អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​បញ្ហា​សំខាន់​៣​ចំណុច​ដែល​យុវជន​កំពុង​ជួប​ប្រទះ​ក្នុង​សង្គម

ដោយ ហ៊ុំ ចំរើន
2016.08.29
វេទិកា​យុវជន​នៅ​បាត់ដំបង ២០១៦ ៨៥៥ វេទិកា​យុវជន​ស្ដីពី "តម្រូវ​ការ​អាទិភាព​របស់​យុវជន" ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​យុវជន ស្រាវជ្រាវ​រក​ឃើញ​ក្ដី​កង្វល់​សំខាន់​របស់​យុវជន​នៅ​ក្នុង​សង្គម​មាន ៣​ចំណុច គឺ​យុវជន និង​ការងារ សុវត្ថិភាព និង​ការ​អប់រំ ដែល​ជា​បញ្ហា​ប្រឈម ហើយ​ត្រូវ​រួម​គ្នា​ដោះស្រាយ។ ទន្ទឹម​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​អប់រំ​ដល់​ក្រុម​យុវជន​ប្រមាណ ១០០​នាក់​នៅ​ខេត្ត​បាត់ដំបង ឲ្យ​ពួក​គេ​បាន​យល់​ដឹង​បញ្ហា​ទាំងនោះ ដើម្បី​ជា​ការ​រួម​ចំណែក​ដោះស្រាយ​ពី​ការ​ប្រឈម​បាន​ឆាប់​រហ័ស។

មន្ត្រី​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ (YCUD) ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​យុវជន ក្រោម​ប្រធានបទ "តម្រូវ​ការ​អាទិភាព​របស់​យុវជន" ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា។

អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ (YCUD) អ្នកស្រី ម៉ី សម្ផស្ស ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី តម្រូវ​ការ​អាទិភាព​របស់​យុវជន ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ (YCUD) អ្នកស្រី ម៉ី សម្ផស្ស ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី តម្រូវ​ការ​អាទិភាព​របស់​យុវជន ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ អ្នកស្រី ម៉ី សម្ផស្ស ប្រាប់​អាស៊ីសេរី ក្នុង​វេទិកា​នៅ​ពេល​សម្រាក​អាហារ​សម្រន់​ថា បញ្ហា​សំខាន់​របស់​យុវជន​សព្វថ្ងៃ​ដែល​ពួក​គេ​ជួប​ប្រទះ គឺ​យុវជន​គ្មាន​ការងារ​ធ្វើ និង​មាន​ការងារ​តែ​ទទួល​បាន​ប្រាក់​ខែ​ទាប បញ្ហា​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម ដូចជា​ការ​ប្រើប្រាស់​ថ្នាំ​ញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម។

អ្នកស្រី​បញ្ជាក់​ថា អ្វី​ដែល​អង្គការ​រក​ឃើញ​ចំណុច​ទី​៣ នោះ គឺ​បណ្ដាល​មក​ពី​ការ​អប់រំ​យុវជន​នៅ​តាម​សាលា​រៀន​ចុះ​ខ្សោយ។ អ្នកស្រី​ពន្យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ទាំង ៣​ចំណុច​នោះ​បាន គឺ​ធ្វើ​យ៉ាង​ណា​ផ្ដល់​ឱកាស​ដល់​យុវជន សម្រាប់​ផ្សារភ្ជាប់​ជាមួយ​បណ្ដាញ​ផ្សេងៗ និង​ចងក្រង​ក្រុម​យុវជន​តាម​សហគមន៍​ដែល​ពួក​គេ​រស់នៅ ជា​បណ្ដាញ​ឲ្យ​បាន​ទូលំទូលាយ​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ។

