មនុស្ស​នាំ​គ្នា​ទៅ​ជីក​រក​កំណប់​មាស​នៅ​សៀមរាប

មនុស្ស​មួយ​ក្រុម​បាន​នាំគ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​មួយ​កន្លែង​នៅ​តំបន់​ទំនប់​៧៨​សួង នៃ​ឃុំ​អន្លង់សំណរ ស្រុក​ជីក្រែង ចម្ងាយ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ​ ភាគ​ខាង​កើត​ទីក្រុង​សៀមរាប។
ដោយ ហង្ស សាវយុត
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គោល​បំណងគឺ​នៃ​ការ​ជីក​កកាយ​នោះ ដើម្បី​ស្វែង​រក​កំណប់​មាស​មួយ​ចំនួន​ដែល​គេ​ជឿ​ថា មាន​លាក់​ទុក​ក្នុង​​របប​ខ្មែរ​ក្រហម​កាន់​អំណាច កាល​ពី​ជាង ៣០​ឆ្នាំ​មុន។

ការ​ប្រើ​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ដើម្បី​រក​វត្ថុ​មាន​តម្លៃ​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់​នៅ​ក្នុង​តំបន់​នោះ កាល​ពី​ព្រលប់​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​សីហា​ ហើយ​បាន​បញ្ជូន​ជា​សា​តៗ​គ្នា។

លោក តូច សាកល ជា​អធិការ​នគរបាល​ស្រុក​ជីក្រែង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ថា ពិត​ជា​មាន​មនុស្ស​មួយ​ក្រុម​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ដើម្បី​ ស្វែង​រក​កំណប់មាស​នៅ​ទី​នោះ​មែន។

អធិការ​ដដែល​បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​នោះ​បាន​សង្ស័យ​ថា មាន​កំណប់​កប់​ក្នុង​ដី​តាម​រយៈ​ឪពុក​ម្តាយ​របស់​គេ​ផ្ដែផ្ដាំ​ មុន​ពេល​ដែល​ឪពុក​ម្ដាយ​ទាំង​នោះ​ស្លាប់៖ «គេ​ប្រើ​គ្រឿងចក្រ​ជីក​នៅ​លើ​ដី​ប្រហែល​ជា ៦​ម៉ែត្រ​បួន​ជ្រុង។ គេ​ថា មាន​មាស​ដែល​គេ​កប់​ពី​សម័យ ប៉ុល ពត ព្រោះ​តែងតែ​ចេះ​តែ​ល្បី​តៗ​គ្នា ថា​មុន​គេ​ធ្វើ​ទំនប់​គេ​ចេះ​តែ​យក​មាស​យក​អី​ទៅ​កប់ ដាក់​បាត​ទំនប់​បាត​អី។ ឭ​ខ្លះ​ថា​ជា​កេស ខ្លះ​ថា​ជា​រទេះ​គោ ហើយ​ខ្លះ​គេ​ប្រាប់​ថា មិន​មែន​ជា​មាស​ជា​អី​ទេ គឺ​ជា​ខ្នោះ​ដែល​សម័យ ប៉ុល ពត គេ​យក​ទៅ​ដាក់។ ដល់​កាយ​ទៅ​អត់​មាន​ឃើញ​អី ក៏​គេ​លុប​ទៅ​វិញ​ហើយ​ទៅ​បាត់​ទៅ»

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គេ​បាន​ស្គាល់​ក្រុម​អ្នក​ដែល​យក​គ្រឿង​ចក្រ​ទៅ​ជីក​កកាយ​ដី​ទាំង​នោះ ក៏​ប៉ុន្តែ​គេ​មិន​អាច​ប្រាប់​ឈ្មោះ​បាន​ទេ ដោយ​គ្រាន់​តែ​បង្ហើប​ថា ក្រុម​មនុស្ស​ទាំង​នោះ​មក​ពី​ទីក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល