កម្មករ​អូស​រទេះ​ដែល​របួស​ធ្ងន់​ក្នុង​បាតុកម្ម​នៅ​ប៉ោយប៉ែត​ប្ដឹង​សមត្ថកិច្ច​ទារ​សំណង​ជំងឺ​ចិត្ត

ដោយ ហ៊ុំ ចំរើន
2015.06.09
កម្មករ​តវ៉ា ប៉ោយប៉ែត ៦២០ កងកម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ចាប់​វាយ​កម្មករ​អ្នក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គយ​​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៥។
Provided Photo

កម្មករ​អូស​រទេះ​ដែល​រង​របួស​ធ្ងន់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ពេល​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្ដឹង​សមត្ថកិច្ច​ទៅ​តុលាការ ទាមទារ​សំណង​ជំងឺ​ចិត្ត។

កម្មករ​អូស​រទេះ​អះអាង​ថា មូលហេតុ​ដែល​គេ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ដោយសារ​ខ្លួន​ទន្ទឹង​រង់ចាំ​សមត្ថកិច្ច​ចាត់​វិធានការ​ជន​ដែល​បង្ក​របួស​ស្នាម ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជិត ២​សប្ដាហ៍​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

កម្មករ​អូស​រទេះ​អះអាង​ថា ខ្លួន​ពុំ​បាន​ទៅ​បង្ក​ហិង្សា​ដាក់​សមត្ថកិច្ច​ក្នុង​ហេតុការណ៍ ដែល​កើត​ឡើង​ខណៈ​ដែល​ពួក​គេ​តវ៉ា​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត នោះ​ឡើយ។

កម្មករ​ដែល​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ម៉ៅ សុន ថ្លែង​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា នៅ​ក្នុង​ហេតុការណ៍​ដែល​ពួក​គេ​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត បន្ធូរបន្ថយ​ពន្ធ​ដឹក​ទំនិញ​តាម​រទេះ​នា​ពេល​កន្លង​ទៅ​នោះ មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ២​នាក់​ជា​អ្នក​បង្ក​បញ្ហា​វាយ​ដំ​លើ​រូប​គាត់ ដោយ​អុក​នឹង​ជង្គង់​បណ្ដាល​រង​របួស​ធ្ងន់​រហូត​ដល់​សន្លប់​នៅ​នឹង​កន្លែង។ បុរស​វ័យ ៣៧​ឆ្នាំ​រូប​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​បង្ក​របួស​ស្នាម​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «បាទ! ខាង​សមត្ថកិច្ច​ពុំ​ទាន់​រក​ខុស​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ឡើយ​ទេ។ ខ្ញុំ​ប្ដឹង​នេះ ទាមទារ​សំណង​ខ្លះ​ដែល​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល​មិន​អាច​ចេញ​ទៅ​ធ្វើ​ការងារ​អស់​មួយ​រយៈ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក ជា ដា មាន​ប្រសាសន៍​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​ប្ដឹង​ផ្ដល់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ទៅ​តុលាការ ពី​សំណាក់​កម្មករ​អូស​រទេះ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​អូស​រទេះ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅ​នោះ ពុំ​មែន​ជា​កំហុស​របស់​សមត្ថកិច្ច​នោះ​ទេ៖ «ករណី​នេះ​តើ​អ្នក​ណា​ជា​អ្នក​បង្ក​មុន​ទៅ? ហើយ​ខាង​សមត្ថកិច្ច​ក៏​រង​របួស​ដែរ ពីព្រោះ​ខ្ញុំ​ជា​សមត្ថកិច្ច ខ្ញុំ​ត្រូវ​ធ្វើ​តាម​ច្បាប់ គឺ​អត់​មាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ណា​ម្នាក់​នោះ​ទេ»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ព្រួយ​បារម្ភ​ខ្លាច​តុលាការ​ខេត្ត​បន្ទាយមានជ័យ មិន​អាច​រក​យុត្តិធម៌​ឲ្យ​កម្មករ​អូស​រទេះ​នោះ​បាន ពីព្រោះ​ថា ភាគី​ម្ខាង​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត នោះ។ លោក ស៊ុំ ច័ន្ទគា ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដំណើរ​ការ​លើ​សំណុំ​រឿង​នេះ​ដោយ​ឯករាជ្យ​ទៅ​តាម​អំណាច​របស់​ខ្លួន​តាម​ច្បាប់៖ «ព្រោះ​ថា ដោយសារ​អ្នក​នោះ​ឯង​ជា​អ្នក​មាន​អំណាច វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ភស្តុតាង​ផ្សេងៗ ក្នុង​ការ​ស៊ើប​អង្កេត​បាន។ ដូច​នេះ មាន​ស្ថាប័ន​តុលាការ​ទេ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន»

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ​ជាមួយ​សមត្ថកិច្ច ខណៈ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត នោះ បណ្ដាល​ឲ្យ​កម្មករ​ម្នាក់​រង​របួស​ធ្ងន់ និង​មន្ត្រី​សន្តិសុខ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត ម្នាក់​រង​របួស​ស្រាល និង​ខូចខាត​រថយន្ត​គយ​ចំនួន ៧​គ្រឿង ព្រម​ទាំង​បែក​កញ្ចក់​ទ្វារ​បង្អួច​ស្នាក់ការ​គយ​មួយ​ចំនួន​ទៀត។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ចាប់​ជន​បង្ក​ណា​ម្នាក់​ឲ្យ​ទទួល​ខុស​ត្រូវ និង​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។

កម្មករ​អូស​រទេះ​ដែល​រង​របួស​ធ្ងន់​អះអាង​ថា ខ្លួន​បាន​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ដែល​បង្ក​របួស​ស្នាម ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ រួច​រាល់​ហើយ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។