អ្នកស្រី​បន្ថែម​ថា ពង្រឹង​បណ្ដាញ​សង្គម​ដោយ​ជំរុញ​ឲ្យ​យុវជន​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​សិក្ខាសាលា ឬ​វេទិកា​យុវជន និង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​កសាង​សំឡេង​រួម​របស់​យុវជន​ក្នុង​ការ​ទាមទារ​សិទ្ធិ​ពី​រដ្ឋាភិបាល ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​បញ្ចូល​មុខវិជ្ជា​សិក្សា​អំពី​អាស៊ាន​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​យុវជន ជាដើម៖ «បើ​សិន​ជា​ក្នុង​សហគមន៍​ភូមិ-ឃុំ​មាន​សុវត្ថិភាព យុវជន​គាត់​នឹង​មិន​ភ័យ​ខ្លាច​ទៅ​រៀន និង​ជួប​ជាមួយ​មិត្តភ័ក្ដិ ដើម្បី​ជជែក​គ្នា​ពី​ការងារ និង​បញ្ហា​ផ្សេងៗ នោះ​ពួក​គាត់​នឹង​ទទួល​បាន​ការ​អប់រំ។ អ៊ីចឹង​ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​ស្រួល​រក​ការងារ​ធ្វើ​ដែរ»

វេទិកា​នេះ​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​យុវជន​រួម​គ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ការ​ចូលរួម​នៅ​ក្នុង​ការងារ​សង្គម តាម​រយៈ​ការ​សាង​សមត្ថភាព ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ បរិស្ថាន សុខភាព និង​តស៊ូ​មតិ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​យុវជន។

ទាក់ទង​នឹង​បញ្ហា​នេះ យុវជន​ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ម្នាក់ គឺ​លោក ឈឿន ប៊ុនលី ថ្លែង​ថា លោក​នឹង​នាំ​យក​ចំណេះ​ដឹង​ពី​វេទិកា​នេះ ទៅ​ពន្យល់​ដល់​ក្រុម​យុវជន​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ឲ្យ​បាន​យល់​ដឹង​អំពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​ជាតិ៖ «ខ្ញុំ​នឹង​ពន្យល់​ពួក​គាត់​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ប្រើប្រាស់​ថ្នាំ​គ្រឿង​ញៀន។ ខ្ញុំ​សំណូមពរ​ឲ្យ​អង្គការ​ជួយ​ចុះ​ផ្សព្វផ្សាយ​បង្កើន​ចំណេះ​ដឹង​ដល់​យុវជន​នៅ​តាម​មូលដ្ឋាន​បន្ត​ទៀត»

ស្រដៀង​គ្នា​នេះ​ដែរ យុវតី​ម្នាក់​ទៀត គឺ​កញ្ញា កេង យ៉ានុត ថ្លែង​ថា កញ្ញា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​យុវជន​នេះ។ កញ្ញា​អះអាង​ថា វេទិកា​នេះ​មាន​សារសំខាន់​ណាស់​ដល់​ក្រុម​យុវជន ជាពិសេស​គឺ​កញ្ញា​តែ​ម្ដង ធ្វើ​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​យក​ទៅ​ប្រើប្រាស់​ទៅ​ថ្ងៃ​ខាង​មុខ។ កញ្ញា​បន្ថែម​ថា ក្រោយ​ពី​បាន​ចូលរួម​វេទិកា​នេះ​ទៅ កញ្ញា​នឹង​អនុវត្ត​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​យុវជន​ល្អ ដោយ​មិន​បង្ក​ជា​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​បាន​ឆាប់​រហ័ស៖ «នាង​ខ្ញុំ​គិត​ថា​យុវជន គឺ​ជា​កម្លាំង​ដ៏​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ បើ​សិន​ថា ក្នុង​សង្គម​យើង​មាន​យុវជន​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន គឺ​វា​មិន​រីក​ចម្រើន​ឡើយ ព្រោះ​យុវជន​ប្រៀប​ដូចជា​ទំពាំង​ស្នង​ឫស្សី បើ​ទំពាំង​មិន​ល្អ​នោះ ប្រទេស​ជាតិ​ក៏​អត់​មាន​ការ​រីក​ចម្រើន​ដែរ»

អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​យុវជន លោក ជាម ច័ន្ទសោភ័ណ ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី តម្រូវ​ការ​អាទិភាព​របស់​យុវជន ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​យុវជន លោក ជាម ច័ន្ទសោភ័ណ ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី តម្រូវ​ការ​អាទិភាព​របស់​យុវជន ដែល​រៀបចំ​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

នៅ​ក្នុង​វេទិកា​នោះ យុវជន​មាន​ឱកាស​ពិភាក្សា​គ្នា​ជា​ក្រុម ដោយ​លើក​ជា​បញ្ហា​ប្រឈម​របស់​ខ្លួន​ដែល​ជួប​ប្រទះ​នៅ​ក្នុង​សង្គម​កន្លង​មក ដាក់​ឲ្យ​សមាជិក​រិះរក​វិធី​ដោះស្រាយ​រួម​គ្នា។

អភិបាល​រង​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ផ្នែក​យុវជន លោក ជាម ច័ន្ទសោភ័ណ មាន​ប្រសាសន៍​ថា វេទិកា​នេះ​ជា​រឿង​ល្អ​ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​ជាតិ។ លោក​មាន​ជំនឿ​ថា តាម​រយៈ​វេទិកា​នេះ នឹង​បាន​ដឹង​អំពី​តម្រូវ​ការ​របស់​យុវជន ដើម្បី​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​បញ្ហា និង​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ទូលំទូលាយ​ថែម​ទៀត​ដល់​ស្រទាប់​យុវជន​នៅ​តំបន់​ដាច់ស្រយាល ដែល​ពុំ​ទាន់​មាន​បណ្ដាញ​ព័ត៌មាន​ផ្សព្វផ្សាយ មាន​ឱកាស​ធ្វើ​ការ​វិភាគ​ក្នុង​សកម្មភាព​សង្គម​ផ្សេងៗ និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ចំពោះ​ខ្លួន​ឯង និង​អ្នក​ពាក់ព័ន្ធ៖ «ខ្ញុំ​យល់​ថា វេទិកា​នេះ​ពិត​ជា​ឆ្លុះ​បញ្ចាំង​ផង​ដែរ​អំពី​ទិដ្ឋភាព​រួម និង​សកម្មភាព​យុវជន និង​បញ្ហា​អាទិភាព​ដែល​ជា​តម្រូវ​ការ​របស់​យុវជន​បច្ចុប្បន្ន តាម​រយៈ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អង្គការ (YCUD) ដោយ​រួម​គ្នា​ដោះស្រាយ​ចំណុច​អវិជ្ជមាន ត្រូវ​បំផុស​យុវជន​សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ប្រសិទ្ធភាព និង​គុណភាព លើក​កម្ពស់​ការងារ​របស់​យុវជន​ឲ្យ​ក្លាយ​ទៅ​បញ្ញវន្ត​ប្រកប​ដោយ​ចំណេះ​ដឹង ដើម្បី​ជា​គុណ​ប្រយោជន៍​របស់​សង្គម​ជាតិ​ទាំងមូល»

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ (YCUD) ឆ្នាំ​២០១៥ បង្ហាញ​ថា ក្រោយ​ពី​ការ​សិក្សា​ថ្នាក់​ជាតិ​ទៅ​លើ​យុវជន​ជាង ៥០០​នាក់​មក​ពី ៥​ខេត្ត-រាជធានី ហើយ​រក​ឃើញ​បញ្ហា​អាទិភាព​ដែល​ជា​តម្រូវ​ការ​របស់​យុវជន​មាន ៣​ចំណុច រួម​មាន បញ្ហា​ការងារ សន្តិសុខ និង​បញ្ហា​ការ​អប់រំ។

អ្នកស្រី ម៉ី សម្ផស្ស បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើ​វេទិកា​នេះ​ហើយ នឹង​នាំ​យក​បញ្ហា​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។