គ្រូ​អនុវិទ្យាល័យ​នៅ​ខេត្ត​កំពង់ចាម​សុំ​ឲ្យ​ការិយាល័យ​អប់រំ​ស្រុក​តែង​តាំង​នាយក​រង​ថ្មី

គ្រូ​អនុវិទ្យាល័យ ហ៊ុន សែន ទូរ៉ី នៅ​ឃុំ​ព្រែកពោធិ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ទាម​ទារ​សុំ​ឲ្យ​ការិយាល័យ​អប់រំ​ស្រុក តែង​តាំង​គ្រូ​ពី​សាលា​ផ្សេង​មក​ធ្វើ​ជា​នាយក​រង​សាលា​នេះ។

0:00 / 0:00

លោកគ្រូ​ម្នាក់​ក្នុង​ចំណោម​លោកគ្រូ​អ្នកគ្រូ ដែល​កំពុង​ទាម​ទារ​នោះ បាន​ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គាត់​ទាម​ទារ​ពីរ​ចំណុច។ ទី១ សុំ​ឲ្យ​តែង​តាំង​នាយក​រង ឡើង​ធ្វើ​នាយក​ជំនួស​តំណែង​នាយក​ចាស់ ដែល​ប្ដូរ​ការងារ​ទៅ​ភ្នំពេញ។ ទី២ សុំ​ឲ្យ​បន្ថែម​គ្រូ​ប្រមាណ ៥​ទៅ ៦នាក់ ដូច​ជា​គ្រូ​ជំនាញ​គណិតវិទ្យា គ្រូ​ជំនាញ​កុំព្យូទ័រ គ្រូ​ជំនាញ​ភាសា​អង់គ្លេស ភាសា​ខ្មែរ ជាដើម មក​បង្រៀន​ក្នុង​អនុវិទ្យាល័យ​នេះ ព្រោះ​សាលា​កំពុង​ខ្វះ​គ្រូ​បង្រៀន​ច្រើន​មុខ​វិជ្ជា​ដែរ។

វិទ្យុ​អាស៊ី​សេរី ទាក់​ទង​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ស្រីសន្ធរ ប៉ុន្តែ​លោក​កំពុង​មាន​ជំងឺ មិន​អាច​បំភ្លឺ​ចំពោះ​ការ​ទាម​ទារ​របស់​បុគ្គលិក​សិក្សា​អនុវិទ្យាល័យ ហ៊ុន សែន ទូរ៉ី ចំនួន​ពីរ​ចំណុច​នោះ​បាន​ភ្លាមៗ​ទេ។

នាយក​រង​អនុវិទ្យាល័យ ហ៊ុន សែន ទូរ៉ី លោក ឡាយ ផល្លា ថ្លែង​ថា លោក​សូម​អរគុណ​ចំពោះ​ការ​ពេញ​ចិត្ត​គាត់​ឲ្យ​ឡើង​តំណែង​ជា​នាយក​របស់​បុគ្គលិក​សិក្សា​ទាំង​អស់។ ប៉ុន្តែ​គាត់​ចង់​ឲ្យ​បុគ្គលិក​សិក្សា​ទាំង​អស់ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ រួម​គ្នា​បោះ​ឆ្នោត​ប្រកួត​ប្រជែង​យក​តួនាទី​ធ្វើ​ជា​នាយក​សាលា​វិញ។

ក្រុម​គ្រូ​បង្រៀន​នោះ បាន​ឲ្យ​ដឹង​ថា តាម​គាត់​បាន​សាក​សួរ​ទៅ​អាជ្ញាធរ​ស្រុក គឺ​តំណែង​នាយក​ថ្មី បាន​រើស​ចេញ​ពី​តំបន់​ផ្សេង តែ​មិន​ទាន់​តែង​តាំង និង​ប្រកាស​ជា​ផ្លូវ​ការ ឲ្យ​ពួក​គាត់​ដឹង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។