អាជ្ញាធរ​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​បុណ្យ​និង​ធ្វើ​អណ្ដូង

ដោយ ម៉ែន សុធីរ
2015.05.12

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ចោទ​អាជ្ញាធរ​ខេត្ត​ថា ហាម​អ្នក​ភូមិ​មិន​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ឡើង​អ្នកតា និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អណ្ដូង​ទឹក​ប្រើ​ប្រាស់​ជា​សាធារណៈ​​នៅ​លើ​ដី​អ្នកតា​ត្រពាំងរាល។ ការ​ហាម​នោះ​ធ្វើ​ឡើង​ គឺ​បន្ទាប់​ពី​អ្នក​ភូមិ​​គ្រោង​ប្រារព្ធ​ពិធី​បុណ្យ​ឡើង​អ្នក​តា​ប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ ឧសភា តែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត និង​បាន​​ជំរុញ​ឲ្យ​តំណាង​អ្នក​ភូមិ​សរសេរ​លិខិត​ស្នើ​សុំ​ពី​អភិបាល​ខេត្ត​ជា​មុន​សិន។

​ពលរដ្ឋ​រស់​នៅ​ភូមិ​ចេក ក្រុង​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​ខេត្ត​មាន​ចេតនា​បំបិទ​សិទ្ធិ​សហគមន៍​មិន​ឲ្យ​អាស្រ័យ​ផល​លើ​ដី​សហគមន៍​ដូច​មុន​ឡើយ។ ទង្វើ​នេះ​អ្នក​ភូមិ​នៅ​តែ​មាន​មន្ទិល​ថា ដី​សហគមន៍​ដែល​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ ធ្លាប់​បាន​សរសេរ​លិខិត​ប្រគល់​ជូន​សហគមន៍​កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ នៅ​តែ​មាន​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត​ដដែល។

តំណាង​អ្នក​ភូមិ​លោក ស៊ិន ស៊ីតារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា  កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ អ្នក​ភូមិ​រៀបចំ​ធ្វើ​អណ្ដូងស្នប់​មួយ​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ តែ​អាជ្ញាធរ​ក្រុង​រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ហាមឃាត់​។ បន្ថែម​ពីលើ​នេះ​ទៀត អ្នកភូមិ​ក៏​ធ្លាប់​ធ្វើលិខិត​ស្នើសុំ​អនុញ្ញាត​ធ្វើ​ពិធី​បុណ្យ​ឡើង​អ្នកតា​ដែរ កាល​ពី​ថ្ងៃ​ទី​៧ ឧសភា តែ​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ត្រូវ​ឆ្លង​អាជ្ញាធរ​ភូមិ​ដល់​អភិបាល​ខេត្ត ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ត្រឹម​ចៅសង្កាត់។

លោក​ថា ដី​អ្នកតា​ត្រពាំងរាល នៅ​ចុង​ភូមិ ជា​ដី​សមូហភាព​សម្រាប់​អ្នក​ភូមិ។ រៀងរាល់​ឆ្នាំ​ពលរដ្ឋ​តែងតែ​យក​ទីតាំង​នោះ​ប្រារព្ធ​ពិធីបុណ្យ​ឡើង​អ្នកតា និង​ពិធី​សុំ​ទឹកភ្លៀង​មិនសូវ​ខាន​ទេ តែ​នៅ​ឆ្នាំ​នេះ​ត្រូវ​អាក់ខាន៖ «ស្នើ​ធ្វើ​បុណ្យ ឥឡូវ​គេ​អត់​ស៊ីញ៉េ ឲ្យ​ធ្វើ​ផង​ហ្នឹង គេ​អត់​ឲ្យ​ធ្វើ​បុណ្យ​ទៀត ធ្វើ​បុណ្យ​គ្រាន់​តែ​ឡើង​អ្នក​តា​តិចតួច​ហ្នឹង​សុំ​ទឹកភ្លៀង​ហ្នឹង វា​ធ្លាប់​ទម្លាប់​រាល់​ឆ្នាំ​អ៊ីចឹង។ ធ្វើ​សំបុត្រ​ស្នើ​ទៅ​ភូមិ ស្នើ​ទៅ​ឃុំ​ គេ​អត់​ព្រម​ធ្វើ​ឲ្យ គេ​ថា​មិន​ឲ្យ​ធ្វើ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ បាន​ទេ នៅ​ថ្ងៃ​ទី​១១ ឧសភា។ ក៏ប៉ុន្តែ​អភិបាល​រង​ក្រុង​ស្វាយរៀង លោក ខៀវ សារ៉ន ថ្លែង​ថា រាល់​ការ​ធ្វើ​អ្វីៗ​នៅ​លើ​ដី​ទំនេរ​របស់​រដ្ឋ  គឺ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​ជា​មុន​សិន។ លោក​ថា ដី​នេះ​គឺ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​គ្រប់គ្រង ដូច្នេះ​សហគមន៍​មិន​អាច​ចេះ​តែ​ធ្វើ​តាមតែ​ចិត្ត​ចង់​នោះ​ទេ៖ «ព្រោះ​អី​យើ​ង​មិន​អាច​ចង់​ទៅ​ឃើញ​ធ្វើ​ទេ អ្វី​ធ្វើ​អី​សុំ​មក​ថ្នាក់​ណា​ដែល​អាច​ទៅ​បាន ដី​ហ្នឹង​ខេត្ត​គ្រប់គ្រង​មិន​អ៊ីចឹង? ចង់​ធ្វើ​អី​យើង​ត្រូវ​សុំ​ខេត្ត ហើយ​បើ​គាត់​ចង់​ធ្វើ​អី​តាម​តែ​អំពើ​ចិត្ត​ម៉េច​កើត?»

