ធ្នាប់នៅទីផ្សារឱ្យមានចំណតរថយន្ត ព្រមទាំងរៀបចំឱ្យមានកន្លែងផ្ញើម៉ូតូត្រឹមត្រូវ ដើម្បីការពារសកម្មភាពចោរលួចម៉ូតូ នៅពេលដែលម្ចាស់ចូលផ្សារទិញឥវ៉ាន់ ជាដើម៕