កម្មកររោងចក្រ ៥នាក់ស្លាប់ និងជិត ៧០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកពួកគាត់ទៅធ្វើការនៅព្រឹកថ្ងៃទី១២ ខែមករា។ ទាក់ទិននឹងរឿងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នេះ អាជ្ញាធរកំពុងបន្តនីតិវិធីស្វែងរកចាប់ខ្លួនអ្នកបើកបរ ខណៈដែលសហជីព និងអង្គការសង្គមស៊ីវិលកំពុងតាមដាន និងត្រៀមទាមទារសំណង និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់គ្រួសារកម្មកររងគ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្ដាលឲ្យកម្មកររោងចក្រ នូវ ខប ( NOW CORP) ចំនួន ៥នាក់ស្លាប់ និង ៦៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៤១ ត្រង់ចំណុចមុខវត្តស្រះស្រង់ ស្ថិតក្នុងភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កម្មករិនី ឈឹង សាវ ជាសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដោយសារអ្នកបើកបររថយន្តដឹកកម្មករមួយគ្រឿងឈ្មោះ រ៉ា មន ព្យាយាមបើកជែងរថយន្តដឹកកម្មកររបស់គាត់ក្នុងទិសដៅស្របគ្នាលើផ្លូវជាតិលេខ៤១ ដើម្បីទៅធ្វើការនៅរោងចក្រ នូវ ខប ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល៖ «ឡានគ្រោះថ្នាក់នេះវាបើកមកពីក្រោយ ហើយវាវ៉ាទៅមុខ ប៉ុន្តែមានឡានអាបែនអាវែងមួយនៅពីមុខ។ ដល់អ៊ីចឹង តៃកុងឡានវាលោតចេញបាត់ទៅ ហើយពេលអត់តៃកុងឡាន វារេក្រឡាប់តែម្តង»។
ពេលជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ អ្នកបើកបររថយន្តដឹកកម្មករទាំងពីរ បានរត់គេចខ្លួន ហើយចំណែកកម្មកររងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯអ្នករបួសស្រាល កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួនក្នុងខេត្តកំពង់ស្ពឺ។
អធិការរងស្រុកគងពិសី ទទួលបន្ទុកចរាចរណ៍ និងសណ្ដាប់ធ្នាប់ លោក សុខ សុផល មានប្រសាសន៍ថា អាជ្ញាធរកំពុងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកឡានបង្កហេតុយកមកផ្ដន្ទាទោស។ លោកបញ្ជាក់ថា នេះជាលើកទីមួយហើយដែលមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសច្រើនរហូតជិត ៧០នាក់ នៅឆ្នាំ២០១៦៖ «ខាងសមត្ថកិច្ចខ្ញុំកំពុងខិតខំស្រាវជ្រាវតៃកុងឡានដែលបង្កគ្រោះថ្នាក់ ដើម្បីឲ្យទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើង»។
លោក កាន សុខុម ជាសាច់ញាតិកម្មការិនីរងគ្រោះឈ្មោះ ណុប លីម ដែលស្លាប់នៅនឹងកន្លែងកើតហេតុ រៀបរាប់ថា គ្រួសារជនរងគ្រោះកំពុងជួបវិបត្តិផ្លូវចិត្ត និងវិបត្តិសេដ្ឋកិច្ចគ្រួសារ ព្រោះថា គាត់បានបន្សល់ទុកកូនតូចៗបីនាក់ និងប្ដីគ្មានមុខរបរអ្វីផ្សេងក្រៅពីឡើងត្នោត៖ «សូមជួយរកយុត្តិធម៌ផងដើម្បីកុំឲ្យក្មេងនោះ វារស់នៅកំព្រាវេទនាពិបាកអីអ៊ីចឹងពេលអត់ម្តាយ»។
ស្ថានភាពគ្រួសាររបស់ជនរងគ្រោះផ្សេងទៀត ក៏មិនខុសគ្នាប៉ុន្មានឡើយ ពោលគឺពួកគេកំពុងរស់នៅក្នុងស្ថានភាពតោកយ៉ាក ដោយខ្លះជាប់បំណុលធនាគារទៀតផង។
ក្នុងមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ថ្មីបានចែងថា អ្នកបើកបរដែលបង្កអោយមានអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យពី ៤លាន ទៅ ១៥លានរៀល។ ទោសនេះនឹងត្រូវផ្ដន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យពី ១០លានរៀល ដល់ ២៥លានរៀល ប្រសិនបើបណ្ដាលអោយមានអ្នកស្លាប់ច្រើននាក់ ឬករណីផ្សេងៗមួយចំនួនទៀត។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសាមគ្គីភាព អ្នកស្រី សូ សុម៉ាល័យ ដែលតាមដានករណីគ្រោះថ្នាក់ចរាចរណ៍នេះ លើកឡើងថា តាមផ្លូវច្បាប់ ប្រសិនបើកម្មករ-កម្មការិនី ជួបគ្រោះថ្នាក់អំឡុងពេលពួកគាត់ទៅបំពេញការងារនោះ គឺរបបបេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា ប.ស.ស ជាអ្នកទទួលខុសត្រូវ។ ដូច្នេះ អ្នកស្រីក៏ជំរុញឲ្យមន្ត្រី ប.ស.ស ជួយយកចិត្តទុកដាក់ផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករដែលស្លាប់ និងរងរបួសឲ្យបានលឿន និងទៀងទាត់៖ «នៅពេលកម្មករស្លាប់ គឺ ប.ស.ស មានតួនាទីទទួលខុសត្រូវផ្តល់អត្ថប្រយោជន៍ ៧០ភាគរយនៃប្រាក់ខែម្តាយស្លាប់នោះ ឲ្យកូនគាត់រហូតដល់អាយុ ២១ឆ្នាំ ប្រសិនបើកូនគាត់ចូលសាលារៀន ប៉ុន្តែបើអត់រៀន បានត្រឹមអាយុ ១៨ឆ្នាំ។ ហើយប្ដីរបស់គាត់ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នា ប៉ុន្តែបើគាត់យកប្រពន្ធថ្មីនោះ គឺមិនទទួលបានទៀតឡើយ។ សម្រាប់កម្មកររងរបួសនោះ គឺ ប.ស.ស មានតួនាទីព្យាបាល និងទទួលខុសត្រូវទៅលើការចំណាយ»។
ដោយឡែក ក្រោយគ្រោះថ្នាក់ចរាចរណ៍ភ្លាម ក្រសួងការងារ ក៏បានចេញសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ និងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចុះសួរសុខទុក្ខ និងដោះស្រាយទុក្ខលំបាករបស់កម្មករ-កម្មការិនី និងក្រុមគ្រួសារ ទៅតាមគោលការណ៍របបសន្តិសុខសង្គម។
កម្មការិនីរោងចក្រ នូវ ខប ដែលស្លាប់ទាំង ៥នាក់នោះ មានឈ្មោះ ស៊ីម ខុម ណុប លីម ស្រីប៉ិច អ៊ីវ សុខមុំ និងឈ្មោះ ផាត់ សុខច័ន្ទ។ ពួកគេរស់នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ ខែត្រកំពង់ស្ពឺ។
អាជ្ញាធរក៏អំពាវនាវឲ្យអ្នកបើកបរបរទាំងឡាយត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកឡានដឹកកម្មករ ត្រូវឈប់ផ្ទុកមនុស្សប្រជ្រៀតគ្នាតទៅទៀត។
អគ្គស្នងការនគរបាលជាតិ លើកឡើងថា បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឲ្យអនុវត្តនោះមក អត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះប្រមាណ ១៩ភាគរយ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការទាក់ទងចរាចរណ៍លើកឡើងថា ការថយចុះនេះនៅតែជាចំនួនតិចតួចនៅឡើយ និងជំរុញឲ្យសមត្ថកិច្ចត្រូវរឹតបន្តឹងមូលហេតុសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍បន្តទៀត ក្នុងនោះមានបើកបរលើសល្បឿនកំណត់ និងវ៉ាជែងគ្នាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។