ពលរដ្ឋ​នៅ​កំពង់ចាម​ប្រមាណ​១០០​នាក់​តវ៉ា​​ទាមទារ​​ជ្រើសរើស​មេភូមិ​ថ្មី

ដោយ​ សូត សុខប្រាថ្នា
2014.09.25
តវ៉ា ប្រឆាំង​មេភូមិ កំពង់ចាម ៦២០ ពលរដ្ឋ​នៅ​ភូមិ​កេះ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ដើម្បី​ឱ្យ​មាន​ការ​ជ្រើសរើស​មេ​ភូមិ​ថ្មី នៅ​ថ្ងៃ​ទី​២៥ កញ្ញា ២០១៤។
RFA/Saut Sokprathna

ពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ប្រមាណ ១០០​នាក់ តំណាង​ពលរដ្ឋ​ប្រមាណ​ជិត ១០០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា នាំ​គ្នា​មក​សាលា​ស្រុក​ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​​បើក​ការ​ស៊ើប​អង្កេត​ជាថ្មី​ជុំវិញ​ការ​ជ្រើសរើស​មេភូមិ​ការ​ពី​ពេល​កន្លង​ទៅ។ ពួកគាត់​ចង់​ឱ្យ​ជ្រើសរើស​មេភូមិ​ឱ្យ​មាន​ការ​ចូល​រួម និង​ពេញ​ចិត្ត​ពី​ប្រជាពលរដ្ឋ មិន​មែន​ស្ងាត់ៗ​ឡើយ។ ចំណែក​អាជ្ញាធរ​ស្រុក​សន្យា​ថា នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើប​អង្កេត​បញ្ហា​នេះ​តាម​នីតិវិធី។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ ខ្លះ​ជិះ​រថយន្ត ខ្លះ​ជិះ​ម៉ូតូ និង​ខ្លះ​ទៀត​ជិះ​គោយន្ត​ឆ្នៃ​ទៅ​ជួប​ប្រជុំគ្នា​នៅ​សាលាស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដើម្បី​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ក្នុង​ការ​ជ្រើសរើស​មេភូមិ​ឡើង​វិញ នៅ​ថ្ងៃ​ទី​២៥ កញ្ញា។ អាជ្ញាធរ​ស្រុក​បាន​ចេញ​មក​ទទួល​សំណូម​ពរ ​និង​សន្យា​ថា នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ​នៅ​សប្ដាហ៍​ក្រោយ។

អភិបាល​ស្រុក​ព្រៃឈរ លោក ទេព រៀមមុន្នី ដែល​ចុះ​មក​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ទាំង​នោះ​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ច្បាស់​ថា តើ​នីតិវិធី​របស់​អាជ្ញាធរ​ឃុំ​នៅ​ពេល​ជ្រើសរើស​មេ​ភូមិ​កេះ​ថ្មី នោះ​យ៉ាង​ណា​ទេ បាន​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ និង​នៅ​តែ​ប្រកែក​មិន​ព្រម​ទទួល​ស្គាល់​នោះ។

លោក​បន្ថែម​ថា អ្វី​ដែល​ពលរដ្ឋ​ចង់​បាន​ គឺ​ត្រូវ​ជ្រើសរើស​មេ​ភូមិ​ណា​ដែល​ពលរដ្ឋ​​ភាគ​ច្រើន​ពេញ​ចិត្ត ហើយ​លោក​ក៏​ឯកភាព​ចំពោះ​ចំណុច​នេះ​ដែរ ពីព្រោះ​វា​ជា​ចំណុច​ដ៏​ល្អ​មួយ ដោយ​លោក​ថា នឹង​អាច​មាន​ការ​ជ្រើសរើស​មេ​ភូមិថ្មី​​តម្រូវ​តាម​ចិត្ត​របស់​ពួក​គាត់៖ «យក​អ្នក​ដែល​ពលរដ្ឋ​ពេញ​ចិត្ត​ដើម្បី​ដឹក​នាំ​ពួកគាត់ គ្រប់​គ្រង​ពួក​គាត់ រាល់​ការងារ​អ្វី​ផ្សេងៗ នៅ​ក្នុង​មូលដ្ឋាន។ នេះ​ជា​សំណូម​ពរ​របស់គាត់។ ល្អ! ខ្ញុំ​ឯកភាព អ៊ីចឹង​បាន​ជា​ខ្ញុំ​នឹង​ចុះ​ទៅ​នៅ​ថ្ងៃ​ពុធ​ក្រោយ។ ខ្ញុំ​ទុក​ពេល​ឱ្យ​ខ្ញុំ​ពីរ​ថ្ងៃ ថ្ងៃ​ច័ន្ទ អង្គារ ខ្ញុំ​បង្កើត​គណៈកម្មការ​រដ្ឋបាល​នេះ​ឱ្យ​ទៅ​ពិនិត្យ​ថា តើ​រាល់​ឯកសារ​ទាំង​អស់​ហ្នឹង​ត្រឹម​ត្រូវ ឬ​ទេ?ហើយ​យើង​លើក​យក​សំណូមពរ​របស់​ពលរដ្ឋ​ទាំង​នេះ​ដាក់​ជូន​ក្រុមប្រឹក្សា​ឃុំ សម្របសម្រួល​គ្នា​ដើម្បី​រក​ផ្លូវ​កណ្តាល​មួយ​យក​យុត្តិសាស្ត្រ​ឈ្នះ​របស់​សម្តេច​តេជោសែន យក​មក​ឱ្យ​ប្រជាពលរដ្ឋ»

លោក​បន្ត​ថា ត្បិត​តែ​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ភូមិ​ដោយ​ផ្ទាល់​ក៏ដោយ​ចុះ​ ប៉ុន្តែ​ពួកគាត់​ក៏​អាច​មាន​មតិ​លើក​​ឡើង​ពី​បេក្ខ​ជន​ជា​មេ​ភូមិ​ណា​ដែល​ពួកគាត់​ពេញ​ចិត្ត​នោះ​បាន​ដែរ។ ពលរដ្ឋ​បាន​ស្តាប់​នូវ​ការ​ណែនាំ​ពីសំណាក់​អភិបាល​ស្រុក​រួច​ ពួកគាត់​យល់​ព្រម​​​នាំគ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ នៅ​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក ដោយ​រង់ចាំ​ការ​ចុះ​ទៅ​ដោះស្រាយ​របស់​អាជ្ញាធរ​ស្រុក​តាម​ការ​សន្យា។

ពលរដ្ឋ​ភូមិ​កេះ​ម្នាក់ លោក ផា ភារៈ បញ្ជាក់​ថា ពួកគាត់​សម្រេច​ចិត្ត​ឡើង​មក​សាលាស្រុក​នោះ គឺ​ចង់​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ ដោយសារ​តែ​ពួកគាត់​មិន​អាច​ទទួល​យក​មេភូមិ​ថ្មី​ដែល​អាជ្ញាធរ​ឃុំ​​បាន​សម្រេច​ជ្រើសរើស​ កាល​ពី​ខែ​សីហា នោះ​បាន​ឡើយ។ លោក​បន្ត​ថា ពលរដ្ឋ​អាច​ទទួល​យក​ការ​សន្យា​របស់​អាជ្ញាធរ​ស្រុក​បាន​ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​នោះ​ទេ​ ពីព្រោះ​កន្លង​មក​ការ​សន្យា​របស់​អាជ្ញាធរ​ឃុំ​បាន​ធ្វើឱ្យ​ពួក​គាត់​ខក​ចិត្ត​ម្ដង​រួច​មក​ហើយ។

លោក ផា ភារៈ៖ «ខ្ញុំ​អាច​ទទួល​យក​បាន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ជឿជាក់​មួយ​រយ​ភាគ​រយ​ទេ។ ខ្ញុំ​មិន​ទាន់​ជឿជាក់​មួយ​រយ​ភាគ​រយ ព្រោះ​អី​ខាង​ឃុំ​គេ​ភូត​ខ្ញុំ​មួយ​ហើយ ខាង​ឃុំ​គេ​ភូត​ខ្ញុំ​មួយ​សា។ ខាង​ឃុំ​កាល​ពី​ថ្ងៃ​ទី​២៦ អូ! ថ្ងៃ​ទី​២៧ គេ​ថា​គេ​ចុះ​មក​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ទទួល​ដឹង​ឭ​ថា​មេ​ភូមិ​ថ្មី​ជា​នរណា? ដល់​អ៊ីចឹង​ទៅ​ពួក​ខ្ញុំ​នៅ​តែ​រង់ចាំ​មើល​រហូត។ អ៊ីចឹង​ខាង​ចៅហ្វាយ​ស្រុក​ហ្នឹង​ពួកខ្ញុំ​ក៏​មិន​ទាន់​ជឿ​ជាក់​មួយ​រយ​ភាគ​រយ​ដែរ»

ចំណែក​អ្នកស្រី សេង ឃីម វិញ យល់​ថា​ ប្រសិនបើ​​រើស​មេ​ភូមិ​មក​បម្រើ​ពលរដ្ឋ​ដោយ​ភាគ​ច្រើន​នៃ​ពលរដ្ឋ​​ទាំង​អស់​មិន​ពេញ​ចិត្ត​ហើយ អាច​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ស្រុក​ភូមិ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជាក់​ជា​មិន​ខាន។

ដោយ​ឡែក​មន្រ្តី​សម្រសម្រួល​នៃ​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត យល់​ថា អាជ្ញាធរ​ទាំង​អស់ រួម​នឹង​ខាង​ក្រសួង​មហាផ្ទៃ គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ ពីព្រោះ​ការ​ជ្រើសរើស​មេដឹក​នាំ​នៅតាម​ថ្នាក់​មូល​ដ្ឋាន​ គឺដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ភូមិ​តាម​រយៈ​ការ​ទំនាក់​ទំនង​ល្អ​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ពោល​គឺ​មិន​មែន​ជ្រើ​សរើស​មេ​ភូមិ​ឱ្យ​ទៅ​ប្រឆាំង​ពលរដ្ឋ​នោះ​ទេ ដែល​វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ប្រជាប្រិយភាព​របស់​អាជ្ញាធរ រួម​នឹង​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។