ពលរដ្ឋ​នៅ​តាកែវ​តវ៉ា​ពី​ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​អគ្គិសនី

ពលរដ្ឋ​រស់​នៅ​ជនបទ​ក្នុង​ខេត្ត​តាកែវ ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​អគ្គិសនី​កាប់​បំផ្លាញ​ដើម​ឈើ​ដែល​ពួកគាត់​ខំ​ដាំ​យូរ​ឆ្នាំ និង​កំពុងតែ​អាស្រ័យផល​ពី​ដើមឈើ​នោះ បាន​ចោទ​ថា ក្រុមហ៊ុន​លក់​អគ្គិសនី​មាន​ការ​រំលោភ​លើ​សិទ្ធិ​រស់​នៅ​របស់​ពួកគាត់។
ដោយ អ៊ុក សាវបូរី
2012-07-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ច្រើន​ភូមិ រស់​នៅ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្អូញ​ថា ក្រុម​អ្នក​រាយ​ខ្សែ​បណ្ដាញ​អគ្គិសនី នៅ​ក្នុង​ស្រុក​ទ្រាំង មិន​បាន​សង​សំណង​ដល់​ពួកគាត់​ឡើយ នៅ​ពេល​កាប់​ចោល​ដើមឈើ​ចម្រុះ​ដែល​អ្នកភូមិ​ដាំ បន្ទាប់ពី​បាន​អូស​ខ្សែ​កាត់​តំបន់​អ្នកភូមិ​រស់នៅ។ ខ្សែ​បណ្ដាញ​អគ្គិសនី​នោះ ត្រូវ​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ត​មក​ពី​ប្រទេស​វៀតណាម ពី​តាម​ផ្លូវជាតិ​លេខ​២ ត​ភ្ជាប់​ចូល​មក​ក្នុង​ស្រុក​ទ្រាំង ចម្ងាយ​ប្រមាណ ១០​គ.ម សម្រាប់​ឲ្យ​ពលរដ្ឋ ១១​ភូមិ ក្នុង​ឃុំ​ខ្វាវ ប្រើ។

ប្រជាពលរដ្ឋ​ភូមិ​ពង្រ ឃុំ​ខ្វាវ ឈ្មោះ វ៉ែន វ៉ាប បាន​ថ្លែង​ថា ក្រុមហ៊ុន​អគ្គិសនី​រាយ​ខ្សែ​ភ្លើង​ក្នុង​ឃុំ​នោះ  ដើម្បី​លក់​ភ្លើង​ទៅ​ភូមិ​ដទៃ​ហើយ​កាប់​ដើមឈើ​គាត់​ធ្លាប់​ទទួល​ប្រាក់​ចំណូល​រាល់​ឆ្នាំ ដោយ​គ្មាន
សំណង៖ «ចេះ​តែ​ដើរ​កាប់ ដើរ​បំពាន​ហើយ ខ្ញុំ​ឃាត់​គេ​អត់​ស្ដាប់​ទេ គេ​បំផ្លាញ​របស់​ខ្ញុំ​អស់​ចំនួន។ ៩​ដើម​ត្នោត ស្វាយ​មួយ​ដើម ដូង​មួយ​ដើម រួច​គេ​អត់​មាន​និយាយ​ដោះដូរ​ជាមួយ​ខ្ញុំ​ទេ»

បុរស​ឈ្មោះ ស្រី ម៉ុង ថ្លែង​ស្រដៀងគ្នា​ដែរ​ថា គេ​ប្រកប​របរ​រក​ស៊ី​លក់​ភ្លើង​រក​ចំណូល​ខ្លួន​ឯង​សោះ មក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គាត់​ខ្ទេចខ្ទី និង​ប្រើ​ពាក្យ​មក​លើ​គាត់​មិន​គប្បី​ថែម​ទៀត៖ «អស់​ដើម​ដូង​មួយ​ដើម ដើម​ត្នោត​មួយ​ដើម ឫស្សី​អស់​ទូទៅ ម្នាក់ ២​គុម្ព ៣​គុម្ព»

