គរុសិស្ស​នៅ​បាត់ដំបង​រាប់​រយ​នាក់​នាំ​គ្នា​បោសសំអាត​ក្រុង​ទទួល​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

ដោយ ហ៊ុំ ចំរើន
2015.05.04
សម្អាត​ក្រុង បាត់ដំបង ៦២០ សកម្មភាព​គរុសិស្ស​សាលា​វិក្រិតការ​ខេត្ត​បាត់ដំបង ប្រារព្ធ​ទិវា​សំអាត​ក្រុង​តាម​ដង​ផ្លូវ​នៅ​ខាង​មុខ​ទីបញ្ជាការ​យុទ្ធ​ភូមិភាគ​ទី​៥ ក្រុង​និង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៥។
RFA/Hum Chamroeun
1

សកម្មភាព​ហាត់​សម​ត្រៀម​សម្រាប់​​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ទីលាន​តារាង​បាល់ទាត់​វាល​បែកចាន ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​៤ ឧសភា ឆ្នាំ​២០១៥។

2

សកម្មភាព​ហាត់​សម​ត្រៀម​សម្រាប់​​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ទីលាន​តារាង​បាល់ទាត់​វាល​បែកចាន ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​៤ ឧសភា ឆ្នាំ​២០១៥។

3

សកម្មភាព​ហាត់​សម​ត្រៀម​សម្រាប់​​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ទីលាន​តារាង​បាល់ទាត់​វាល​បែកចាន ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​៤ ឧសភា ឆ្នាំ​២០១៥។

4

សកម្មភាព​ហាត់​សម​ត្រៀម​សម្រាប់​​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ទីលាន​តារាង​បាល់ទាត់​វាល​បែកចាន ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​៤ ឧសភា ឆ្នាំ​២០១៥។

លោកគ្រូ​អ្នកគ្រូ និង​គរុសិស្ស​នៃ​សាលា​វិក្រិតការ​ខេត្ត​បាត់ដំបង ប្រមាណ ៥០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា នាំ​គ្នា​ដើរ​​រើស​សំរាម និង​បោសសំអាត​​តាម​ដង​ផ្លូវ​​ជាតិ​លេខ​៥ ក្នុង​ក្រុង​បាត់ដំបង​ ដើម្បី​ទទួល​ស្វាគមន៍​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ខាង​មុខ។

គរុសិស្ស​ប្រុស​ស្រី​ទាំង​នោះ​ ក្នុង​ឯកសណ្ឋាន​អាវ​ពណ៌​ផ្ទៃ​មេឃ ខោ​និង​សំពត់​ពណ៌​ខៀវ ព្រម​ទាំង​មាន​ពាក់​កាត​សំគាល់​ខ្លួន​ផង ខ្លះ​កាន់​អំបោស ខ្លះ​កាន់​ចប និង​សិស្ស​ខ្លះ​ទៀត​កាន់​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ និង​ខ្លះ​​ស្ពាយ​កាបូប​ជាប់​ខ្លួន​ផង​នោះ​ ​ដើរ​បោស​សំអាត និង​រើស​សំរាម​តាម​ដង​ផ្លូវ​សាធារណៈ​​ ដោយ​ម្នាក់ៗ​ទឹក​មុខ​ញញឹមញញែម ​សើច​សប្បាយ​នឹង​​ការងារ​សង្គម​រៀងៗ​ខ្លួន។