ជុំវិញ​បញ្ហា​នេះ អ្នក​ភូមិ​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​ឃុបឃិត​យក​ដី​អ្នកតា​ត្រពាំងរាល នៅ​សង្កាត់​ចេក មាន​ទំហំ​ជាង ៤​ហិកតារ ត្រូវ​មន្ត្រី​ទាំង​នោះ​កាត់​ចែក​គ្នា​ជា​ឡូត៍ ថែម​ទាំង​មាន​ប្លង់​កម្មសិទ្ធិ​រៀង​ខ្លួន​ទៀត​ផង។ ដោយ​ឡែក​ពលរដ្ឋ​ចំនួន ១៤១​គ្រួសារ បាន​លើក​គ្នា​តវ៉ា​ទាមទារ​ដី​នោះ​មក​វិញ រហូត​ដល់​ល្ងាច​ថ្ងៃ​ដែល​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ ចេញ​លិខិត​ប្រគល់​ជូន​ពលរដ្ឋ​វិញ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខែត្រ​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន យល់​ឃើញ​ថា ដី​នេះ​បើ​អ្នក​ភូមិ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ មិន​គួរ​មាន​ការ​ស្នើសុំ​រហូត​ដល់​អភិបាល​ខេត្ត​ទេ។ លោក​បន្ត​ថា ដំណឹង​ក្រៅ​ផ្លូវការ​ដី​នេះ​អាជ្ញាធរ​ខេត្ត​អាច​នឹង​មាន​គម្រោង​ធ្វើ​ពន្ធនាគារ ព្រោះ​ពន្ធនាគារ​ខេត្ត​នេះ​សព្វ​ថ្ងៃ​ចង្អៀត​ខ្លាំង៖ «បើ​ឲ្យ​ពន្ធនាគារ​ក៏​នៅតែ​ដី​រដ្ឋ​ដដែល​ហ្នឹង អ៊ីចឹង​ពលរដ្ឋ​គាត់​ធ្វើ​អី​ក៏​មិន​មាន​សិទ្ធិ​ហាម​ឃាត់​គាត់​ដែរ​បើ​គាត់​សុំ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ បើ​គាត់​សុំ​ធ្វើ​កន្លែង​ហ្នឹង​ដី​រដ្ឋ បើ​គាត់​សុំ​ធ្វើ​អី ភូមិ​ឃុំ​គាត់​ក៏​មិន​មាន​អី​ត្រូវ​ការ​ហាមឃាត់​ទេ ហើយ​ឲ្យ​គាត់​ទៅ​សុំ​ខេត្ត បើ​សុំ​ខេត្ត​មានន័យ ថា​ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​អ្នក​ណា​ម្នាក់​ទៀត»

អ្នក​ឃ្លាំមើល​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ពន្យល់​ថា យោង​តាម​ច្បាប់​ភូមិបាល​ដី​បែក​ចែក​ជា ៤​ប្រភេទ ទី​១ គឺ​ដី​សាធារណៈ​របស់​រដ្ឋ​ទូទៅ ទី​២ ដី​ឯកជន​របស់​រដ្ឋ ទី​៣ ដី​សហគមន៍ និង​ទី​៤ ឯកជន។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ហាមឃាត់​អ្នក​ភូមិ​មិន​ឲ្យ​អាស្រ័យផល​លើ​ដី​សហគមន៍​កន្លង​ទៅ គឺ​ផ្ទុយ​ពី​ច្បាប់​ភូមិបាល ហើយ​អ្នក​ភូមិ​មាន​សិទ្ធិ​អាស្រ័យ​ផល​លើ​ដី​សហគមន៍​តាម​មូលដ្ឋាន​មិន​ចាំបាច់​ស្នើ​សុំ​រហូត​ដល់​អភិបាល​ខេត្ត​ទេ។ លោក​ថា អ្នក​ភូមិ​គួរ​តែ​រក​មេធាវី​អង្គការ​ប្ដឹង​ទៅ​តុលាការ​ទាក់ទិន​បញ្ហា​នេះ​ដើម្បី​តតាំង​ផ្នែក​ច្បាប់។

​តំណាង​ប្រជាពលរដ្ឋ​គ្រោង​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។