លោក ណុប គោ នៅ​ភូមិ​កកោះ ឃុំ​ខ្វាវ ដែរ​ថ្លែង​ថា ការ​បំផ្លាញ​ផលដំណាំ​ដែល​គាត់​ខំ​ដាំ វា​ជា​រឿង​រំលោភ​សិទ្ធ​កាន់​កាប់​ទ្រព្យសម្បត្តិ​ពលរដ្ឋ ដែល​ក្រុមហ៊ុន​អគ្គិសនី​កំពុង​រាយ​ខ្សែ​នៅ​ក្នុង​ឃុំ​ខ្វាវ។ អ្នក​រាយ​ខ្សែ​នោះ បាន​លួច​កាប់​ដើមឈើ​គាត់​ទាំង​ធំ​ទាំង​តូច នៅ​ពេល​ពួកគាត់​មិន​នៅ​ផ្ទះ ហើយ​មិន​ព្រម​ផ្ដល់​សំណង​ឡើយ។

លោក ណុប គោ៖ «ដូង ៤​ដើម ដើម​ទឹកដោះ ដើម​កន្ទួត ទៀប ឈើ​តូចៗ។ ខ្ញុំ​អត់​នៅ​ផ្ទះ​ទេ ប្រពន្ធ​ខ្ញុំ​ក៏​បាន​ឃាត់​ដែរ​ថា ទុក​លើង​ចេញ ព្រោះ​វា​នៅ​តូចៗ ទុក​ខ្ញុំ​ដាំ​ផ្លាស់កន្លែង ក៏​បាន​ដែរ។ គេ​ថា ចេះ​អី​ជាង​គេៗ​កាប់​បំពាន​តែ​ម្ដង ហើយ​គេ​កាប់​តែ​ផ្ទះ​ខ្ញុំ​មួយ​ហ្នឹង គេ​កាប់​ខ្ទេច​អស់​ហើយ»

យុវសិស្ស​ឈ្មោះ ស្រី ណុប ថ្លែង​ថា ក្រុមហ៊ុន​អគ្គិសនី​មក​កាប់​ដើមឈើ​គាត់​អស់ ៥ ទៅ ៦ ដើម ដូចជា​ដើម​ទឹកដោះ កន្ទួត ដូង ត្នោត ឫស្សី​ច្រើន​គុម្ព ដែល​គ្រួសារ​គាត់​រំពឹង​ប្រាក់​ចំណូល​ពី​ដើម​ឈើ​នោះ។ ប៉ុន្តែ​ក្រុមហ៊ុន​អគ្គិសនី​មក​បំផ្លាញ​ដោយ​គ្មាន​សំណង​បន្តិច​សោះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ទើប​កញ្ញា​សុំ​ឲ្យ​ក្រុមហ៊ុន​នោះ​សង​ប្រាក់​ថ្លៃ​កាប់​ដើម​ឈើ។

យុវ​សិស្ស​ឈ្មោះ ស្រី ណុប៖ «ការ​អភិវឌ្ឍ​ខ្សែភ្លើង​នេះ គឺ​វា​បំផ្លាញ​ប្រជាជន។ ដើម​ចេក​ជាដើម ពេល​ឃាត់​អ៊ីចឹង​ទៅ គាត់​ថា៖ កុំ​ឲ្យ​តែ​អញ​អារ​ដើម​ចេក​អ្ងែង​ចោល​ទៀត​ផង អ្ងែង​កុំ​តវ៉ា​ខ្លាំង​ពេក​អី!»

