ប្រជាពលរដ្ឋច្រើនភូមិ រស់នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ត្អូញថា ក្រុមអ្នករាយខ្សែបណ្ដាញអគ្គិសនី នៅក្នុងស្រុកទ្រាំង មិនបានសងសំណងដល់ពួកគាត់ឡើយ នៅពេលកាប់ចោលដើមឈើចម្រុះដែលអ្នកភូមិដាំ បន្ទាប់ពីបានអូសខ្សែកាត់តំបន់អ្នកភូមិរស់នៅ។ ខ្សែបណ្ដាញអគ្គិសនីនោះ ត្រូវប្រជាពលរដ្ឋឲ្យដឹងថា តមកពីប្រទេសវៀតណាម ពីតាមផ្លូវជាតិលេខ២ តភ្ជាប់ចូលមកក្នុងស្រុកទ្រាំង ចម្ងាយប្រមាណ ១០គ.ម សម្រាប់ឲ្យពលរដ្ឋ ១១ភូមិ ក្នុងឃុំខ្វាវ ប្រើ។
ប្រជាពលរដ្ឋភូមិពង្រ ឃុំខ្វាវ ឈ្មោះ វ៉ែន វ៉ាប បានថ្លែងថា ក្រុមហ៊ុនអគ្គិសនីរាយខ្សែភ្លើងក្នុងឃុំនោះ ដើម្បីលក់ភ្លើងទៅភូមិដទៃហើយកាប់ដើមឈើគាត់ធ្លាប់ទទួលប្រាក់ចំណូលរាល់ឆ្នាំ ដោយគ្មាន
សំណង៖ «ចេះតែដើរកាប់ ដើរបំពានហើយ ខ្ញុំឃាត់គេអត់ស្ដាប់ទេ គេបំផ្លាញរបស់ខ្ញុំអស់ចំនួន។ ៩ដើមត្នោត ស្វាយមួយដើម ដូងមួយដើម រួចគេអត់មាននិយាយដោះដូរជាមួយខ្ញុំទេ»។
បុរសឈ្មោះ ស្រី ម៉ុង ថ្លែងស្រដៀងគ្នាដែរថា គេប្រកបរបររកស៊ីលក់ភ្លើងរកចំណូលខ្លួនឯងសោះ មកបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ខ្ទេចខ្ទី និងប្រើពាក្យមកលើគាត់មិនគប្បីថែមទៀត៖ «អស់ដើមដូងមួយដើម ដើមត្នោតមួយដើម ឫស្សីអស់ទូទៅ ម្នាក់ ២គុម្ព ៣គុម្ព»។
លោក ណុប គោ នៅភូមិកកោះ ឃុំខ្វាវ ដែរថ្លែងថា ការបំផ្លាញផលដំណាំដែលគាត់ខំដាំ វាជារឿងរំលោភសិទ្ធកាន់កាប់ទ្រព្យសម្បត្តិពលរដ្ឋ ដែលក្រុមហ៊ុនអគ្គិសនីកំពុងរាយខ្សែនៅក្នុងឃុំខ្វាវ។ អ្នករាយខ្សែនោះ បានលួចកាប់ដើមឈើគាត់ទាំងធំទាំងតូច នៅពេលពួកគាត់មិននៅផ្ទះ ហើយមិនព្រមផ្ដល់សំណងឡើយ។
លោក ណុប គោ៖ «ដូង ៤ដើម ដើមទឹកដោះ ដើមកន្ទួត ទៀប ឈើតូចៗ។ ខ្ញុំអត់នៅផ្ទះទេ ប្រពន្ធខ្ញុំក៏បានឃាត់ដែរថា ទុកលើងចេញ ព្រោះវានៅតូចៗ ទុកខ្ញុំដាំផ្លាស់កន្លែង ក៏បានដែរ។ គេថា ចេះអីជាងគេៗកាប់បំពានតែម្ដង ហើយគេកាប់តែផ្ទះខ្ញុំមួយហ្នឹង គេកាប់ខ្ទេចអស់ហើយ»។
យុវសិស្សឈ្មោះ ស្រី ណុប ថ្លែងថា ក្រុមហ៊ុនអគ្គិសនីមកកាប់ដើមឈើគាត់អស់ ៥ ទៅ ៦ ដើម ដូចជាដើមទឹកដោះ កន្ទួត ដូង ត្នោត ឫស្សីច្រើនគុម្ព ដែលគ្រួសារគាត់រំពឹងប្រាក់ចំណូលពីដើមឈើនោះ។ ប៉ុន្តែក្រុមហ៊ុនអគ្គិសនីមកបំផ្លាញដោយគ្មានសំណងបន្តិចសោះ គឺជាអំពើរំលោភសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ទើបកញ្ញាសុំឲ្យក្រុមហ៊ុននោះសងប្រាក់ថ្លៃកាប់ដើមឈើ។
