យុវជន​ខេត្ត​សៀមរាប​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ការងារ​ក្នុង​ទីផ្សារ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

ដោយ ហង្ស សាវយុត
2015.12.31
យុវជន​អាន​សៀវភៅ​ខេត្ត​សៀមរាប ៦២០ ក្រុម​យុវជន និង​និស្សិត អាន​សៀវភៅ​នៅ​មជ្ឈមណ្ឌល​ខេមរៈ​សិក្សា ក្នុង​បរិវេណ​វត្ត​ដំណាក់ ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hang Savyouth

កម្ពុជា បាន​កំណត់​បញ្ចូល​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន និង​អភិវឌ្ឍ​រួម​ជាមួយ​ប្រទេស​ចំនួន​៩ ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រទេស​កម្ពុជា ដែល​បាន​បញ្ចូល​សេដ្ឋកិច្ច​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាន​សម្រេច​ទៅ​តាម​គោលដៅ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ចង់​បាន គឺ​សហគមន៍​តែ​មួយ វាសនា​តែ​មួយ ក៏ប៉ុន្តែ​សម្រាប់​យុវជន និង​និស្សិត​ខ្មែរ​ជាច្រើន​វិញ គឺ​ព្រួយ​បារម្ភ​អំពី​ភាព​ប្រកួត​ប្រជែង​ការងារ​យ៉ាង​ខ្លាំង។

ក្រុម​យុវជន និង​និស្សិត​មក​ពី​តាម​បណ្ដា​សាកលវិទ្យាល័យ​ឯកជន​មួយ​ចំនួន​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ល្បីល្បាញ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​យុវជន និង​និស្សិត​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត នៅ​ពេល​ខាង​មុខ​ឆាប់ៗ។

ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា បាន​ដល់​ពេលវេលា​បញ្ចូល​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ក្នុង​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​ទៅ​ហើយ​នោះ។

ក្រុម​យុវជន និង​និស្សិត​ខ្លះ​នៅ​ខេត្ត​សៀមរាប និយាយ​ថា ពួក​គេ​អាច​នឹង​ពិបាក​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ការងារ​ជាមួយ​នឹង​យុវជន​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ខ្លះ​ដែល​ជឿនលឿន ហើយ​មាន​ស្តង់ដារ​អប់រំ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​មាន​គុណភាព​ខ្ពស់។

និស្សិត​ឆ្នាំ​ទី​៤ ម្នាក់​ផ្នែក​បដិសណ្ឋារកិច្ច​ទេសចរណ៍ ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​សៅស៍ អ៊ីសថ៍ អេយសៀ (University of South East Asia) ក្នុង​ទី​រួម​ខេត្ត​សៀមរាប គឺ​យុវជន អ៊ុយ សំបូរ។ គាត់​មាន​ប្រសាសន៍​ពេល​ចូល​ទៅ​អង្គុយ​អាន​សៀវភៅ​នៅ​បណ្ណាល័យ​របស់​មជ្ឈមណ្ឌល​ខេមរៈ​សិក្សា ក្នុង​បរិវេណ​នៃ​អារាម​វត្ត​ដំណាក់ ថា បច្ចុប្បន្ន យុវជន​ជាច្រើន រួម​ទាំង​រូប​គាត់​ផង គឺ​មាន​ចំណេះ​ដឹង​នៅ​មាន​កម្រិត។ ចំណែក​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​ជាច្រើន​ទៀត គឺ​នៅ​ទន់​ខ្សោយ។ លោក អ៊ុយ សំបូរ ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​បណ្ដា​និស្សិត និង​យុវជន​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​កំពុង​តែ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ខ្មែរ ចំណេះ​ដឹង​គាត់​ខ្សោយ ហើយ​ការ​អាន​ក៏​មិន​សូវ​ចូល​ចិត្ត។ ចុង​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា​ការងារ​កើន​ច្រើន ប៉ុន្តែ​អ្នក​ធ្វើ​ការ គឺ​មិន​ទាន់​មាន​សមត្ថភាព​ពេញលេញ»

