យុវជន​មួយ​ចំនួន​ថា​ខ្វះ​ព័ត៌មាន​ធ្វើ​ឲ្យ​ពិបាក​ជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​មហាវិទ្យាល័យ

ដោយ រាជ វិញ្ញូ
2017.06.26
ពិព័រណ៍​សិក្សា​នៅ​អាមេរិក ២០១៧ ៨៥៥ ពិព័រណ៍​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្តល់​ព័ត៌មាន និង​ប្រឹក្សា​យោបល់​ពី​ការ​សិក្សា​ដល់​សិស្ស​និស្សិត​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Pry Neru
RFA/Pry Neru

ក្រុម​សិស្ស​និស្សិត​អះអាង​ថា ពួក​គេ​មួយ​ចំនួន ជាពិសេស​អ្នក​រស់នៅ​ទី​ជនបទ នៅ​តែ​មិន​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច ដើម្បី​ជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​ឯ​មហាវិទ្យាល័យ។ ពួក​គេ​បន្ត​ថា ការ​ប្រឈម​នឹង​ការ​ខ្វះ​ព័ត៌មាន​បែប​នេះ ក៏​ជា​កត្តា​មិន​អាច​ឲ្យ​ពួក​គេ​សិក្សា​ចំ​មុខ​ជំនាញ​ដែល​ជា​តម្រូវការ​ទីផ្សារ​ការងារ​នៅ​ក្នុង​សង្គម​ដែរ។

ស្រប​ពេល​យុវជន​កម្ពុជា មួយ​ចំនួន​ធំ នៅ​តែ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់​ជ្រើសរើស​មុខ​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​នោះ នៅ​ថ្ងៃ​ទី​២៥ មិថុនា សមាគម​អតីត​និស្សិត​ដែល​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក បាន​រៀបចំ​កម្មវិធី​ជួបជុំ​មួយ​ដើម្បី​តាំង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ បង្ហាញ​ទៅ​កាន់​សិស្ស​និស្សិត​ជាង ២​ពាន់​នាក់​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​ហ៊្វុលប្រាយ (Fullbright) និង​អាហារូបករណ៍​សហរដ្ឋ​អាមេរិក (FUSAAC) លោក យូ សុគន្ធបញ្ញា ថ្លែង​ថា ដោយសារ​កូន​សិស្ស​មួយ​ចំនួន​ពុំ​អាច​ស្វែងរក​អ្នក​ប្រឹក្សា​យោបល់ និង​ស្វែងរក​ប្រភព​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ជ្រើសរើស​មុខ​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ដូច្នោះ​ការ​តាំង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​នៅ​ពេល​នេះ គឺ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​អាច​ជួប​ពិគ្រោះ​យោបល់​ដោយ​ផ្ទាល់​ជាមួយ​អតីត​និស្សិត​ដែល​ទទួល​បាន​ការ​ជោគជ័យ​ក្នុង​ការ​សិក្សា៖ «ហៅ​ពួក​គាត់​មក​ថ្ងៃ​នេះ ប្រសិន​គាត់​មាន​ចំណង់​ចំណូល​ចិត្ត​ខាង​ពេទ្យ យើង​ឲ្យ​គាត់​ជួប​ជាមួយ​អ្នក​ធ្លាប់​រៀន​ពេទ្យ ដើម្បី​ទទួល​បាន​បទពិសោធន៍ ថា​មាន​ភាព​លំបាក​អ្វី​ខ្លះ ហើយ​នៅ​ពេល​រៀន​ទៅ មាន​ទីផ្សារ​ការងារ​អត់

លោក យូ សុគន្ធបញ្ញា បន្ត​ថា ក្រោយ​ការ​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​លើក​នេះ លោក​សង្ឃឹម​ថា​នឹង​អាច​ជំរុញ​ឲ្យ​និស្សិត​ហ៊ាន​សម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជា​របស់​ខ្លួន​ចូល​ចិត្ត ហើយ​ក៏​ជា​មុខវិជ្ជា​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ការងារ​ដែល​សង្គម​បច្ចុប្បន្ន​កំពុង​ត្រូវការ​ដែរ។

កម្មវិធី​តាំង​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​ដដែល​នេះ ក៏​មាន​ការ​ចូលរួម​ផ្ដល់​យោបល់​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែរ។

លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​ថា ការ​ជ្រើសរើស​មុខវិជ្ជា​ណា​មួយ​ដើម្បី​សិក្សា គឺ​ជា​រឿង​សំខាន់​បំផុត ប៉ុន្តែ​លោក​ថា​មាន​និស្សិត​កម្ពុជា ជាច្រើន នៅ​តែ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​សាកលវិទ្យាល័យ​តាម​មិត្តភ័ក្ដិ​របស់​ខ្លួន​ទៅ​វិញ។

ចំណែក​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​ចំពោះ​មុខ​សិស្ស​និស្សិត​ថា ដោយសារ​ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ បន្ទាប់​ពី​សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ជាង ៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ និង​បាន​រីក​លូតលាស់​ពី​សេដ្ឋកិច្ច​លក្ខណៈ​បុរាណ មក​ជា​សេដ្ឋកិច្ច​លក្ខណៈ​ទំនើប ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​តម្រូវការ​ជំនាញ​កាន់​តែ​ច្រើន។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ស្រប​ពេល​ពិភពលោក​កំពុង​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ដែល​ជា​សម័យកាល​មួយ​មនុស្ស​ចាប់​ផ្ដើម​ប្រើប្រាស់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ ដូច្នោះ​នឹង​អាច​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន​ដែល​គ្មាន​ជំនាញ​ពិតប្រាកដ ពិបាក​ស្វែងរក​ការងារ​ល្អ​នៅ​ឆ្នាំ​២០៣០ ខាង​មុខ៖ «ស្វ័យប្រវត្តិ ឧទាហរណ៍​ដូចជា​រោងចក្រ​អត់​ប្រើប្រាស់​មនុស្ស ឬ​ផ្ទះ​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា បើក​ភ្លើង​ខ្លួន​ឯង និង​បើក​ម៉ាស៊ីន ឬ​ម៉ាស៊ីន​ត្រជាក់​ខ្លួន​ឯង»

លោក​រដ្ឋមន្ត្រី​ក៏​បញ្ជាក់​ទៀត​ថា ដោយសារ​វិស័យ​សំខាន់​មួយ​ចំនួន ជាពិសេស​វិស័យ​កាត់ដេរ​ដែល​អាច​លែង​ត្រូវការ​កម្មករ​តទៅទៀត​នា​ពេល​ខាង​មុខ ដូច្នោះ​ហើយ​ទើប​ក្រសួង​អប់រំ សម្រេច​ធ្វើ​កំណែ​ទម្រង់​ឡើង​វិញ ដើម្បី​ឲ្យ​និស្សិត​ចាប់​អារម្មណ៍​សិក្សា​មុខវិជ្ជា​បែប​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន​ជាង​មុន ដើម្បី​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ការងារ​ក្នុង​តំបន់ និង​ពិភពលោក​នា​ពេល​ខាង​មុខ។

ចំណែក​និស្សិត​សិក្សា​ខាង​វិស្វកម្ម​ឆ្នាំ​ទី​២ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ហេង ស្រីលី បញ្ជាក់​ថា កញ្ញា​មាន​ទំនុក​ចិត្ត​ចំពោះ​មុខវិជ្ជា​ដែល​កញ្ញា​កំពុង​សិក្សា​នេះ ព្រោះ​សព្វថ្ងៃ កញ្ញា​សង្កេត​ឃើញ​ថា និស្សិត​ដែល​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​វិស្វកម្ម នៅ​មាន​ចំនួន​តិច​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា​ជំនាញ​ហ្នឹង​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​ចូល​ចិត្ត គណិត គីមី ជីវៈ ហើយ​ណា​មួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​សាលា​របស់​រដ្ឋ ហើយ​កំពុង​ល្បី​ដែរ​ឥឡូវ​ហ្នឹង»

និស្សិត​រូប​នេះ​ជំរុញ​ឲ្យ​និស្សិត​ដទៃ​ទៀត ជាពិសេស​និស្សិត​នៅ​តាម​ទី​ជនបទ មុន​នឹង​ឡើង​មក​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ គួរ​តែ​ស្វែងយល់​ព័ត៌មាន​ច្បាស់លាស់​ជា​មុន​ទាក់ទង​នឹង​ជំនាញ​របស់​ខ្លួន​ដែល​ត្រូវ​រៀន ដែល​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​នៅ​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។