ទាហាន​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង ៣នាក់

បើ​ទោះ​បី​ជា​ដឹង​ថា ការ​លួច​ឆ្លង​ព្រំដែន​ខុស​ច្បាប់​ដើម្បី​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ យក​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ គឺ​ត្រូវ​ប្រថុយ​ជីវិត និង​គ្រោះថ្នាក់​ជាច្រើន ដោយ​សារ​ទាហាន​ថៃ បាញ់​រះ​ក៏ដោយ ក៏​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅ​តែ​ព្យាយាម​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ដដែល។
ដោយ ហង្ស សាវយុត
2012-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣នាក់​ជា​ថ្មី​ទៀត ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​នៅ​ពេល​ដែល​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៩ ខែ​វិច្ឆិកា។

ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ព្យាយាម​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ បាន​ឱ្យ​ដឹង​ថា ទាហាន​ថៃ បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៣នាក់ នៅ​តំបន់​ជាប់​ព្រំប្រទល់​គ្នា​នៃ​ខេត្ត​ស្រះកែវ និង​ខេត្ត​បូរីរ៉ាំ ទល់​មុខ​នឹង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ របស់​ខ្មែរ៖ «ម្ដុំ​យើង​ច្រក​វត្ត​គ្រែផុស ឃុំ​បន្ទាយឆ្មារ។ វា​ទៅ​ច្រើន​នាក់ ទទួល​យើង​អូស​ឈើ​មក វាក់​ជាមួយ​ទាហាន​ថៃ បាញ់​ពី​ម្សិល ថ្ងៃ​ល្ងាច (ថ្ងៃ​ទី៨ ខែ​វិច្ឆិកា) ប្រហែល​ជា​ម៉ោង ៤​និង​៣០នាទី ផ្អើល​រត់​បែក​គ្នា​ទៅ។ ព្រលឹម​ឡើង រក​ផ្លូវ​ឃើញ។ ចេញ​មក​គេ​ចាប់​បាន​នៅ​ផ្លូវ​ក្រហម​ចេញ​មក​ខ្មែរ»។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៣នាក់ ដែល​ទាហាន​ថៃ ចាប់​ខ្លួន​នោះ ឈ្មោះ ម៉ៅ យឿន និង​ឈ្មោះ វ៉ាន់ មាន​ទី​លំនៅ​ភូមិ​ថ្មដូន ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ បុរស​ម្នាក់​ទៀត​ឈ្មោះ ស្រស់ មាន​ទីលំនៅ​ស្រុក​ជាំខ្សាន្ត ខេត្ត​ព្រះវិហារ។

ចាប់​តាំង​ពី​អំឡុង​ខែ​មករា រហូត​ដល់​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១២ តាម​តួលេខ​ត្រួសៗ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៣​នាក់​ស្លាប់ ៥​នាក់​រង​របួស ២​នាក់​បាត់​ខ្លួន និង​៩​នាក់​ទៀត ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​នៅ​តាម​ព្រំដែន ដោយ​សារ​នាំ​គ្នា​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល