គ្រូបង្រៀន​អតីត​មន្ត្រី​បោះ​ឆ្នោត​ប្រតិកម្ម​ចំពោះ​ការ​កាត់​ប្រាក់​ខែ

គ្រូ​បង្រៀន​មួយ​ចំនួន​ដែល​ជា​អតីត​បុគ្គលិក​ធ្វើ​ការងារ​ជា​មន្ត្រី​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​២៤ កក្កដា មាន​ប្រតិកម្ម​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ពី​ការ​កាត់​ប្រាក់​បៀវត្សរ៍។
ដោយ វណ្ណ វិចារណ៍
2012-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពួក​គាត់​រិះគន់​ថា ការ​សម្រេច​របស់​ក្រសួង​អប់រំ​ស្រេច​តែ​ចិត្ត​នឹក​ឃើញ។ អតីត​មន្ត្រី​បណ្ដុះ​បណ្ដាល​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង និង​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ តា​គោក ស្រុក​ព្រះស្ដេច លោក ហ៊ឹម ផល្លី មាន​ប្រសាសន៍​ថា ព្រោះ​តែ​ជីវភាព​ខ្វះខាត និង​ចង់​ជួយ​ការងារ​សង្គម លោក​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​របស់ គ.ខ.ប។ លោក​បន្ត​ថា កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​បញ្ជាក់​ថា បុគ្គលិក​គ្រូ​បង្រៀន​ទៅ​ធ្វើ​ការងារ គ.ខ.ប ត្រូវ​បាន​រក្សា​ប្រាក់​ខែ​នៅ​ដដែល។

លោក​បន្ថែម​ថា លុះ​ដល់​ខែ​ឧសភា ក្រសួង​អប់រំ​ស្រាប់​តែ​ចេញ​សេចក្តី​សម្រេច​មួយ​ទៀត ដោយ​ប្រកាស​ថា កាត់​ប្រាក់​បៀវត្សរ៍​មន្ត្រី​អប់រំ​ទៅ​វិញ៖ «ខាង​មន្ទីរ​គេ​ប្រាប់​ឲ្យ​យើង​យក​លុយ​ទៅ​បង់​ឲ្យ​គេ​រយៈពេល​៤ខែ។ ខ្ញុំ​ទៅ​រក​ឯណា​ទៅ​បង់​ឲ្យ​គេ ឲ្យ​ហើយ ស្រាប់​តែ​ឲ្យ​រក​លុយ​សង​វិញ ខ្ញុំ​រក​លុយ​សង​វា​មិន​បាន ទូទាំង​ប្រទេស​២៤​ខេត្ត-ក្រុង កាត់​តែ​១៣​ខេត្ត»

លោក ហ៊ឹម ផល្លី បន្ត​ថា លោក​ស្នើ​ឲ្យ​ក្រសួង​អប់រំ​លុប​ចោល​ការ​ទារ​លុយ​ពី​ពួក​គាត់ ព្រោះ​ពួក​គាត់​កំពុង​តែ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​ព្រៃវែង ដែល​មាន​ឪពុក​ជា​មន្ត្រី​អប់រំ ធ្វើ​ការងារ​បោះ​ឆ្នោត​ដែរ​នោះ ឈ្មោះ ហឿម សត្យា មាន​ប្រសាសន៍​ថា ឪពុក​លោក​ធ្វើ​ការងារ​បោះ​ឆ្នោត​នេះ​ហត់​នឿយ​ខ្លាំង​ណាស់ ហើយ​សង្ឃឹម​ថា​បាន​លុយ​បន្ថែម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ តែ​ក្រសួង​អប់រំ​ចេញ​ប្រកាស​មួយ​ហើយ​មួយ​ទៀត ដោយ​មិន​គិត​ពី​ការ​លំបាក​របស់​គ្រូ​បង្រៀន​សោះ៖ «មាន​អារម្មណ៍​ថា​អយុត្តិធម៌​ណាស់ លិខិត​មួយ​ចេញ​ថា​អត់​កាត់​ប្រាក់​បៀវត្សរ៍​អីចឹង នៅ​ពេល​គេ​ធ្វើ​ការ​ចប់ ប្រកាស​ទាម​ទារ​ប្រាក់​ខែ​វិញ គ្រូ​ទាំង​អស់​ហ្នឹង មិន​ទាន់​យក​លុយ​ទៅ​សង​គេ​ដែរ តែ​ប្រាក់​ខែ​មួយ​ខែ​មិថុនា ហ្នឹង គេ​អត់​បើក​ឲ្យ​ទេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក អ៊ិន ថែរ បាន​ទេ នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏​ដោយ ក្រសួង​អប់រំ​បាន​ចេញ​ប្រកាស​លេខ ៨០៨​អ.យ.ក ប.ល ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក អ៊ឹម សិទ្ធី នៅ​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១២ ស្ដីពី​ករណី​បុគ្គលិក​អប់រំ​ជាប់​ឈ្មោះ​ទៅ​បំពេញ​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី៣។

