កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​ស្ថានទូត​អាមេរិក

ដោយ អាន ស៊ីថាវ
2015.01.19
កម្មករ​រោងចក្រ​មេនហាតធេន កំពង់ចាម ៦២០ តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា ឈរ​កាន់​បដា​ទាមទារ​ឲ្យ​តំណាង​ពួក​គាត់​អាច​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​មេនហាតធេន ឬ​មេតថេក (Medtec) នៅ​ខេត្ត​កំពង់ចាម ស្រប​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Saut Sokprathna

កម្មករ​​​​ប្រមាណ ២០០​នាក់​ ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ មេហាតធេន (Manhattan) ខេត្ត​កំពង់ចាម តវ៉ា​ចំពោះ​ការ​បញ្ឈប់​មេដឹកនាំ​សហជីព​រោងចក្រ ហើយ​បាន​​​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ​ជា​បន្ត​ទៀត​នៅ​​ថ្ងៃ​ទី​១៩ មករា។ ពួកគេ​គ្រោង​នឹង​ធ្វើ​​ជា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ នា​មុខ​ស្ថានទូត​អាមេរិក ដែល​ជា​ប្រទេស​អ្នក​បញ្ជា​ទិញ​ដ៏​ធំ​បំផុត ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ។

ការ​បណ្ដេញ​ចេញ​មេដឹកនាំ​សហជីព ឬ​អ្នក​ការពារ​ផល​ប្រយោជន៍​កម្មករ​​ចេញ​ពី​ទីកន្លែង​ធ្វើ​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ​នានា គឺ​តែង​កើត​មាន​ឡើង​ជា​រឿយៗ​នៅ​ប្រទេស​កម្ពុជា។ ជាក់​ស្ដែង​ការ​ធ្វើ​បាតុកម្ម​​នៅ​មុខ​រោងចក្រ មេហាតធេន នៅ​ខេត្ត​កំពង់ចាម គឺ​ជា​​ឧទាហរណ៍​ស្រាប់​ដែល​ក្រុម​កម្មករ​បាន​ចំណាយ​ពេល​វេលា​ជាង​មួយ​ខែ​មក​ហើយ ​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​រោងចក្រ​នេះ ​ទទួល​​មេ​ដឹក​នាំ​សហជីព​របស់​ពួក​គេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

ការ​តវ៉ា​នេះ បាន​ល្បី​ខ្ទរខ្ទារ​ដល់​ថ្នាក់​ដឹក​នាំ​សហជីព​នៅ​រាជធានី​ភ្នំពេញ និង​ថ្នាក់​ដឹក​សហជីព​មួយ​ចំនួន​ដែល​ការពារ​ផលប្រយោជន៍​កម្មករ និង​បាន​ចូល​រួម​ដឹក​នាំ​បាតុកម្ម​នោះ​ដែរ​ ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ដល់​ប្រធាន​​រោងចក្រ​ទទួល​យក​សំណើ ឬ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​កាន់​តែ​ឆាប់​រហ័ស។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ​​ដែល​បាន​ដឹក​នាំ​បាតុកម្ម​នៅ​មុខ​រោងចក្រ​មេហាតធេន នៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៩ មករា អះអាង​ថា​ ប្រសិន​បើ​ខាង​​អ្នក​គ្រប់គ្រង​រោងចក្រ​​មិន​ដោះស្រាយ​ទៅ​តាម​ការ​ស្នើ​របស់​កម្មករ​នោះ​ទេ បាតុកម្ម​នេះ​នឹង​ផ្ទុះ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ ​ជា​ពិសេស​​តវ៉ា​​មុខ​ស្ថានទូត​អ្នក​បញ្ចា​ទិញ​ បរទេស​ដូច​ជា​សហរដ្ឋ​អាមេរិក​ជា​ដើម។ ម៉្យាង​វិញ​ទៀត លោក​បាន​ស្នើ​ឲ្យ​សុំ​ឲ្យ​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ឲ្យ​​ជួយ​ពន្លឿន​​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ជៀសវាង​ការ​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ «យើង​ចង់​​ឲ្យ​ក្រសួង​ការងារ ធ្វើ​យ៉ាង​ម៉េច​ជំរុញ​ឲ្យ​និយោជក​ទទួល​យក​មេដឹកនាំ​សហជីព​ឲ្យ​ចូល​ធ្វើ​ការ​​ដូច​ធម្មតា​វិញ»

​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​មន្ទី​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ចាម លោក ចេង ហ៊ាង មាន​ប្រសាសន៍​ថា ជម្លោះ​រវាង​កម្មករ​និង​រោងចក្រ​មេហាតធេន​នេះ ​គឺ​ជា​បញ្ហា​ដែល​កើត​ឡើង​ហួស​ពី​ដែន​កំណត់​នៃ​ការ​ដោះស្រាយ​របស់​មន្ទីរ។ លោក​បញ្ជាក់​ថា​ រយៈ​កាល​កន្លង​មក​ មន្ទីរ​បាន​ព្យាយាម​សម្របសម្រួល​តែ​មិន​បាន​ផល​អ្វី​ឡើយ ដោយ​ខាង​និយោជក ឬ​ថៅកែ​រោងចក្រ​បដិសេធ មិន​ទទួល​យក​​មេដឹកនាំ​សហជីព​នោះ មក​ធ្វើ​ការ​វិញ​ឡើយ។ ​ប្រធាន​រដ្ឋបាល​រោងចក្រ​មេហាតធេន បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​អំពី​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៩ មករា៖ «យើង​ខិតខំ​សម្របសម្រួល​ដែរ តែ​ខាង​រោងចក្រ​គេ​បដិសេធ​ មិន​ព្រម»

​មន្ត្រី​សម្របសម្រួល​​នៃ​អង្គការ​លីការដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ចាម ដែល​បាន​ស៊ើប​ការ​ធ្វើ​បាតុកម្ម​នេះ លោក ប៊ូ វីរៈ អះអាង​ថា ​ការ​ធ្វើ​បាតុកម្ម​នេះ ហាក់​​បាន​​ដូច​អូស​បន្លាយ​យូរ​ពេក​ហើយ ដែល​ខាង​ភាគី​ម្ចាស់​រោងចក្រ​ ​នៅ​តែ​មិន​ឆ្លើយ​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​​បាន​បង្គាប់​ឱ្យ​តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា ក្នុង​រោងចក្រ​មួយ​ចំនួន​ចូល​ការ​ដូច​ធម្មតា​វិញ ប៉ុន្តែ​ភាគី​រោងចក្រ​មិន​ព្រម​អនុវត្ត​តាម​ដែល​បណ្ដាល​ឲ្យ​កម្មករ​ប្រមាណ​ជាង ៧០% ក្នុង​ចំណោម​កម្មករ​សរុប​របស់​រោងចក្រ​មេហាតធេន ជាង ២​ពាន់​នាក់​ មិន​ព្រម​ចូល​ធ្វើ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។