ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ព្រមាន​ទប់ស្កាត់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​និង​ឆក់​ត្រី​ក្នុង​បឹង​គុជនប់​ដោយ​ខ្លួន​ឯង

ដោយ ជិន ជេដ្ឋា
2015.03.03
បឹង​គុជនប់ ពោធិ៍សាត់ ៦២០ ម៉ាស៊ីន​បូម​ទឹក​បញ្ឈរ​ទុក​នៅ​ទំនប់​គុជនប់ រង់ចាំ​បូម​ទឹក​ពី​បឹង​បញ្ចូល​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
Photo Provided

តំណាង និង​ពលរដ្ឋ​រស់នៅ​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ព្រមាន​ចុះ​ដក​ហូត​ម៉ាស៊ីន​បូម​ទឹក និង​ទប់ស្កាត់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ឆក់​ត្រី​ក្នុង​បឹង​គុជនប់ ដោយ​ខ្លួន​ឯង ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​ដោះស្រាយ។ ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា សកម្មភាព​ចិញ្ចឹម​ត្រី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទឹក​បឹង​គុជនប់ រីង និង​ប៉ះពាល់​ដល់​ពលរដ្ឋ​មិន​អាច​ប្រើ​ទឹក​ជាច្រើន​ភូមិ។

តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​អន្លង់ត្នោត ឃុំ​ឈើតុំ និង​ឃុំ​ក្បាលត្រាច បាន​រក​ឃើញ​ម៉ាស៊ីន​បូម​ទឹក​ចំនួន ៩​គ្រឿង កំពុង​បញ្ឈរ​ចាំ​បូម​ទឹក​បឹង​គុជនប់ និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ចំនួន​ពីរ ហើយ​ស្រះ​ចិញ្ចឹម​ត្រី​ប្រា និង​ត្រី​ទីឡាព្យា ចំនួន ១០​ស្រះ។ ពួក​គាត់​ថា អាជ្ញាធរ​ឃុំ និង​ស្រុក តែង​តែ​ឆ្លើយ​ខុស​ការ​ពិត​អំពី​បញ្ហា​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​ជាមួយ​អ្នក​សារព័ត៌មាន ហើយ​មិន​គិតគូរ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ។

ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ក្បាលត្រាច អ្នកស្រី ឡោន ស៊ីវី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ថា តំណាង និង​ប្រជាពលរដ្ឋ​កំពុង​ពិភាក្សា​រៀបចំ​វិធានការ​ទប់ស្កាត់​បទល្មើស​ឆក់​ក្នុង​បឹង និង​ដក​ហូត​ម៉ាស៊ីន​បូម​ទឹក​តាម​ទំនប់ នៃ​បឹង​គុជនប់ ទៅ​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ជលផល​ស្រុក។ អ្នកស្រី​បន្ត​ថា បឹង​គុជនប់ មាន​ប្រភព​ទឹក​ចេញ​ពី​អូរ​ជាច្រើន ហើយ​ទំនប់​ក៏​មិន​បាក់​ធ្លាយ​ទឹក​ទៅ​ណា​ក្រៅ​ពី​បូម​បញ្ចូល​ស្រះ​ដែរ៖ «យើង​ចាំ​មើល​អាជ្ញាធរ​ប្រសិន​បើ​អត់​ទប់ស្កាត់​អី​ទៅ​លើ​បញ្ហា​បូម​ទឹក​ដាក់​ស្រះ​អី​ហ្នឹង​ទេ ពួក​ខ្ញុំ​នឹង​ទៅ​ទប់ស្កាត់​ផ្ទាល់​ទៅ​ចាប់​ម៉ាស៊ីន​កន្លែង​បូម​ទឹក ទៅ​ដាក់​ឲ្យ​កន្លែង​ជលផល​តែ​ម្ដង ចាំ​មើល​គាត់​ថា​ម៉េច​ទៀត ព្រោះ​អី​ព័ត៌មាន​ទាំងអស់​ហ្នឹង​មិន​មែន​គាត់ (អាជ្ញាធរ​មូលដ្ឋាន) ឆ្នាំ​មុនៗ​អ៊ីចឹង​ពេល​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ គាត់​បាន​តែ​ចុះ​មក​យក​លុយ​ទេ»

