ពលរដ្ឋ​នៅ​មេមត់​ស្នើ​អាជ្ញាធរ​បញ្ឈប់​អ្នក​យក​ប្រាក់​ពី​ពលរដ្ឋ​រក​ស៊ី​ដឹក​ជន្លង់​ម្រេច

ដោយ​ សូត សុខប្រាថ្នា
2016.05.19
មឿន ស៊ីនា ៨៥៥ ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​យុវជន​លោក មឿន ស៊ីនា ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៦។ ពលរដ្ឋ​អះអាង​ថា រថយន្ត​គ្រោះថ្នាក់​នេះ ដោយសារ​ទាហាន​ដេញ​តាម​យក​ប្រាក់​ពី​អ្នក​ដឹក​សសរ។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធានការ​ករណី​យក​ប្រាក់​ពី​សំណាក់​ពលរដ្ឋ​រក​ស៊ី​ដឹក​ជន្លង់​ម្រេច​តាម​ផ្លូវ។ ការ​ស្នើ​នេះ ក្រោយ​ពេល​ពលរដ្ឋ​ជិះ​លើ​រថយន្ត​ដឹក​សសរ​ផ្ទះ​ម្នាក់​បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពលរដ្ឋ​លើក​ឡើង​ថា បង្ក​ឡើង​ដោយ​សមត្ថកិច្ច​នៅ​ទី​នោះ​បើក​រថយន្ត​ដេញ​តាម​យក​ប្រាក់។ អធិការ​ស្រុក​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី​ច្បាស់​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ដឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​ទន្លូង បង្ក​ឱ្យ​យុវជន​ជិះ​ក្នុង​រថយន្ត​ម្នាក់​ស្លាប់​អះអាង​ថា សមត្ថកិច្ច រួម​ទាំង​ទាហាន​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧  តែង​បើក​ដេញ​តាម​រថយន្ត​ដឹក​ជន្លង់​ម្រេច ឬ​ដឹក​សសរ​ជា​ប្រចាំ​នៅ​ពេល​ណា​ដែល​ម្ចាស់​រថយន្ត​ទាំង​នោះ​មិន​ព្រម​ចូល​បង់​ប្រាក់​ជូន​ពួកគេ។ បញ្ហា​នេះ តែង​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿយៗ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ក្បែរ​ផ្លូវ​មាន​ក្តី​បារម្ភ។

​ម្ចាស់​រថយន្ត​រក​ស៊ី​ដឹក​ជន្លង់​ម្រេច​ពី​ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ មក​លក់​ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​មេមត់ លោក ជា វីរៈ ឱ្យ​ដឹង​ថា ដោយសារតែ​ប្រជាពលរដ្ឋ​គ្មាន​មុខរបរ​អ្វី​ផ្សេង ទើប​នាំ​គ្នា​រកស៊ី​ដឹក​ជន្លង់​ម្រេច​បែប​នេះ ប៉ុន្តែ​លោក​អះអាង​ថា កូន​ឈើ​ទាំង​នោះ​មិន​មែន​កាប់​យក​ពី​ក្នុង​ព្រៃស្រោង​នោះ​ទេ គឺ​ជា​ឈើ​យក​ចេញ​តំបន់​ដី​សម្បទាន​ប៉ុណ្ណោះ។

លោក​បន្ត​ថា នៅ​ពេល​ពួក​គាត់​ដឹក​តាម​ផ្លូវ ត្រូវ​ចូល​បង់​ប្រាក់​តាម​បន្ទាយ​ទាហាន និង​ទីស្នាក់ការ​កង​រាជ​អាវុធហត្ថ​នៅ​ស្រុក​មេមត់ ជា​ច្រើន​កន្លែង ហើយ​ប្រសិនបើ​មិន​ព្រម​បង់​ឱ្យ​ពួកគេ​ទេ សមត្ថកិច្ច​ទាំង​នោះ​ជិះ​ឡាន​ដេញ​តាម​រហូត​បណ្ដាល​រថយន្ត​ខ្លះ​មាន​គ្រោះថ្នាក់​ដោយ​បើក​ធ្លាក់​ផ្លូវ៖ «ហេតុការណ៍​ហ្នឹង​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ ហើយ​ជំរិត​ទារ​លុយៗ ជា​រៀងរាល់ថ្ងៃ»

​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា យុវជន​ជិះ​ក្នុង​រថយន្ត​សាំយ៉ុង​ម្នាក់​ឈ្មោះ មឿន ស៊ីនា ស្លាប់ ដោយសារ​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ភូមិ​ពងទឹក ឃុំ​ទន្លូង។