និស្សិត​ពេទ្យ​ម្នាក់​ទៀត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​អង្គរ កញ្ញា កែវ មករា ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា នាង​ព្រួយ​បារម្ភ​មែន​ទែន​ចំពោះ​សមត្ថភាព​របស់​យុវជន និង​និស្សិត​ខ្មែរ ដែល​នឹង​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​ក្រុម​និស្សិត និង​យុវជន​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត ដែល​មាន​ការ​អប់រំ​ស្តង់ដារ​ខ្ពស់ និង​គុណភាព​ល្អ ដូចជា​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ ជាដើម​នោះ។ កញ្ញា កែវ មករា បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន​នាង​ធ្លាប់​ទៅ​ចូលរួម​សិក្ខា​សាលា​របស់​យុវជន​អាស៊ាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បាន​មើល​ឃើញ​យុវជន និង​និស្សិត​ប្រទេស​គេ មាន​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ក្នុង​គុណភាព​ខ្លាំង៖ «ទាក់ទង​ជាមួយ​សម្ភារៈ​សិក្សា ទាក់ទង​នឹង​សាលា​របស់​គេ គឺ​ខុស​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​តែ​ម្ដង ហើយ​សិស្ស​របស់​គេ​ភាគ​ច្រើន គឺ​ពូកែ​ស្រាវជ្រាវ​ខ្លាំង​មែន​ទែន»

ក្រុម​អ្នក​វិភាគ​ផ្នែក​សង្គម ធ្លាប់​បាន​និទស្សន៍​ជាច្រើន​ឆ្នាំ​មុន​មក​ហើយ​ថា ប្រទេស​កម្ពុជា នឹង​មាន​វិបត្តិ​ផ្នែក​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ពីព្រោះ​តែ​កម្ពុជា នៅ​ខ្វះ​ធនធាន​មនុស្ស​ជាច្រើន​ក្នុង​ពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន។ ដោយសារ​តែ​ក្រុម​យុវជន និង​និស្សិត​ខ្មែរ​ជាច្រើន កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​នេះ គឺ​និស្សិត​ខ្មែរ​ខ្លះ​ដែល​ធ្លាប់​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​កន្លង​មក កំពុង​ប្រឹងប្រែង​ជួយ​ដល់​និស្សិត​ខ្មែរ​នៅ​ក្នុង​ប្រទេស ដើម្បី​ឲ្យ​យល់​ដឹង​ពី​ជំនាញ និង​សមត្ថភាព​កាន់​តែ​ប្រសើរ។

និស្សិត​ខ្មែរ​ម្នាក់​ដែល​មាន​ភូមិ​កំណើត​នៅ​ស្រុក​សូទ្រនិគម ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប ហើយ​ធ្លាប់​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហបុរី លោក អួន កុសល មាន​គម្រោង​នឹង​ចំណាយ​ពេល​ជាច្រើន​ម៉ោង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ ដើម្បី​ជួប​យុវជន​ជាង ២០០​នាក់ ដែល​កំពុង​រៀន​នៅ​តាម​ថ្នាក់​វិទ្យាល័យ ហើយ​បង្ហាញ​ពី​ជំនាញ និង​ធនធាន​មនុស្ស​សំខាន់ៗ​ដល់​យុវជន​ខ្មែរ ឲ្យ​អាច​ដើរ​ទាន់​បណ្ដា​ប្រទេស​អាស៊ាន។ លោក អួន កុសល ជា​ប្រធាន​មូលនិធិ​ផ្នែក​អប់រំ​ផង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ទីផ្សារ​ការងារ​អាស៊ាន គឺ​ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា ព្រម​ទាំង​ការ​ស្រាវជ្រាវ។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​យុវជន​ខ្មែរ​លើ​ជំនាញ​ទាំង​នេះ៖ «ខ្ញុំ​សូម​ស្នើ​ដល់​រាជ​រដ្ឋាភិបាល ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ដែល​ចាំបាច់​បំផុត ដូច​ជំនាញ​កុំព្យូទ័រ និង​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត ធ្វើ​ម៉េច​ឲ្យ​ប្រទេស​យើង​ដើរ​ទាន់​អាស៊ាន»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ កន្លង​ទៅ ធ្លាប់​ជំរុញ​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន។ ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​សៀវភៅ​មួយ​ក្បាល​ដែល​សរសេរ​អំពី​សេដ្ឋកិច្ច​កម្ពុជា លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា លោក​ចង់​ឲ្យ​និស្សិត និង​ប្រជាជន​ខ្មែរ យល់​ដឹង​ឲ្យ​ទូលំទូលាយ​អំពី​រឿង​អាស៊ាន ព្រោះ​ផ្នែក​មួយ​ចុង​ក្រោយ​នៃ​សៀវភៅ​នោះ គឺ​និយាយ​អំពី​ទំនាក់ទំនង​អន្តរជាតិ និង​អាស៊ាន។ ដូច្នេះ នៅ​ពេល​ដែល​ចូល​ជា​សហគមន៍​អាស៊ាន គឺ​យុវជន និង​ពលរដ្ឋ​ខ្មែរ អាច​ដឹង​ពី​រឿង​អាស៊ាន​បាន​ច្រើន។

សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ គឺ​ជា​សាកលវិទ្យាល័យ​ឯកជន​មួយ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ឯកជន​ជាច្រើន​ទៀត ដែល​កំពុង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ថ្នាក់​ឧត្តម​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ សាខា​ខេត្ត​សៀមរាប លោក ផាន់ គារ៉ា ទទួល​ស្គាល់​ថា ពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​សហគមន៍​អាស៊ាន​ហើយ​នោះ លោក​មើល​ឃើញ​ថា សម្រាប់​ការងារ​ថ្នាក់​ទាប​ដែល​មាន​កម្រិត​ប្រាក់​ខែ​ថោក គឺ​ជា​ឱកាស​សម្រាប់​យុវជន​ខ្មែរ​ជាច្រើន ដែល​ចង់​ធ្វើ​ត្រឹម​តែ​ជា​កម្មករ ក៏ប៉ុន្តែ​សម្រាប់​យុវជន​ខ្មែរ​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ដូចជា​ថ្នាក់​អនុបណ្ឌិត ឬ​ក៏​បណ្ឌិត​ក្តី គឺ​ពិត​ជា​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​នឹង​បញ្ញវ័ន្ត​ដែល​មក​ពី​ប្រទេស​ជាច្រើន​ទៀត៖ «ប៉ុន្តែ​កុំ​ភ្លេច​ថា គូ​ប្រកួត​ប្រជែង​របស់​គាត់​នៅ​ពេល​នេះ មិន​មែន ១៥​លាន​នាក់​សម្រាប់​តែ​ក្នុង​ប្រទេស​ខ្មែរ​ដូច​មុន​ទេ គឺ​ជាង ៦០០​លាន​នាក់​សម្រាប់​ប្រជាជាតិ​អាស៊ាន​ទាំង​មូល»

លោក ផាន់ គារ៉ា បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ទាំង​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត គឺ​ធ្លាប់​បាន​គិតគូរ​ទៅ​លើ​ការ​អប់រំ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​កម្ពុជា ឲ្យ​មាន​សមត្ថភាព និង​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​រួច​ស្រេច​ទៅ​ហើយ។ ជំនាញ​ទាំង​នោះ មាន​ដូចជា ជំរុញ​ឲ្យ​និស្សិត​ចេះ​ភាសា​អង់គ្លេស ជា​មូលដ្ឋាន​ចេះ​ជំនាញ​បច្ចេកទេស ចេះ​គិតគូរ និង​ដោះស្រាយ​បញ្ហា ព្រម​ទាំង​ទាមទារ​ឲ្យ​និស្សិត​ចេះ​ជំនាញ​ជា​អ្នក​ដឹក​នាំ និង​គ្រប់គ្រង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។