អ្នក​លក់​ដូរ​រអ៊ូរទាំ​ថា​លក់​មិន​ដាច់​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ

ដោយ ប្រាជ្ញ ចេវ
2015.11.26
លក់​ទំនិញ​បុណ្យ​អុំ​ទូក ៦២២ សកម្មភាព​លក់​ទំនិញ​នានា​នៅ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នា​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ ក៏​មិន​ខុស​ពី​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ពីរ​ដែរ គឺ​នៅ​ពេល​ថ្ងៃ​ពុំ​មាន​ពលរដ្ឋ​ប្រមូល​ផ្តុំ​នៅ​មុខ​ព្រះបរមរាជវាំង មាត់​ទន្លេ រមណីយដ្ឋាន​វត្ត​ភ្នំ ឬ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ច្រើន​នោះ​ទេ។ អ្នក​លក់​ដូរ​នៅ​មុខ​វាំង ទីកន្លែង​ដែល​ធ្លាប់​មាន​ពិធី​អុំ​ទូក រអ៊ូរទាំ​ថា នៅ​ឆ្នាំ​នេះ​លក់​ដូរ​មិន​ដាច់​ទេ បើ​ប្រៀបធៀប​នឹង​ពិធី​បុណ្យ​អុំ​ទូក​ដែល​មាន​ការ​ប្រណាំង​ទូក។

បើ​ទោះ​ជា​ក្រុម​អាជីវករ ប្រឹង​ចាក់​បទ​ភ្លេង និង​ចម្រៀង​ឲ្យ​ដង្ហោយ​ហៅ​អ្នក​ទិញ​យ៉ាង​ណា​ក្តី ក៏​នៅ​តាម​ស្តង់​លក់​ទំនិញ​កន្លែង​ខ្លះ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ មិន​សូវ​មាន​មនុស្ស​ចូល​ទៅ​មើល​ឡើយ។

អាជីវករ​មួយ​ចំនួន​ចាប់​តាំង​ពី​អ្នក​លក់​ដូរ​តូចតាច រហូត​ដល់​ម្ចាស់​ស្តង់​ទំនិញ លើក​ឡើង​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ដែល​គ្មាន​ការ​ប្រណាំង​ទូក មិន​បាន​ទាក់ទាញ​មហា​ជន​ទូទៅ​ឲ្យ​មក​ដើរ​កម្សាន្ត​ច្រើន​នោះ​ទេ​នៅ​ភ្នំពេញ។

អ្នក​លក់​នំ​បញ្ចុក​នៅ​មុខ​វាំង លោកស្រី គត់ ភាន ប្រាប់​ថា ឆ្នាំ​នេះ​លោកស្រី​លក់​ដូរ​មិន​សូវ​ដាច់​ទេ ព្រោះ​មិន​សូវ​មាន​អ្នក​មក​លេង​នៅ​មុខ​វាំង។ ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ មាន​សម្បុរ​សណ្ដែក​បាយ រៀបរាប់​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា ឆ្នាំ​នេះ​ស្ងាត់​ណាស់៖ «អត់​សូវ​ដាច់​ទេ បើ​អុំ​ទូក​លក់​ដាច់​ណាស់ ឆ្នាំ​នេះ​អត់​សូវ​មាន​មនុស្ស​សោះ»

កន្លង​ទៅ នៅ​ពេល​មាន​ពិធី​បុណ្យ​អុំ​ទូក​ម្តងៗ ប្រជាពលរដ្ឋ​តែង​តែ​នាំ​គ្នា​ឡើង​មក​លេង​កម្សាន្ត​នៅ​ក្រុង​ភ្នំពេញ។ ប្រជាពលរដ្ឋ​ទាំង​នោះ អាច​ដើរ​ទស្សនា​កម្សាន្ត​នៅ​តាម​មាត់​ទន្លេ វិមាន​ឯករាជ្យ ព្រះបរមរាជវាំង វត្ត​ភ្នំ និង​សារមន្ទីរ​ជាតិ ជាដើម។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​ភាគ​ច្រើន​បែរ​ជា​សម្រុក​ចាក​ចេញ​ពី​ភ្នំពេញ​វិល​ទៅ​ស្រុក​កំណើត ឬ​ដើរ​កម្សាន្ត​នៅ​តាម​បណ្ដា​ខេត្ត ដូចជា ខេត្ត​សៀមរាប ឬ​ខេត្ត​ព្រះសីហនុ ជាដើម។

