ប្រធានអង្គការខ្មែរម្នាក់ត្រូវវៀតណាមចាប់ខ្លួនពេលទៅមើលព្រំដែននៅស្វាយរៀង
2015.07.04
ជនជាតិវៀតណាម នៃខេត្តឡុងអាន (Long Ann) បានចាប់បុរសម្នាក់ជាប្រធានអង្គការសិទ្ធិកុមារ ស៊ី រ៉ៃត៍ (C Rights) កាលពីរសៀលថ្ងៃទី៤ ខែកក្កដា នេះ។
ការចាប់ខ្លួននេះធ្វើឡើងនៅពេលដែលលោក ផែន ប៊ុនធឿន បាននាំកុមារ និងយុវជនប្រមាណ ៤០នាក់ ចុះមើលបង្គោលព្រំដែនលេខ២០៣ នៅចំណុចភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យុវជនឈ្មោះ យឺន និវត្តន៍ ដែលបានចូលរួមទៅតំបន់ព្រំដែននោះ បានឲ្យដឹងថា ពលរដ្ឋវៀតណាមបាននាំគ្នាមួយក្រុមចូលមកវាយពួកគេក្នុងទឹកដីខ្មែរ។ ក្រុមជនជាតិវៀតណាម ទាំងនោះ បានប្រើដំបង និងដុំដីក្នុងពេលប៉ះទង្គិចនោះ ហើយពលរដ្ឋវៀតណាម មួយចំនួនកាន់កាំបិតនៅនឹងដៃផង។ បន្ទាប់ពីដេញវាយ ត្រូវក្បាលប្រធានអង្គការនោះហើយ ជនជាតិវៀតណាម បាននាំបុរសនោះចូលក្នុងទឹកដីរបស់គេបាត់ទៅ។ ទោះយ៉ាងណាករណីនេះពួកគេបានប្ដឹងទៅអាជ្ញាធរខ្មែរ តែរហូតមកដល់ម៉ោងប្រមាណ ៧យប់ថ្ងៃដដែល ពួកគេនៅពុំទាន់ទទួលបានដំណឹងថា យ៉ាងណានៅឡើយ។
ចំណែកអាជ្ញាធរក្នុងមូលដ្ឋានក៏ពុំទាន់អាចទាក់ទងដើម្បីបញ្ជាក់ព័ត៌មានបន្ថែមបាននៅឡើយដែរ។
ទីតាំងដែលពលរដ្ឋវៀតណាម ចាប់ខ្លួនប្រធានអង្គការខ្មែរនេះ គឺជាទីតាំងតែមួយដែលពលរដ្ឋខ្មែរ និងវៀតណាម បានប៉ះប្រយុទ្ធគ្នាមួយប្រាវបណ្ដាលឲ្យរបួសរៀងៗខ្លួន កាលពីថ្ងៃទី២៨ ខែមិថុនា។ ការប៉ះទង្គិចគ្នានេះ នៅពេលដែលពលរដ្ឋវៀតណាម រារាំងមិនឲ្យខ្មែរចូលទៅពិនិត្យព្រំដែន៕