យុវសិស្សឈ្មោះ ស្រី ណុប៖ «ការអភិវឌ្ឍខ្សែភ្លើងនេះ គឺវាបំផ្លាញប្រជាជន។ ដើមចេកជាដើម ពេលឃាត់អ៊ីចឹងទៅ គាត់ថា៖ កុំឲ្យតែអញអារដើមចេកអ្ងែងចោលទៀតផង អ្ងែងកុំតវ៉ាខ្លាំងពេកអី!»។
មេឃុំខ្វាវ លោក ទឹម អ៊ុយ ថ្លែងថា មានពលរដ្ឋច្រើនរយគ្រួសារចង់រស់នៅមានភ្លើងអគ្គិសនីបំភ្លឺទាំងថ្ងៃទាំងយប់ ដូចជានៅទីប្រជុំជនដែរ។ ពួកគេបានដាក់ពាក្យមកសុំឲ្យអាជ្ញាធរតភ្ជាប់បណ្ដាញអគ្គិសនី។ អាជ្ញាធរឃុំ ស្រុក បានប្រកាសពីផលប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋនៅពេលក្រុមហ៊ុនគេតខ្សែបណ្ដាញនោះ។
លោកបន្តថា អ្នកតវ៉ានោះមានមួយក្រុមតូចដែលមិនចង់អភិវឌ្ឍន៍ភូមិប៉ុណ្ណោះ៖ «អ្វីដែលយើងខំប្រឹងប្រែងសម្រាប់ប្រជាពលរដ្ឋភាគច្រើន ខាងភាគតិចហ្នឹងវាមិនសប្បាយចិត្តនឹងខ្ញុំធ្វើទេ»។
បុគ្គលិកតខ្សែបណ្ដាញអគ្គិសនីខេត្តតាកែវ សុំមិនប្រាប់ឈ្មោះ អះអាងថា ក្រុមហ៊ុនគាត់តខ្សែនេះ គឺវិនិយោគចំនួន ២ស្រុក គឺស្រុកគិរីវង្ស និងស្រុកទ្រាំង។ ការតខ្សែកាត់ផ្ទះ និងភូមិរបស់ពលរដ្ឋ តែងតែប៉ះពាល់ដំណាំ និងផ្ទះសម្បែង។ ដើម្បីការពារខ្សែភ្លើងកុំឲ្យឆក់ ឬមានបញ្ហាខ្យល់បក់ដើមឈើរលំត្រូវលើខ្សែអគ្គិសនីនាំឲ្យដាច់ភ្លើងនោះ ពួកគាត់ត្រូវតែកាប់វត្ថុដែលរំខាននោះចោល។
លោកថាចំពោះសំណង គឺអាជ្ញាធរដែនដីចរចាជាមួយម្ចាស់ដំណាំ មិនមែនពួកគាត់ចរចាទេ៖ «អាហ្នឹងនៅលើផ្នែកគាត់ខាងដោះស្រាយ ព្រោះអីខាងខ្ញុំអគ្គិសនីអត់មានទេ ខាងខ្ញុំបានតែគាត់ស្នើ ដូចថា តំបន់ណាគាត់ចង់បានអគ្គិសនីប្រើប្រាស់អ៊ីចឹង គាត់មានសំណើមកហើយអាជ្ញាធរដែនដី...»។
បុគ្គលិកអាជ្ញាធរអគ្គិសនី សុំមិនប្រាប់ឈ្មោះបានថ្លែងថា តាមច្បាប់ក្នុងប្រទេសកម្ពុជា រាល់ការអភិវឌ្ឍដែលបានធ្វើទៅនាំឲ្យប៉ះពាល់ទៅដល់អ្នកដែលរស់នៅផ្ទាល់កន្លែងអភិវឌ្ឍន៍នោះ ច្បាប់បង្គាប់ឲ្យសង ទោះបីសំណងតិចក្ដីច្រើនក្ដី។ លោកថា មានវិធីមួយទៀត គឺអាជ្ញាធរមូលដ្ឋានជាអ្នកចេញមុខសម្របសម្រួលរវាងភាគីវិនិយោគ និងជនរងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។