អ្នក​ភូមិ​ដែល​តវ៉ា​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​មាស​ត្រូវ​អាជ្ញាធរ​កោះហៅ​មក​សួរនាំ

ដោយ អាស៊ីសេរី
2017.11.07
តវ៉ា រ៉ែ រតនគិរី ៨៥៥ ពលរដ្ឋ​រស់​នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី តវ៉ា​​ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ ស្រាវជ្រាវ​នៅ​តំបន់​ពួកគាត់​រស់​នៅ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី កោះហៅ​ជនជាតិ​ដើម​ភាគតិច​អោយ​ទៅ​បំភ្លឺ​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ពាក់ព័ន្ធ​ការ​ដឹកនាំ​ពលរដ្ឋ​តវ៉ា​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ស្រាវជ្រាវ​រ៉ែ​មាស​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​រស់​នៅ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ​ជា​ការ​បំភិតបំភ័យ និង​គំរាមកំហែង​សេរីភាព​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​ច្បាប់។

សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី បាន​កោះ​ហៅ​តំណាង​ជនជាតិ​ដើម​ភាគតិច​ម្នាក់​មក​ស្រាយ​បំភ្លឺ​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បន្ទាប់​ពី​មេ​ឃុំ​ប៉ាតេ មក​ពី​គណបក្ស​កាន់​អំណាច លោក ឆាយ ធី បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​ច្បាប់​បន្ទាន់ ពាក់ព័ន្ធ​ការ​ញុះញង់​ប្រមូល​ផ្តុំ​តវ៉ា​ឲ្យ​ប្រព្រឹត្ត​បទល្មើស កាល​ពី​ចុង​ខែ​តុលា។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ដែល​សមត្ថកិច្ច​កោះ​ហៅ រស់​នៅ​ឃុំ​ប៉ាតេ លោក លេះ វីរៈ  សម្ដែង​ការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​បន្ទាប់ពី​សមត្ថកិច្ច​បាន​ពន្យល់​ពី​ច្បាប់​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម ដោយ​តម្រូវ​ឲ្យ​អ្នក​ភូមិ​សុំ​ច្បាប់​អនុញ្ញាត។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ប្រាប់​ថា បើ​សហគមន៍​ចង់​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ពី​មូលដ្ឋាន​រហូត​ដល់​អាជ្ញាធរ​ខែត្រ​ជាមុន ទើប​មាន​សិទ្ធិ​ធ្វើបាតុកម្ម​បាន។ លោក​ថា សមត្ថកិច្ច​បាន​ព្រមាន​ថា បើ​ពលរដ្ឋ​ណា​បាតុកម្ម​ដោយ​ខុស​ច្បាប់​គេ​នឹង​ចាប់​ខ្លួន។

លោក​បន្ថែម​ថា សមត្ថកិច្ច​បាន​កោះហៅ​សហគមន៍​មក​ស្រាយ​បំភ្លឺ​នេះ ទំនង​ជា​មេ​ឃុំ​ប៉ាតេ លោក ឆាយ ធី គឺ​ជា​ដើម​បណ្ដឹង ព្រោះ​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​​មេ​ឃុំ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង៖ «យើង​ធ្វើ​ខុស​គេ​នឹង​ចាប់ ដោយសារ​ថ្ងៃ​នេះ​គេ​សម្របសម្រួល​បញ្ឈប់​ត្រឹម​ហ្នឹង​ហើយ ព្រោះ​គេ​មិន​ចង់​ចាប់ចង​ទេ។ ខ្ញុំ​ភ័យ​ការ​គំរាមកំហែង​ដែរ ទៅ​ដំបូង​ភ័យ!»

​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧ នគរបាល​នៃ​អធិការ​ស្រុក​អូរយ៉ាដាវ បាន​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ១៥​នាក់ រស់​នៅ​ឃុំ​ប៉ាតេ មក​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ស្រាវជ្រាវ​រ៉ែ​មាស​នៅ​តំបន់​អ្នក​ភូមិ​រស់​នៅ។

​មេ​ឃុំ​ប៉ាតេ លោក ឆាយ ធី បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ទេ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ព្រោះ​លោក​ជាប់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា លោក ឆាយ ធី បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​បន្ទាន់ ដល់​ក្រុម​ប្រឆាំង​ធ្វើ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស។ ការ​អំពាវនាវ​នេះ ក្រោយ​ពី​អ្នកភូមិ​ប៉ាតេ រាប់​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរ ហ្គោល ស្រាវជ្រាវ​រ៉ែ​មាស ក្នុង​តំបន់​របស់​ពួកគាត់​រស់​នៅ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ប៉ាតេ លោក ក្លាន ភួន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​កោះ​ហៅ​អ្នក​ភូមិ​ដោយសារ​ពលរដ្ឋ​មិន​គោរព​អាជ្ញាធរ​ឃុំ នៅ​ពេល​ដែល​អ្នក​ភូមិ​តវ៉ា​កាល​ពី​ចុង​ខែ​តុលា និង​ការ​វាយ​ប្រហារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក លើ​លោក​មេ​ឃុំ និង​អភិបាល​ខែត្រ៖ «ទាក់ទង​ពលរដ្ឋ​ឡើង​ទៅ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​៣០ ទាក់ទង​ការ​គំរាម​កំហែង​ដល់​បុគ្គល​នៅ​ពេល​ពលរដ្ឋ​ប្រជុំ​តាម​ទំនៀមទម្លាប់ គឺ​ការ​តវ៉ា​ពាក់ព័ន្ធ​ហ្វេសប៊ុក វាយ​ប្រហារ​ណា​មួយ មាន​ចេតនា​ទៅ​លើ​លោក​មេ​ឃុំ​ក្ដី និង​អភិបាល​ខែត្រ​ក្ដី»

​អ្នក​ភូមិ​ម្នាក់ ឈ្មោះ រម៉ាម ឃួត ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ស្រុក​អូរយ៉ាដាវ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ផ្ដាំ​ទៅ​លោក​មេ​ឃុំ​ប៉ាតេ លោក ឆាយ ធី ថា ជនជាតិ​ដើម​ភាគ​តិច​សុខចិត្ត​ស្លាប់ មិន​អនុញ្ញាត​ឲ្យ​មេ​ឃុំ​អុកឡុក​ភូមិម្ករ​ប្រជាពលរដ្ឋ​នោះ​ទេ និង​ព្រមាន​ឲ្យ​មេ​ឃុំ​រូប​នោះ ត្រូវ​វេច​បង្វេច​ចេញ​ទៀត​ផង។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​រតនគិរី លោក ឌិន ខន្នី ពន្យល់​ថា សិទ្ធិ​ធ្វើ​បាតុកម្ម ឬ​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ ដោយ​មិន​ចាំបាច់​ស្នើ​សុំ​ទៅ​អាជ្ញាធរ​នោះ​ទេ ក៏ប៉ុន្តែ​ពលរដ្ឋ​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ជា​មុន​សិន។

លោក​ចាត់​ទុក​ការ​កោះ​ហៅ​ពលរដ្ឋ​សួរ​នាំ​ពាក់ព័ន្ធ​រឿង​តវ៉ា​គឺជា​ការ​បំភិតបំភ័យ​ស្មារតី​ពលរដ្ឋ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​រដ្ឋធម្មនុញ្ញ។ លោក​ថា អាជ្ញាធរ​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ ដោយ​មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ហៅ​ពលរដ្ឋ​សួរ​នាំ​រឿង​បាតុកម្ម​ទេ៖ «បើ​គាត់​បាតុកម្ម​ដោយ​សន្តិវិធី​ទេ នោះ​អាជ្ញាធរ​គាត់​មិន​គួរ​ទៅ​កោះហៅ​ប្រជាពលរដ្ឋ ព្រោះ​ជា​ការ​បំភិតបំភ័យ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្ទុយ​នឹង​ច្បាប់»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ចំនួន ៤​ភូមិ ក្នុង​ឃុំ​ប៉ាតេ ប្រមាណ​ជាង ៧០០​នាក់ បាន​បដិសេធ​ជា​ថ្មី​ទៀត​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​សាមី​បាន​អនុញ្ញាត​នោះ​ទេ។ សហគមន៍​បាន​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​ប៉ាតេ ដោយ​បង្ហាញ​ជំហរ​ប្រឆាំង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ ដែល​ពួកគាត់​ចាត់​ទុក​ថា ប៉ះពាល់​ធនធាន​ធម្មជាតិ និង​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។