ក្រុម​គរុសិស្ស​វិក្រិតការ​ខេត្ត​បាត់ដំបង ថ្លែង​​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា ពួកគេ​សប្បាយ​រីក​នឹង​​ការងារ​បោស​សំអាត​តាម​ដង​ផ្លូវ​នេះ ពី​ព្រោះ​ជា​ការ​រួម​ចំណែក​​អភិវឌ្ឍន៍​ដល់​សង្គមជាតិ​​​ក្នុង​នាម​ជា​ខ្មែរ​ផង និង​ជា​ការ​​ទទួល​ស្វាគមន៍​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ក្នុង​ខេត្ត​បាត់ដំបង ផង។ ពួកគេ​ថ្លែង​ខណៈ​កំពុង​ធ្វើ​ការ​ក្នុង​ទឹក​មុខ​ញញឹមញញែម ​នៅ​ក្រោម​ដើម​ក្ងោក​​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ នៅ​ខាង​មុខ​ទី​បញ្ជាការ​កងទ័ព​​យុទ្ធភូមិ​ទី​៥ ទៀត​ថា កន្លង​មក​​នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ជាតិ​សំខាន់​ម្ដងៗ ពួកគេ​តែង​ធ្វើ​ការ​បោស​សំអាត​តាម​ដង​ផ្លូវ​​នៅ​ក្រុង​ជា​ប្រចាំ ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ឡើយ៖ «ពួក​ខ្ញុំ​ពេញ​ចិត្ត​នឹង​​ធ្វើ​ការងារ​រើស​សំរាម​នេះ​ណាស់ ព្រោះ​ការងារ​នេះ​​ធ្វើ​ឲ្យ​ទី​ក្រុង​បាត់ដំបង ស្អាត ជា​ការ​ទាក់​ទាញ​ដល់​អ្នក​មក​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ផង និង​ជា​ប្រយោជន៍​ក្នុង​សង្គម​ជាតិ​ផង»

​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ នាយក​រង​សាលា​វិក្រិតការ ខេត្ត​បាត់ដំបង គឺ​លោកស្រី ឃីវ សុខុម ដែល​បាន​ចុះ​ភ្ជាប់​ជា​មួយ​គរុសិស្ស​ដែរ​នោះ​មាន​ប្រសាសន៍​បញ្ជាក់​ថា ទិវា​បោសសំអាត​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​នេះ​ជា​ទូទៅ​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្ដង។ ដោយ​ចាប់​ផ្ដើម​ពី​ចំណុច​ផ្លូវ​ចូល​ផ្សារ​ថ្មី​ខេត្ត​បាត់ដំបង ទៅ​ដល់​រង្វង់​មូល​ព្រាបស ផ្លូវ​ជាតិ​លេខ​៥​ ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ។

លោក​បន្ថែម​ទៀត​ថា ការ​បោស​សំអាត​ថ្ងៃ​នេះ ​ក៏​ដូច​ជា​​ពេល​មុខៗ​ដែរ​ គឺ​មាន​គរុ​សិស្ស និង​លោក​គ្រូ​អ្នក​គ្រូ​ចូល​រួម​​ប្រមាណ ៥០០​នាក់៖ «ខ្ញុំ​នាំ​សិស្ស​​ធ្វើ​ការ​បោសសំអាត​តាំង​ពី​ម៉ោង ៧​កន្លះ​ព្រឹក​រហូត​ដល់​ប្រមាណ​ម៉ោង ១០ បាន​នាំ​គ្នា​សម្រាក​​ហើយ​ត្រឡប់​ទៅ​សាលា​វិញ។ បាទ! ការងារ​ជួយ​សង្គម​នេះ​ ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ចេះ​ចូល​រួម​ចំណែក​ការងារ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​​ពួកគេ​​ទៅ​អនុវត្ត​បន្ទាប់​បញ្ចប់​ការ​សិក្សា​ទៅ»

​​​​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​​២០១៥ នេះ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ឧសភា​ ​ប្រារព្ធ​ឡើង​នៅ​ទី​លាន​បាល់​ទាត់ វាល​បែក​ចាន ក្រុង​និង​ខេត្ត​បាត់ដំបង។ នៅ​ក្នុង​ព្រះ​រាជពិធី​នេះ យើង​សង្កេត​ឃើញ​មាន​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បាន​រៀបចំ​​តុបតែង​លម្អ​ភ្លើង​ពណ៌​តាម​ដើម​ឈើ​នានា​​​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ ​ក្នុង​ក្រុង​ ជា​ពិសេស​នៅ​បរិវេណ​​​ព្រះ​រាជពិធី​យ៉ាង​ស្រស់​ស្អាត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត និង​ថត​ផ្ដិត​​យក​រូបភាព​​ជា​បន្ត​បន្ទាប់​រៀងរាល់​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។