ពលរដ្ឋ​ទាមទារ​ទម្លាក់​មេ​ភូមិ​នៅ​ប៉ោយប៉ែត​ចោទ​ថា​បក្ខពួក​និយម

ដោយ ហ៊ុំ ចំរើន
2014.11.11
តវ៉ា​មុខ​សង្កាត់​ប៉ោយប៉ែត ៦២០ ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី១១ វិច្ឆិកា ២០១៤។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ១០០​នាក់​ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​​តវ៉ា​ដក​មេ​ភូមិ​ចេញ​ពី​តំណែង​នៅ​​មុខ​សាលា​សង្កាត់​ប៉ោយប៉ែត​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា។ ការ​តវ៉ា​នេះ​ដោយសារ​ការ​ដឹក​នាំ​របស់​មេ​ភូមិ​​កន្លង​មក ប្រកាន់​បក្សពួកនិយម​​​ធ្វើ​ឲ្យ​អ្នក​ភូមិ​​មាន​ការ​ភ័យ​ខ្លាច។

តំណាង​អ្នក​ភូមិ​ដែល​បាន​ចូល​រួម​តវ៉ា​នោះ​ ថ្លែង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ​ថា ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ខក​ចិត្ត​ចំពោះ​សកម្មភាព​ដឹក​នាំ​របស់​មេភូមិ​ព្រៃ​ព្រិច ​សង្កាត់​ប៉ោយប៉ែត ឈ្មោះ​អ្នកស្រី ហុក លឿម ដោយ​ថា ​មេ​ភូមិ​រូប​នេះ​ពុំ​ដែល​គិត​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ​ទេ។

អ្នកស្រី​ គឿន វិត​ មាន​មតិ​បន្ត​ថា កាល​ពី​ខែ​កក្កដា កន្លង​ទៅ​កូន​របស់​​មេ​ភូមិ​ចំនួន ៣​នាក់​ បាន​ទៅ​​​វាយ​ក្មេង​អាយុ ១៥​ឆ្នាំ​ម្នាក់​​ជា​កូន​របស់​អ្នក​ស្រុក​​ក្បែរ​ខាង​ ហើយ​បន្ទាប់​ពី​ពួកគេ​បង្ក​បញ្ហា​​ភ្លាម​ប្រជាពលរដ្ឋ​បាន​ទៅ​ប្ដឹង​ប្រធាន​ភូមិ​ឲ្យ​ជួយ​ដោះស្រាយ​លើ​រឿង​នេះ​​ ប៉ុន្តែ​​​ពុំ​ទទួល​បាន​លទ្ធផល​​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត​ មេ​ភូមិ​មិន​ត្រឹម​តែ​មិន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​គំរាម​​ទៅ​លើ​ពួកគាត់​ទៅ​​វិញ​ថា​ បាន​ជា​កើត​​រឿងរ៉ាវ​​​បែប​នេះ​ទៅ​ហើយ​ នឹង​មិន​ឲ្យ​អ្នក​ភូមិ​រួច​ខ្លួន​នោះ​ឡើយ។

​អ្នកស្រី​ គឿន វិត៖ «គឺ​ខ្ញុំ​ជួប​រឿង​អយុត្តិធម៌​ច្រើន​លើក​ពេក​ពុំ​មែន​តែ​ខ្ញុំ​ទេ គឺ​មាន បួន​ប្រាំ​នាក់​តែ​គេ​អត់​ហាន​ចេញ​មុខ​ ពី​ព្រោះ​ថា អំណាច​មេ​ភូមិ​ហ្នឹង​ជះ​ឥទ្ធិពល​លើ​ប្រជាជន​ច្រើន​ណាស់ គឺ​គេ​អត់​ហ៊ាន​ចេញ​មុខ។ រួច​ហើយ​ពួក​ខ្ញុំ​ដែល​ជា​ប្រជាជន​ក្រីក្រ​ស្លូត​ត្រង់​នេះ​ ពុំ​មាន​លទ្ធភាព​តតាំង​ជាមួយ​គេ​ ខ្ញុំ​សុំ​មក​តវ៉ា​ថា​ សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌ ហើយ​សុំ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​បាន​សុខ​ផង»