អ្នក​លក់​ស្បែក​ជើង​ម្នាក់ គឺ​លោក លី សុខា ប្រាប់​ថា បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ លោក​ប្ដូរ​ទីតាំង​លក់​នៅ​ម្តុំ​ផ្សារ​កណ្ដាល​ក្បែរ​មាត់​ទន្លេ ទៅ​លក់​នៅ​ក្នុង​បរិវេណ​ទីក្រុង​កោះ​ពេជ្រ​វិញ។ លោក​បន្ត​ថា ការ​ប្ដូរ​ទីតាំង​លក់​នេះ ព្រោះ​កន្លែង​ដែល​ធ្លាប់​លក់​ពុំ​សូវ​មាន​មនុស្ស​ច្រើន​ទេ នៅ​ពេល​គ្មាន​ការ​ប្រឆាំង​ទូក។ បុរស​រូប​នេះ​ឲ្យ​ដឹង​ថា ទីតាំង​ថ្មី​ដែល​លោក​មក​លក់ គឺ​ភ្ញៀវ​ចូល​ច្រើន ព្រោះ​ជា​តំបន់​ទេសចរណ៍៖ «បើ​សិន​បន្ត​លក់​នៅ​ផ្សារ​កណ្ដាល ប្រហែល​លក់​មិន​ដាច់​ទេ ព្រោះ​មនុស្ស​តិច​ណាស់ ចឹង​ហើយ​ខ្ញុំ​ប្ដូរ​មក​លក់​នៅ​កោះ​ពេជ្រ​វិញ»

រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន បាន​ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​រាជធានី​ភ្នំពេញ អស់​រយៈពេល ៤​ឆ្នាំ​មក​ហើយ គិត​មក​ដល់​ឆ្នាំ​២០១៥ នេះ។ ចាប់​តាំង​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៣៥៣​នាក់ គ្រោះ​ទឹក​ជំនន់ និង​ការ​យាង​សោយ​ទិវង្គត​នៃ​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​នរោត្តម សីហនុ។

ព្រះរាជ​ពិធី​នេះ បាន​ប្រារព្ធ​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​ត្រូវ​បាន​ដោះស្រាយ ដែល​កាល​នោះ មាន​ទាំង​ប្រមុខ​មន្ត្រី​បក្ស​កាន់​អំណាច និង​ប្រមុខ​មន្ត្រី​បក្ស​ប្រឆាំង​ចូលរួម។

ពលរដ្ឋ​ដើរ​លំហែ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក លោកស្រី ពេជ្រ ស្រីមុំ និយាយ​ថា លោកស្រី​បាន​ដើរ​លេង​ច្រើន​កន្លែង​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ ប៉ុន្តែ​ពលរដ្ឋ​រូប​នេះ ក្រៅ​ពី​ឃើញ​ទស្សនីយភាព​នានា លោកស្រី​ចង់​ឃើញ​មាន​ពិធី​ប្រណាំង​ទូក៖ «សុំ​ឲ្យ​ឆ្នាំ​ក្រោយ​មាន​បុណ្យ​អុំ​ទូក​ឡើង​វិញ ព្រោះ​ខ្ញុំ​ចង់​ឃើញ កុំ​ឲ្យ​ប្រពៃណី​ខ្មែរ​យើង​បាត់​ទៅៗ​ចឹង​ទេ»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា រយៈពេល​ពីរ​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ មាន​ពលរដ្ឋ​ចូលរួម​ជាង ១៥​ម៉ឺន​នាក់។ លោក​បន្ត​ថា សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ។

ទាក់ទង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នេះ​ដែរ របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក មាន​មនុស្ស ១៦​នាក់​បាន​ស្លាប់ និង ៦១​នាក់​រង​របួស ក្នុង​នោះ ៥០​នាក់​រង​របួស​ធ្ងន់ និង ១១​នាក់​ទៀត​រង​របួស​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

លោក ហ៊ុន សែន បាន​ព្យាយាម​ពន្យល់​ពលរដ្ឋ​ពី​ការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក​នេះ​ថា ដោយសារ​កម្ពស់​ទឹក​ទន្លេសាប មិន​គ្រប់​កម្រិត​ដែល​អាច​អុំ​ទូក​បាន ខណៈ​មតិ​មួយ​ចំនួន​ថា លោក ហ៊ុន សែន មិន​ឲ្យ​មាន​ពិធី​បុណ្យ​អុំ​ទូក ព្រោះ​ខ្លាច​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។