សហជីព​នៅ​កំពង់ចាម​ប្រកាន់​ជំហរ​តវ៉ា​ឬ​ដាក់​ញត្តិ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​និង​ទូត​អាមេរិក

ដោយ សូត សុខប្រាថ្នា
2015.01.27
កម្មករ​រោងចក្រ​មេនហាតធេន កំពង់ចាម ៦២០ តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា ឈរ​កាន់​បដា​ទាមទារ​ឲ្យ​តំណាង​ពួក​គាត់​អាច​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​មេនហាតធេន ឬ​មេតថេក (Medtec) នៅ​ខេត្ត​កំពង់ចាម ស្រប​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

អ្នក​ដឹក​នាំ​សហជីព​កម្មករ​ខេត្ត​កំពង់ចាម នៅ​តែ​ប្រកាន់​គោល​ជំហរ​ថា​នឹង​ឡើង​ទៅ​តវ៉ា ឬ​ដាក់​ញត្តិ​នៅ​មុខ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​របស់​រោងចក្រ​មេនហាតធេន (Manhattan) នៅ​រាជធានី​ភ្នំពេញ និង​បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក តែ​ម្តង ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ព្រម​គោរព​ច្បាប់​ប្រទេស​កម្ពុជា គឺ​ត្រូវ​ទទួល​យក​សហជីព​ក្នុង​រោងចក្រ ៣​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ខាង​លោក​សហការ​ជាមួយ​អ្នក​ដឹក​នាំ​សហជីព​ខេត្ត​កំពង់ចាម កំពុង​រៀបចំ​ឯកសារ​ដើម្បី​យក​ទៅ​ដាក់​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ និង​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ពេល​ឆាប់ៗ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្នុង​រោងចក្រ​មេនហាតធេន នៅ​ខេត្ត​កំពង់ចាម ពីព្រោះ​ថៅកែ​របស់​ក្រុមហ៊ុន​នេះ គឺ​ជា​ជនជាតិ​អាមេរិក៖ «ក្នុង​នាម​ខ្ញុំ​សហភាព​សហជីព​កម្ពុជា ក៏ដូចជា​សម្ព័ន្ធ​សហជីព​កម្ពុជា យើង​ចង់​ឃើញ​ផ្តល់​យុត្តិធម៌​ជូន​សហជីព​ទាំង​បី​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ គឺ​វា​ចប់​សព្វគ្រប់​ហើយ»

ការ​គ្រោង​ទៅ​តវ៉ា​នៅ​ភ្នំពេញ​នេះ ស្រប​ពេល​ប្រធាន​សហជីព​មូលដ្ឋាន​ក្នុង​រោងចក្រ និង​ប្រពន្ធ ត្រូវ​តុលាការ​ខេត្ត​កំពង់ចាម ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ខែ​កុម្ភៈ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។

ចំណែក លោក រ៉ុង ឈុន យល់​ថា អាជ្ញាធរ​ខេត្ត​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ។ លោក​ថា មន្ត្រី​រាជ​រដ្ឋាភិបាល​តែង​តែ​យក​ប្រព័ន្ធ​តុលាការ​មក​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​មេ​ដឹក​នាំ​សហជីព​គ្រប់​ពេល ទាំង​មេ​ដឹក​នាំ​សហជីព​ថ្នាក់​ជាតិ និង​មេ​ដឹក​នាំ​សហជីព​តាម​មូលដ្ឋាន ពិសេស​នៅ​ពេល​ពួក​គាត់​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​កម្មករ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។