អ្នកស្រី​បន្ត​ទៀត​ថា​ កន្លង​មក​កូន​របស់​មេ​ភូមិ​តែង​តែ​បង្ក​រឿង​ជា​មួយ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជា​ប្រចាំ ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ បញ្ហា​ទាំង​នេះ​ហើយ ​ជា​ហេតុ​ធ្វើ​អ្នក​ស្រុក​​មាន​ការ​ខឹងសម្បា ទើប​សម្រេច​ចិត្ត​​​នាំ​គ្នា​តវ៉ា​ទម្លាក់​មេ​ភូមិ​នោះ​ចេញ​ពី​តំណែង។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់​ទង​មេភូមិ​ព្រៃព្រិច​​ គឺ​អ្នកស្រី ហុក​ លឿម​ ដើម្បី​ឆ្លើយ​តប​​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ចៅ​សង្កាត់​ប៉ោយប៉ែត លោក នុត លី មាន​ប្រសាសន៍​បញ្ជាក់​ចំពោះ​ការ​ទាមទារ​សុំ​ឲ្យ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង​នោះ​​ថា លោក​នឹង​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សង្កាត់​ដើម្បី​តាមដាន​លើ​រឿង​នេះ​ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មេ​ភូមិ​ពិតជា​បង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋ​មែន​នោះ​ នឹង​ដក​​ចេញ​ពី​តំណែង​ភ្លាម៖ «ទេ! អា​ហ្នឹង​បើ​យើង​ពិនិត្យ​មើល​ជាក់​ស្ដែង​ បើ​វា​ប៉ះពាល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​យើង​ដក​ចេញ ព្រោះ​យើង​ធ្វើ​សព្វ​ថ្ងៃ​ដើម្បី​ប្រជាពលរដ្ឋ​ បម្រើ​ប្រជាពលរដ្ឋ​ជា​ធំ​ណាស់»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក​ ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា ​មេ​ភូមិ​ជា​សេនាធិការ​របស់​មេឃុំ​ ហើយ​​គ្មាន​សិទ្ធិ​អំណាច​ទៅ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​ថា​ មេភូមិ​ទៅ​គំរាមកំហែង​ប្រជាពលរដ្ឋ ​និង​បក្ស​ពួក​និយម​ក្នុង​ការ​រក​ដំណោះ​ស្រាយ​គឺ​ជា​អំពើ​ខុស​ច្បាប់​ ហើយ​​​មេ​ឃុំ​ត្រូវ​ចាត់​វិធានការ​ដក​ប្រធាន​ភូមិ​នោះ​ចេញ​ពី​តំណែង។

លោក​ ស៊ុំ ច័ន្ទគា៖ «បើ​សិន​ជា​ការ​សន្យា​ថា​ រក​ឃើញ​ដក​ចេញ​អី​អ៊ីចឹង​ ហើយ​មាន​ការ​ប្រកាន់​បក្ស​ពួក​ និន្នាការ​បក្ស​នយោបាយ​អី​គឺ​ចប់​ហើយ ព្រោះ​ថា ម៉េច​មិន​ដឹង​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​របៀប​ណា​ទេ ហើយ​យើង​ឃើញ​ភាគ​ច្រើន​កើត​ឡើង។ អ៊ីចឹង​ច្រើន​តែ​លាប​ពណ៌។ លាប​ពណ៌​ម៉េច? លាប​ពណ៌​ថា​ប្រជាពលរដ្ឋ​ហ្នឹង ក្រុម​ហ្នឹង​ទៅ​ក្រុម​អនាធិបតេយ្យ​ក្រុម​អី​ អ៊ីចឹង​យើង​នៅ​ក្នុង​ភូមិ​ហ្នឹង​គ្រប់​គ្រង​អ្នក​ណា?»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​ កន្លង​មក​អ្នក​ភូមិ​ធ្លាប់​​តវ៉ា​សុំ​ឲ្យ​មេឃុំ​ដក​ប្រធាន​ភូមិ​នោះ​ចេញ​ពី​តំណែង​ម្ដង​រួច​មក​ហើយ ដោយ​កាល​ណោះ​ចៅ​សង្កាត់​​និយាយ​ប្រាប់​ពួកគាត់​ថា​ សុំ​ពេល​វេលា ២​ខែ​ដើម្បី​ស៊ើប​អង្កេត​សកម្មភាព​របស់​មេភូមិ​ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។ ក្រុម​ប្រជាពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​វិញ​ បន្ទាប់​ពី​ចៅសង្កាត់​សន្យា​ពួកគាត់​ថា នឹង​ដោះស្រាយ​លើ​ការងារ​នេះ​ឲ្យ​ចប់​នៅ​​រយៈពេល​ប្រមាណ ២០​ថ្ងៃ​​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។