លោកក៏បានស្នើសុំឲ្យរដ្ឋាភិបាល បង្កើតឱ្យមានតម្លាភាព និងអនុវត្តច្បាប់ ចំពោះការផ្តល់ និងរៀបចំដីសម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងៗទៀត។
សំណើរបស់លោក សុរិយា ស៊ូប៊ែឌី ធ្វើឡើងក្នុងបទបង្ហាញរបាយការណ៍ចំនួនពីរចំពោះមុខអង្គប្រជុំនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ស្តីអំពីការបោះឆ្នោត និងបញ្ហាដីសម្បទានសេដ្ឋកិច្ច។ របាយការណ៍ទាំងពីរនោះ ធ្វើឡើងដោយផ្អែកលើបេសកកម្មស្វែងរកការពិតរបស់លោកចំនួនពីរលើកនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១១ និងខែឧសភា ឆ្នាំ២០១២។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានដកស្រង់សំដីលោក សុរិយា ស៊ូប៊ែឌី ថា កម្ពុជាបានរីកចំរើនច្រើនក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែលោកមានក្តីបារម្ភចំពោះបញ្ហាខ្លះ ក្នុងដំណើរការបោះឆ្នោត និងផលប៉ះពាល់បណ្ដាលមកពីការផ្ដល់សម្បទានដីសេដ្ឋកិច្ច។
លោកបន្តថា ការផ្ដល់ដីសម្បទាននៅកម្ពុជា ធ្វើឡើងដោយគ្មានតម្លាភាព និងផ្អែកតាមច្បាប់។ លោកថា ច្បាប់នៅលើក្រដាសផ្សេង ប៉ុន្តែការអនុវត្តផ្ទុយទៅនឹងច្បាប់។ ចំពោះការបោះឆ្នោតសកលនៅឆ្នាំ២០១៣ វិញ លោកបានជំរុញឲ្យរដ្ឋាភិបាល បង្កើតនូវបរិយាកាសដែលអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងគោរពសិទ្ធិមនុស្ស។ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ឆ្លើយតបទៅនឹងរបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី នៅឡើយទេ កាលពីថ្ងៃពុធ ទី២៦ កញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។