សេចក្តី​ជូន​ដំណឹង​នោះ​បាន​សរសេរ​ថា សាមី​ខ្លួន​ត្រូវ​បាន​រក្សា​បៀវត្សរ៍​អតីតភាព​ការងារ​សម្រាប់​ឡើង​ថ្នាក់ និង​ទទួល​សោធន​និវត្តន៍។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១២ ក្រសួង​អប់រំ​បាន​ចេញ​លិខិត​មួយ​ទៀត ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក អ៊ឹម សិទ្ធី ដដែល នៅ​ក្នុង​ប្រការ​២ បាន​សរសេរ​ថា ក្នុង​រយៈពេល​នេះ សាមី​ខ្លួន​មន្ត្រី​អប់រំ​ដែល​ធ្វើ​ការងារ​បោះ​ឆ្នោត ត្រូវ​បាន​អតីតភាព​ការងារ​សម្រាប់​ការ​ឡើង​ថ្នាក់ និង​ទទួល​សោធន​និវត្តន៍ តែ​មិន​បាន​ប្រាក់​បៀវត្សរ៍​ទេ។

ស្រប​ពេល​គ្នា​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ចូល​រួម​ធ្វើ​ការងារ​បោះ​ឆ្នោត​របស់​គ្រូ​បង្រៀន ជា​ការងារ​សង្គម​មួយ​គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត តែ​ត្រូវ​បាន​ក្រសួង​បំបាក់​ស្មារតី ដោយ​ធ្វើ​ការងារ​មិន​ច្បាស់​លាស់​ទៅ​វិញ។ លោក​បន្ត​ថា ក្រសួង​អប់រំ​មាន​តួនាទី​ជា​អាណាព្យាបាល​របស់​គ្រូ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ឲ្យ​គ្រូ​បង្រៀន៖ «ក្រសួង​ត្រូវ​តែ​គោរព​ពាក្យ​សម្ដី​ខ្លួន​ឯង ចង់​ឲ្យ​លោក​គ្រូ អ្នក​គ្រូ ដែល​ជួប​បញ្ហា​ហ្នឹង លើក​បញ្ហា​មក​សមាគម សមាគម​នឹង​ដោះស្រាយ​អន្តរាគមន៍​ជូន»

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១២ ផ្ទុយ​ពី​ការ​សម្រេច​កាល​ពី​ខែ​មីនា។ ការ​សម្រេច​ថ្មី កាត់​ប្រាក់​បៀវត្សរ៍​មន្ត្រី​អប់រំ​នៅ​ក្នុង​ខេត្ត​ទាំង​១៣ រួម​មាន​កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង ព្រៃវែង កែប ស្ទឹងត្រែង ស្វាយរៀង កណ្ដាល បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ឧត្តរមានជ័យ បន្ទាយមានជ័យ។ ការ​សម្រេច​ចុង​ក្រោយ​នេះ កំពុង​បង្ខំ​ឲ្យ​គ្រូ​បង្រៀន និង​បុគ្គលិក​អប់រំ រក​ប្រាក់​សង​ទៅ​ក្រសួង​វិញ ខណៈ​ពេល​ជីវភាព​គ្រូ​កំពុង​ខ្វះ​ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល