ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ថា​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​យក​តម្លៃ​សេវា​ត​ភ្លើង​ថ្លៃ

ដោយ ហ៊ុំ ចំរើន
2014.04.09

ប្រជាពលរដ្ឋ​នៅ​ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រិះគន់​ក្រុមហ៊ុន​បណ្ដាញ​អគ្គិសនី​ឯកជន​ស្រុក​នេះ​ថា យក​តម្លៃ​សេវា​ត​ភ្លើង​ក្រៅ​ផ្លូវ​ការ​បន្ថែម ៥​ម៉ឺន​រៀល​ពី​ប្រជាពលរដ្ឋ​ណា​ដែល​ភ្ជាប់​បណ្ដាញ​អគ្គិសនី។ ប្រសិន​បើ​អតិថិជន​ណា​រឹងរូស​មិន​ព្រម​បង់​ថ្លៃ​សេវា​បន្ថែម​តាម​ការ​ទាមទារ​ទេ ក្រុមហ៊ុន​នឹង​មិន​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឲ្យ​ប្រើ​ឡើយ។

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អគ្គិសនី​បញ្ជាក់​ថា ការ​យក​តម្លៃ​សេវា ៥​ម៉ឺន​រៀល​ពី​អតិថិជន គឺ​ជា​តម្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​របស់​អ្នក​ត​ភ្លើង គឺ​ពុំ​មែន​តម្លៃ​សេវា​ក្រៅ​ផ្លូវ​ការ​ដូច​ការ​លើក​ឡើង​ទេ។

ក្រុម​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី​ត្អូញត្អែរ​ថា ការ​យក​តម្លៃ​សេវា​ក្រៅ​ផ្លូវ​ការ​បន្ថែម ៥​ម៉ឺន​រៀល​នេះ ជា​តម្លៃ​មួយ​ខ្ពស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់​នៅ​ឯ​ទី​ជនបទ។

ប្រជាពលរដ្ឋ​អ្នក​ត​បណ្ដាញ​អគ្គិសនី​ម្នាក់ លោក អ៊ុក ស៊ីថា រស់​នៅ​ភូមិ​ជីរោង ឃុំ​រោងដំរី ស្រុក​បាភ្នំ ថ្លែង​នៅ​ថ្ងៃ​ទី​៩ មេសា ថា តម្លៃ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ដើម្បី​ឲ្យ​បាន​ភ្លើង​ប្រើប្រាស់ ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ជា​ច្រើន ដូច​ជា ថ្លៃ​ខ្សែ​ភ្លើង ថ្លៃ​សេវា​ជាង ១៦​រៀល​ចំពោះ​អ្នក​ភ្ជាប់​ភ្លើង​ចំណុះ ១០​អំពែ (10A) និង ៤៥​ម៉ឺន​រៀល សម្រាប់​អតិថិជន​ណា​ដែល​ភ្ជាប់​ចរន្ត​អគ្គិសនី ២០​អំពែ (20A)។ លោក​ថា បើ​ទោះ​ជា​តម្លៃ​សេវា​យ៉ាង​នេះ​ក្ដី ក៏​ប្រជាពលរដ្ឋ​មិន​អាក់អន់​ចិត្ត​អ្វី​ដែរ ប៉ុន្តែ​អ្វី​ដែល​ប្រជាពលរដ្ឋ​ពិបាក និង​មិន​អាច​ទទួល​យក​បាន​នោះ គឺ​ក្រុមហ៊ុន​ទារ​តម្លៃ​សេវា​បន្ថែម ឬ​ហៅ​ថា​ថ្លៃ​ទឹក​តែ ៥​ម៉ឺន​រៀល​ទៀត​ពី​អតិថិជន។

លោក អ៊ុក ស៊ីថា៖ «អា​តម្លៃ​ត​ចូល​មាន​យក​តម្លៃ​ឯណា ដល់​ពេល​មក​ត​ចូល​យក​កម្រៃ​ផ្សេង អា​ខ្លះ​គេ​យក​ក្រោម​ហ្នឹង​ទៅ ខ្លះ​យក​លើ​ហ្នឹង​ទៅ វា​ថា​វា​អាក្រក់ៗ​ស៊ី​ប្រាក់​ខែ​ផ្សេង ហើយ​មក​យក​កម្រៃ​ក្រៅ​ទៀត។ គេ​ជួល​ត​ផ្សេង​អា​ហ្នឹង​យក​ថ្លៃ​សេវា ហើយ​មក​យើង​មក​យក​ប្រាក់​កម្រៃ​ផ្សេង​ទៀត និយាយ​គំរោះៗ​ដាក់​យើង គឺ​ថា​មុខ​មិន​រីក​ចេក​មិន​ទុំ​មិន​អំណោយ​ទាន​ជាមួយ​យើង។ ដល់​អ៊ីចឹង យើង​គ្មាន​ថា​បណ្ដោយ​តាម​គេ​ទៅ»

អ្នក​ភូមិ​ម្នាក់​ទៀត​មក​ពី​ឃុំ​រោងដំរី លោក អែម វីរៈ ថ្លែង​ថា ក្រុមហ៊ុន​យក​តម្លៃ​សេវា​បន្ថែម ៥​ម៉ឺន​ពី​ប្រជាពលរដ្ឋ ជា​បន្ទុក​មួយ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​រស់​នៅ​ទី​ជនបទ។ លោក​ថា បើ​ទោះ​ជា​មាន​តម្លៃ​សេវា​បន្ថែម​យ៉ាង​នេះ​ក្ដី ដើម្បី​ឲ្យ​បាន​ភ្លើង​ប្រើប្រាស់​ក្នុង​គ្រួសារ ពួក​គាត់​សុខ​ចិត្ត​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ យក​ទៅ​ត​បណ្ដាញ​អគ្គិសនី ព្រោះ​បើ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​បន្ថែម​ទេ ក្រុមហ៊ុន​គេ​មិន​ភ្ជាប់​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ៖ «គេ​ចេះ​តែ​ពន្យារ​ពេល​អត់​មាន​ភ្លើង​ប្រើ អត់​មាន​អី​អ៊ីចឹង​ទៅ។ ហើយ​មនុស្ស​ស្រុក​ស្រែ ទោះ​បី​ជំពាក់​គេ​ប៉ុន្មាន​ក៏ដោយ មាន​ភ្លើង​មក​ដល់​ហើយ ផ្ទះ​មួយ​ដាក់ ផ្ទះ​មួយ​មិន​ដាក់​ទៅ ដូច​ថា​វា​ចាញ់​កុង​គ្នា។ ដល់​អ៊ីចឹង អា​ជំពាក់​គេ​ប៉ុន្មាន​ក៏​អត់​គិត​ដែរ។ ដល់​ចុង​ក្រោយ​បាន​ទៅ​និយាយ ដូច​ថា​ពី​ក្រោយ​ពី​មុខ​អី​នៅ​តាម​តូប​កាហ្វេ​អី​អ៊ីចឹង​ណាស់! បង្គាប់​យក​ទឹក​តែ ៥​ម៉ឺន ៤​ម៉ឺន ៣​ម៉ឺន ជាពិសេស​គឺ ៥​ម៉ឺន​ច្រើន​ណាស់​កិច្ចការ​ហ្នឹង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អគ្គិសនី​ឯកជន លោក ហុង សុផល មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បណ្ដាញ​អគ្គិសនី​មិន​បាន​យក​តម្លៃ​សេវា​បន្ថែម ឬ​ថ្លៃ​ទឹក​តែ​ពី​អតិថិជន ដូច​ការ​លើក​របស់​ប្រជាពលរដ្ឋ​ឡើយ។ លោក​ថា ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រឡំ។ តាម​ពិត តម្លៃ​សេវា ៥​ម៉ឺន​រៀល​ដែល​យក​ពី​អតិថិជន​នោះ ជា​តម្លៃ​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​របស់​កម្មករ​ជំនាញ។ ហើយ​តម្លៃ​នេះ គឺ​ជា​ប្រាក់​ឈ្នួល​ជាទូទៅ​របស់​កម្មករ ជា​រឿង​សមហេតុសមផល មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ​ឡើយ៖ «គាត់​ច្រឡំ​ទេ មិន​មែន​ថ្លៃ​ទឹក​តែ​ទេ ថ្លៃ​គេ​ធ្វើ​ខ្ញុំ​ឲ្យ​គាត់ ធ្វើ​ខ្ញុំ​ឲ្យ​គាត់​ហ្នឹង ធ្វើ​ស្អីៗ បើ​ផ្ទះ​ថ្ម​ធ្វើ​ចង់​មួយ​ព្រឹក​ផង ហើយ​ផ្ទះ​ឈើ​អី។ អា​កន្លែង​ហ្នឹង​យក​តែ​ធូរៗ​ទេ កន្លែង​គេ​មាន​ច្រើន បើ​បង​ឯង​ទៅ​ទេ សួរ​គេ​បើ​មិន​ច្រើន។ ហើយ​កូនៗ​ខ្ញុំ​ធ្វើ​ខ្ញុំ​មិន​នេះ​ទេ កូន​ខ្ញុំ​អ្នក​ធ្វើ អា​ដែង​មាន​កម្មករ​គេ​ជួល​កម្មករ​ធ្វើ បាទ​អា​ហ្នឹង​មិន​យក​សេវា​ទទេ​ទេ​បង! ពលកម្ម​គេ​តើ»

ក្រុមហ៊ុន​អគ្គិសនី​ឯកជន​នៅ​ស្រុក​បាភ្នំ នេះ​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ចែក​ចាយ​បណ្ដាញ​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ២​ឃុំ ដែល​រស់​នៅ​ក្នុង​ឃុំ​រោងដំរី និង​ឃុំ​រក្សជ័យ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​មាន​ការ​ខឹង​សម្បា​ទៅ​លើ​តម្លៃ​សេវា​បន្ថែម​របស់​ក្រុមហ៊ុន​នេះ ដោយសារ​ក្នុង​លិខិត​ធ្វើ​អាជីវកម្ម​មិន​បាន​តម្រូវ​ឲ្យ​អតិថិជន​បង់​ថ្លៃ​សេវា​បន្ថែម ៥​ម៉ឺន​រៀល​ពេល​ត​បណ្ដាញ​អគ្គិសនី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។