ទាក់ទង​បញ្ហា​នេះ ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី អ្នកស្រី អ៊ឹង ស្រីណាក់ បញ្ជាក់​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​ចោទ​ប្ដី​របស់​គាត់​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ពោធិ៍សាត់ ថា​បាន​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់ តែ​ជាក់ស្ដែង គ្រួសារ​គាត់​មាន​ស្រះ​ជួល​ឲ្យ​គេ និង​ចិញ្ចឹម​ត្រី​ខ្លួន​ឯង​សរុប​ចំនួន ១០​ស្រះ ហើយ​ត្រី​ដែល​ចិញ្ចឹម​នោះ គឺ​ជា​ប្រភេទ​ត្រី​ប្រា និង​ត្រី​ទីឡាព្យា ដែល​ការ​ចិញ្ចឹម​នេះ​មិន​ត្រូវ​ការ​ទឹក​ផ្លាស់ប្ដូរ​ច្រើន​ដង​ទេ។ អ្នកស្រី​ថា បច្ចុប្បន្ន​អ្នក​ជួល​ស្រះ​របស់​គាត់ ចិញ្ចឹម​ត្រី​មាន​ម៉ាស៊ីន​បូម​ទឹក​ចាស់​មួយ​គ្រឿង កំពុង​បញ្ឈរ​ចោល​នៅ​បឹង​គុជនប់ មែន ព្រោះ​ម្ចាស់​ឈឺ កំពុង​សម្រាក​ព្យាបាល​នៅ​វៀតណាម៖ «គាត់ (ប្ដី) ធ្វើ​មន្ត្រី ប៉ុន្តែ​គាត់​មិន​ដែល​ទៅ​ស្រះ​វាក់វិន (ជាប់​ទាក់ទង) ជាមួយ​ខ្ញុំ​ទេ។ ដី​ហ្នឹង​ពេល​ខ្ញុំ​ទិញ ហើយ​ខ្ញុំ​ជីក​ស្រះ​យូរ​ហើយ សហគមន៍​នៅ​នោះ​ក៏​ដឹង​ដែរ ព្រោះ​អី​ប្អូន​ខ្ញុំ​នៅ​ស្វាយ អត់​មាន​ការងារ​ធ្វើ បាន​ជា​ខ្ញុំ​ជួល​ស្រះ​ដាច់​ឲ្យ​វា​ទៅ រួច​ហើយ​វា​ចិញ្ចឹម​តែ​ត្រី​ហ្នឹង (ត្រី​ទីឡាព្យា និង​ត្រី​ប្រា) វា​អត់​មាន​លទ្ធភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទេ»

ចំណែក​មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន ថ្លែង​ថា បទល្មើស​ឆក់​នៅ​បឹង​គុជនប់ អាច​នឹង​កើត​មាន​ខ្លះ​មែន ដោយសារ​ប្រជា​ការពារ​ភូមិ​មិន​សូវ​ទៅ​ដល់។ លោក​ថា អាជ្ញាធរ​ឃុំ និង​សហគមន៍ នឹង​មាន​វិធានការ​គ្រប់គ្រង​ទឹក​នៅ​រដូវ​វស្សា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​តម្កល់​ទឹក​ឲ្យ​បាន​ប្រើប្រាស់​រហូត​ដល់​រដូវ​ប្រាំង​ឡើង​វិញ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ​មាន​អ្នក​ប្រើប្រាស់​ទឹក​ច្រើន​ពេក។

ពលរដ្ឋ​ឲ្យ​ដឹង​ថា បឹង​គុជនប់ មាន​ទំហំ​ប្រហែល ១០​ហិកតារ ជម្រៅ ៤​ម៉ែត្រ។ បឹង​នេះ​មាន​ពលរដ្ឋ​ជាច្រើន​ភូមិ នៃ​ឃុំ​ក្បាលត្រាច ប្រើប្រាស់។ ក្រុម​ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ទប់ស្កាត់​សកម្មភាព​នានា​ដែល​ប៉ះពាល់​ដល់​ទឹក​បឹង​គុជនប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។