យុវជន​មួយ​ក្រុម​នៅ​រាជធានី​ភ្នំពេញ​ធ្វើ​បុណ្យ​រំឭក​គុណ​គ្រូ​នៅ​សាលា​បឹង​ត្របែក​ខាង​ត្បូង

ដោយ ហ៊ុំ ចំរើន
2016.08.15
បុណ្យ​រំឭក​គុណ​គ្រូ ២០១៦ ៨៥៥ អតីត​សិស្ស​នាំ​សាលា​បឋម​សិក្សា ហ៊ុន នាង បឹង​ត្របែក​ខាង​ត្បូង ធ្វើ​បុណ្យ​រំឭក​គុណ​គ្រូ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ហ៊ុន នាង បឹង​ត្របែក​ខាង​ត្បូង ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ក្រុម​យុវជន​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ធ្វើ​បុណ្យ​រំឭក​គុណ​គ្រូ​នៅ​សាលា​បឋម​សិក្សា ហ៊ុន នាង បឹង​ត្របែក​ខាង​ត្បូង ខណ្ឌ​ចំការមន ដែល​មាន​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ចូលរួម​ប្រមាណ ៥០០​នាក់។ ពិធី​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជា​ការ​ដឹង​គុណ និង​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន​ដែល​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​គេ​កាល​ពី​នៅ​កុមារភាព។

នៅ​ក្នុង​ពិធី​រំឭក​គុណ​គ្រូ​នេះ មាន​ការ​ប្រគំ​តន្ត្រី​សម័យ និង​ការ​សម្ដែង​អាយ៉ៃ​ចាប៉ី​ដង​វែង​ដោយ​លោក ឌួង សុខគា ជាដើម សម្ដែង​ចែក​ជូន​សិស្សានុសិស្ស អាណាព្យាបាល និង​លោកគ្រូ​អ្នកគ្រូ​ទស្សនា​កម្សាន្ត​នៅ​ខាង​ក្នុង​បរិវេណ​សាលា​រៀន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា។

អ្នក​ទស្សនា​បាន​ទះ​ដៃ​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ ដោយ​មាន​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ជា​បន្តបន្ទាប់។

«សំឡេង​ហ៊ោ»

អ្នក​រៀបចំ​កម្មវិធី​អតីត​សិស្ស​សាលា​បឋម​សិក្សា ហ៊ុន នាង បឹង​ត្របែក​ខាង​ត្បូង លោក កែវ សាស្ត្រា ប្រាប់​អាស៊ីសេរី ពី​ទីកន្លែង​រៀបចំ​ពិធី​ថា មូលហេតុ​ដែល​ពួក​គេ​ធ្វើ​បុណ្យ​រំឭក​គុណ​គ្រូ​បង្រៀន​នៅ​ក្នុង​សាលា​នេះ ដោយសារ​ជា​ទីកន្លែង​ដែល​ពួក​គេ​ធ្លាប់​សិក្សា​ដំបូង​កាល​ពី​នៅ​កុមារភាព។ លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ពិធី​នេះ ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ផង និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ជំនាន់​ក្រោយ ឲ្យ​ចេះ​ស្រឡាញ់​គ្រូបង្រៀន​ផង៖ «សម័យ​ខ្ញុំ​រៀន គ្រូ​ខ្លះ​ស៊ី​ឈ្នួល​ច្រូត​ត្រកួន​គេ ខ្លះ​ទូល​នំ​លក់ និង​ខ្លះ​ទៀត​រត់​ម៉ូតូ​ឌុប​យក​ប្រាក់​ចិញ្ចឹម​ជីវិត ហើយ​ក្រៅ​ពី​នោះ​បាន​យក​ពេលវេលា​មក​បង្រៀន​សិស្ស។ អ៊ីចឹង​ហើយ​បាន​ជា​គុណ​បំណាច់​ដែល​យើង​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ»

ទាក់ទង​នឹង​បញ្ហា​នេះ នាយិកា​សាល​បឋម​សិក្សា ហ៊ុន នាង បឹង​ត្របែក​ខាង​ត្បូង អ្នកស្រី ឆាយ ណារិន មាន​ប្រសាសន៍​ថា អ្នកស្រី​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ដែល​ឃើញ​សិស្ស​របស់​ខ្លួន​ធ្វើ​បុណ្យ​ដឹង​គុណ​ដល់​លោកគ្រូ​អ្នកគ្រូ។ អ្នកស្រី​បញ្ជាក់​ថា បើ​ទោះ​ជា​សិស្ស​ពុំ​បាន​ផ្ដល់​ជា​ថវិកា​ជូន​លោកគ្រូ​អ្នកគ្រូ​ក៏ដោយ គឺ​ពួក​គាត់​មាន​កម្លាំង​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​បន្ត​អាជីព​របស់​ខ្លួន​ទៅ​មុខ​ទៀត ដោយសារ​តែ​ឃើញ​ក្រុម​យុវជន​ធ្វើ​អំពើ​ល្អ​បែប​នេះ៖ «ភាសា​ខ្មែរ​និយាយ​ថា​កុំ​ភ្លេច​ដើម​កំណើត​នោះ អ៊ីចឹង​អ្វី​ដែល​កូន​បាន​រៀន​ចេះ​ដឹង​ពី​ដំបូង គឺ​ចេញ​ពី​សាលា​បឋម​នេះ​ហើយ ដែល​លោកគ្រូ​អ្នកគ្រូ​ខិតខំ​បង្រៀន​ពី​មុន​មក»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា នេះ​ជា​និមិត្ត​សញ្ញា​ល្អ​មួយ​របស់​យុវជន ដែល​ចេះ​ដឹង​គុណ​ដល់​គ្រូបង្រៀន ក៏ប៉ុន្តែ​អ្នកស្រី​ពន្យល់​ថា ការ​ធ្វើ​បែប​នេះ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន ពីព្រោះ​យុវជន​ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ក្នុង​សង្គម ដូចជា​ការ​និយាយ​ល្អ និង​ចេះ​គួរ​សម​ដល់​លោកគ្រូ​អ្នកគ្រូ​ជាដើម៖ «ប៉ុន្តែ​បើ​សិន​ជា​សិស្សានុសិស្ស​ចេះ​បែប​នេះ​ហើយ យើង​បង្រៀន​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​វិញ​ឲ្យ​ចេះ​គោរព កុំ​ឲ្យ​និយាយ​អសុរោះ ដោយ​ប្រើ​ពាក្យ អា មឹង ទៅ​លើ​អ្នក​ដទៃ ជាដើម»

ក្រុម​យុវជន​បញ្ជាក់​ថា ពួក​គេ​នឹង​រៀបចំ​បុណ្យ​រំឭក​គុណ​គ្រូ​នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ដែល​បាន​ផ្ដល់​ចំណេះ​ដឹង​ដល់​ពួក​គេ​នៅ​ឆ្នាំ​ក្រោយ​បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។