មេ​ឃុំ​ខ្វាវ លោក ទឹម អ៊ុយ ថ្លែង​ថា មាន​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ចង់​រស់នៅ​មាន​ភ្លើងអគ្គិសនី​បំភ្លឺ​ទាំង​ថ្ងៃ​ទាំង​យប់ ដូចជា​នៅ​ទីប្រជុំជន​ដែរ។ ពួកគេ​បាន​ដាក់​ពាក្យ​មក​សុំ​ឲ្យ​អាជ្ញាធរ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី។ អាជ្ញាធរ​ឃុំ ស្រុក បាន​ប្រកាស​ពី​ផល​ប៉ះពាល់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នៅ​ពេល​ក្រុមហ៊ុន​គេ​ត​ខ្សែ​បណ្ដាញ​នោះ។

លោក​បន្ត​ថា អ្នក​តវ៉ា​នោះ​មាន​មួយ​ក្រុម​តូច​ដែល​មិន​ចង់​អភិវឌ្ឍន៍​ភូមិ​ប៉ុណ្ណោះ៖ «អ្វី​ដែល​យើង​ខំ​ប្រឹងប្រែង​សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ច្រើន ខាង​ភាគ​តិច​ហ្នឹង​វា​មិន​សប្បាយ​ចិត្ត​នឹង​ខ្ញុំ​ធ្វើ​ទេ»

បុគ្គលិក​តខ្សែ​បណ្ដាញ​អគ្គិសនី​ខេត្ត​តាកែវ សុំ​មិន​ប្រាប់​ឈ្មោះ អះអាង​ថា ក្រុមហ៊ុន​គាត់​តខ្សែ​នេះ គឺ​វិនិយោគ​ចំនួន ២​ស្រុក គឺ​ស្រុក​គិរីវង្ស និង​ស្រុក​ទ្រាំង។ ការ​តខ្សែ​កាត់​ផ្ទះ និង​ភូមិ​របស់​ពលរដ្ឋ តែងតែ​ប៉ះពាល់​ដំណាំ និង​ផ្ទះសម្បែង។ ដើម្បី​ការពារ​ខ្សែភ្លើង​កុំ​ឲ្យ​ឆក់ ឬ​មាន​បញ្ហា​ខ្យល់​បក់​ដើម​ឈើ​រលំ​ត្រូវ​លើ​ខ្សែ​អគ្គិសនី​នាំឲ្យ​ដាច់​ភ្លើង​នោះ ពួកគាត់​ត្រូវតែ​កាប់​វត្ថុ​ដែល​រំខាន​នោះ​ចោល។

លោក​ថា​ចំពោះ​សំណង គឺ​អាជ្ញាធរ​ដែនដី​ចរចា​ជាមួយ​ម្ចាស់​ដំណាំ មិនមែន​ពួក​គាត់​ចរចា​ទេ៖ «អា​ហ្នឹង​នៅ​លើ​ផ្នែក​គាត់​ខាង​ដោះស្រាយ ព្រោះអី​ខាង​ខ្ញុំ​អគ្គិសនី​អត់​មាន​ទេ ខាង​ខ្ញុំ​បាន​តែ​គាត់​ស្នើ ដូច​ថា តំបន់​ណា​គាត់​ចង់​បាន​អគ្គិសនី​ប្រើប្រាស់​អ៊ីចឹង គាត់​មាន​សំណើ​មក​ហើយ​អាជ្ញាធរ​ដែនដី...»

បុគ្គលិក​អាជ្ញាធរ​អគ្គិសនី សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ថា តាម​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា រាល់​ការ​អភិវឌ្ឍ​ដែល​បាន​ធ្វើ​ទៅ​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដែល​រស់នៅ​ផ្ទាល់​កន្លែង​អភិវឌ្ឍន៍​នោះ ច្បាប់​បង្គាប់​ឲ្យ​សង ទោះបី​សំណង​តិច​ក្ដី​ច្រើន​ក្ដី។ លោក​ថា មាន​វិធី​មួយ​ទៀត គឺ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​មុខ​សម្របសម្រួល​រវាង​ភាគី​វិនិយោគ និង​ជន​រង​ផល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល