សកម្មជន​បក្ស​សមរង្ស៊ី​នឹង​ប្ដឹង​នាយករដ្ឋមន្ត្រី​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន

សកម្មជន​គណបក្ស សម រង្ស៊ី គ្រោង​ដាក់​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។
ដោយ ខែ សុណង
2012-11-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា លោក​នឹង​យក​ពាក្យ​បណ្ដឹង​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​វេលា​ម៉ោង​៩ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដោយ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នោះ។

លោក​ថា បន្ទាប់​មក​នឹង​​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​ក្នុង​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​បន្ត​ទៀត៖ ‌«សំខាន់​បំផុត​ដែល​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឃាតកម្ម​គិត​ទុក​ជា​មុន​នោះ ពីព្រោះ​យើង​បាន​ពិនិត្យ​ពិច័យ​បាន​យ៉ាង​ច្បាស់​លាស់​ណាស់។ ទី១ រឿង​ហ្នឹង​វា​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ ហើយ​រឿង​ទាំង​អស់​វា​ពាក់ព័ន្ធ​រឿង​កោះ​ពេជ្រ​ហ្នឹង គឺ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​មួយ​វិញ​ទៀត យើង​ឃើញ​ចំណាត់​ការ​ក្នុង​ការ​សង្គ្រោះ​អ្នក​ដែល​ស្លាប់​នៅ​កោះ​ពេជ្រ មាន​បញ្ហា​ហ្នឹង គឺ​គ្មាន​ចំណាត់​ការ​អ្វី​ទាំង​អស់ ក្រៅ​ពី​ការ​បាញ់​ទឹក ដែល​ធ្វើ​ឲ្យ​ជន​រងគ្រោះ​នោះ​មិន​អាច​ដក​ដង្ហើម​បាន។ ហើយ​មួយ​វិញ​ទៀត ពេល​មាន​ការ​រងគ្រោះ​នោះ ឃើញ​ថា​មិន​មាន​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ។ មួយ​ទៀត ការ​បិទ​ផ្លូវ​ខាង​លិច​ស្ពាន ដែល​ធ្វើ​ឲ្យ​ជន​រងគ្រោះ​មិន​អាច​ឆ្លង​បាន ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង។ ខ្ញុំ​ចោទ​ប្រកាន់​សំខាន់​បំផុត គឺ​ជន​រងគ្រោះ​ដែល​ស្លាប់​នោះ គឺ​ស្លាប់​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ជា​រឿង​ដែល​មាន​ការ​គ្រោង​ទុក»

កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។

ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា។

ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។ បន្ទាប់​មក​ក៏​បាន​កម្ទេច​ស្ពាន​ចាស់​ចោល និង​សង់​ស្ពាន​ភ្លោះ​ជំនួស​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ កុំ​ឲ្យ​មាន​ករណី​នេះ​ទៀត។

មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ រដ្ឋាភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ស្តូប​មួយ នៅ​ក្បែរ​ស្ពាន​នោះ​វិញ ដើម្បី​រំលឹក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទី​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្ពាន​កោះពេជ្រ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

That so bad for Hun sen gorvement set up for kill young people by you behind that problem

Nov 21, 2013 09:52 AM