ម្ដាយ​ជនរងគ្រោះ អ្នកស្រី ប៉ោន គីមឡា មាន​ប្រសាសន៍​ថា កូន​របស់​អ្នកស្រី​បាន​សុំ​ម្ចាស់​រថយន្ត​ដឹក​ឈើ​ជិះ​មក​ជាមួយ​ពី​ខេត្ត​ក្រចេះ មក​ផ្ទះ​នៅ​ឃុំ​រំចេក ស្រុក​មេមត់។ អ្នកស្រី​ដឹង​ហេតុការណ៍​នេះ​តាម​រយៈ​មន្ត្រី​សមត្ថកិច្ច​ដែល​ថា រថយន្ត​នោះ​ក្រឡាប់​ដោយសារ​មាន​រថយន្ត​មួយ​គ្រឿង​ដេញ​ពី​ក្រោយ ហើយ​ពលរដ្ឋ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​ទាហាន​ក្នុង​បន្ទាយ​មួយ​នៅ​ក្បែរ​នោះ។

អ្នកស្រី​ចង់​ឱ្យ​សមត្ថកិច្ច​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​កូន​អ្នកស្រី និង​ស្នើ​ឱ្យ​មន្ត្រី​កងកម្លាំង​ទាំង​អស់​បញ្ឈប់​សកម្មភាព​ដេញ​តាម​រថយន្ត​ដឹក​ឈើ​ដើម្បី​យក​ប្រាក់​ត​ទៅ​ទៀត។

​អធិការ​នគរបាល​ស្រុក​មេមត់ លោក ហុង គីមហឿន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ខាង​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​យ៉ាង​ណា​ទេ៖ «ខ្ញុំ​មិន​ទាន់​បដិសេធ ឬ​យ៉ាង​ម៉េច​ដែរ។ តែ​អា​នេះ​យើង​រង់ចាំ​ការ​ស្រាវជ្រាវ​ពី​ជំនាញ​យើង​គេ​អង្កេត​ឱ្យ​បាន​ពិត​ប្រាកដ»

លោក​ទទួល​ស្គាល់​ថា មាន​មន្ត្រី​សមត្ថកិច្ច​តាម​អង្គភាព​ខ្លះ​នៅ​តំបន់​នោះ​ធ្លាប់​យក​ប្រាក់​ពី​រថយន្ត​ដឹក​ឈើ​មែន ប៉ុន្តែ​លោក​អះអាង​ថា មិន​មែន​ជា​កុងត្រូល​ជជុះ​ទេ ហើយ​ក៏​មិន​សូវ​មាន​ករណី​ដេញ​តាម​រថយន្ត​ដឹក​ឈើ​នោះ​ដែរ។ ទោះ​ជា​បែប​នេះ​ក្ដី ប្រសិនបើ​រក​ឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​ដោយសារ​កងកម្លាំង​ដេញ​តាម​យក​ប្រាក់​នោះ លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ឬ​ខេត្ត​បន្ត​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​រស់​នៅ​ឃុំ​ទន្លូង លោក ឈុន វុត្ថា បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​កើត​ឡើង​នៅ​ឃុំ​ទន្លូង មិន​មែន​ជា​លើក​ទី​មួយ​ទេ។ លោក​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ឱ្យ​ច្បាស់​ថា តើ​ឈើ​ប្រភេទ​ណា​ពលរដ្ឋ​តូចតាច​អាច​រក​ស៊ី​បាន និង​ឈើ​ប្រភេទ​ណា​ដែល​គេ​មិន​អនុញ្ញាត។ បន្ថែម​ពី​នេះ​លោក​ឆ្ងល់​ថា ប្រសិនបើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ជា​រឿង​ខុស​ច្បាប់ ហេតុ​អ្វី​មន្ត្រី​ជំនាញ​មិន​ព្រម​អនុវត្ត​តាម​ផ្លូវ​ច្បាប់ បែរ​ជា​បណ្ដោយ​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​យក​ប្រាក់​រហូត​បង្ក​ជា​គ្រោះថ្នាក់​ឡើង៖ «យើង​ឃើញ​ថា គាត់​ចេះ​តែ​ឱ្យ​លុយ​មន្ត្រី​តាម​ផ្លូវ​ចេះតែ​យក គាត់​ចេះ​តែ​ដឹក​ទៅ ហើយ​មន្ត្រី​ទាំង​អស់​ហ្នឹង​ចេះតែ​ចោទ​ថា បទល្មើសៗ​ទៅ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា សកម្មភាព​រថយន្ត​ដឹក​ឈើ ឬ​ជន្លង់​ម្រេច និង​សកម្មភាព​ដេញ​តាម​យក​ប្រាក់​របស់​សមត្ថកិច្ច​ក្នុង​ស្រុក​មេមត់ ពិត​ជា​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ប្រាកដ​មែន។ លោក​ថា ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​ហេតុការណ៍​នេះ​កើត​ឡើង រាជរដ្ឋាភិបាល​ត្រូវ​ដក​មន្ត្រី​ណា​ដែល​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​យក​ប្រាក់ និង​ដេញ​តាម​រថយន្ត​ដឹក​ឈើ​រហូត​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។