ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ថៃ ស្លាប់​២​នាក់​និង​មួយ​ចំនួន​ទៀត​មាន​អាការៈ​ក្អួត​ចង្អោរ

ប្រភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ មាន​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ-ថៃ ចំនួន​ជាង ២០​នាក់​នៅ​ស្រុក​ត្រពាំងប្រាសាទ បាន​កើត​ជំងឺ​ចម្លែក​ម្យ៉ាង ដោយ​អាការៈ​ក្អួត​ចង្អោរ តឹង​ទ្រូង ហើយ​ដួល​សន្លប់​ជា​បន្តបន្ទាប់។
ដោយ ហង្ស សាវយុត
2012-12-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កាល​ពី​ថ្ងៃ​ទី៦ និង​ទី៧ ខែ​ធ្នូ កន្លង​ទៅ ទាហាន ២​នាក់ ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​មាន​សភាព​ធ្ងន់ធ្ងរ។

ទាហាន​ម្នាក់​នៅ​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​របស់​ស្រុក​ត្រពាំងប្រាសាទ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គាត់​គឺ​ជា​អ្នក​កើត​ជំងឺ​នោះ​ក្នុង​ចំណោម​គ្នា​របស់​គាត់​មួយ​ចំនួន​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី៨ ខែ​ធ្នូ ថា អង្គភាព​របស់​គាត់​កំពុង​ប្រចាំ​ការ​ការពារ​ព្រំដែន​នៅ​តំបន់​អូរថ្ម ហើយ​គាត់​មាន​សុខភាព​ខ្សោយ​ទៅៗ​ដោយ​សារ​តែ​កើត​ជំងឺ​ម្យ៉ាង ដូច​ទាហាន​មួយ​ចំនួន​ទៀត​ដែរ៖ «ខ្ញុំ​ហើម​ពោះ ហើយ​និង​ចុក​នៅ​លើ ឈឺ​ក្បាល អស់​កម្លាំង។ ខ្ញុំ​អត់​ក្អួត​ទេ! ប៉ុន្តែ​គេ​ចាប់​ផ្ដើម​ដំបូង​ឈឺ​បំពង​ក ក្រោយ​ពី​ឈឺ​បំពង់​ក​ហ្នឹង​មក ចាប់​ផ្ដើម​ហើម​ពោះ ដល់​ហើម​ពោះ​ស្ទះ​មក​លើ ហើយ​ធ្វើ​ឱ្យ​សន្លប់​តែ​ម្ដង។ គ្រាន់​តែ​អង្គភាព​ខ្ញុំ​ហ្នឹង មាន​អាការៈ​នេះ ៥​នាក់​មក​ហើយ តែ​នៅ​មាន​កម្លាំង​ចុះ​មក​ទៀត ដែល​គេ​ប្រាប់​មក​ថា​មាន​ឈឺ​ទៀត។ ចាប់​ផ្ដើម​រោគ​សញ្ញា​ហ្នឹង​ដូច​គ្នា»

កង​ទាហាន​ទាំង​នោះ បាន​ឱ្យ​ដឹង​ថា គាត់​ហាក់​ដូច​ជា​មិន​បាន​ទទួល​ទាន​អ្វី​ប្លែក​ទេ​ក្រៅ​តែ​ពី​ផឹក​ស្រា​បន្តិច​បន្តួច នៅ​មុន​ពេល​មាន​អាការៈ​បែប​នេះ។

លោក ប៉ិច សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង នៃ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី៧ រហូត​ដល់​ថ្ងៃ​ទី៨ ខែ​ធ្នូ គឺ​មន្ទីរពេទ្យ​បាន​ទទួល​សង្គ្រោះ​កង​ទាហាន​ដែល​មាន​អាការៈ​ជំងឺ​ដូចៗ​គ្នា​នោះ​ចំនួន ២២​នាក់ ហើយ​បាន​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​យោធា​យោធភូមិ​ភាគ​ទី៤ នៅ​ឯ​ខេត្ត​សៀមរាប។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដដែល បាន​បញ្ជាក់​ថា តាម​រោគ​សញ្ញា​ដែល​គេ​ពិនិត្យ​ឃើញ អាច​សន្និដ្ឋាន​ថា អាការៈ​នោះ​អាច​ជា​ជាតិ​ពុល ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ជាតិ​ពុល​ដែល​នៅ​ក្នុង​ខ្លួន​ទាហាន​ជាច្រើន​នាក់​នោះ មាន​ប្រភព​មក​ពី​ណា​នៅ​ឡើយ​ទេ។ ដោយ​សារ​ការ​សង្ស័យ​នេះ មន្ត្រី​សុខភាព​កំពុង​ប្រមូល​យក​ភស្តុតាង​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ នា​ទីក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល