មន្ត្រីទេសចរណ៍ខេត្តរតនគិរី នៅថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១២ ឲ្យដឹងថា តួលេខនៃអ្នកទេសចរ មកកម្សាន្តនៅខេត្តរតនគិរី ៩ខែ ក្នុងឆ្នាំ២០១២ នេះ កើនឡើងជាង ៣០%។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ មានប្រសាសន៍បញ្ជាក់ថា រដូវវស្សាឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនសូវមានអ្នកទេសចរមកកម្សាន្ត ក៏ប៉ុន្តែគេសង្កេតឃើញអ្នកទេសចរនាំគ្នាមកកម្សាន្តនៅខេត្តរតនគិរី នៅអំឡុងខែដែលអាកាសធាតុអំណោយផល មិនមានភ្លៀង ជាពិសេសនៅរដូវបុណ្យជាតិ ឬបុណ្យប្រពៃណីជាដើម។
លោកបន្តថា នៅខេត្តរតនគិរី តំបន់ទេសចរណ៍ និងផ្លូវគមនាគមន៍ធ្វើដំណើរបានប្រសើរច្រើន កត្តានេះបង្កការងាយស្រួលសម្រាប់ការធ្វើដំណើរបានស្រួល ឆាប់រហ័ស និងចំណាយប្រាក់តិច៖ «យើងកើនដោយសារថា ព្រឹត្តិការណ៍យើងផ្សាយពីកម្ពុជាអច្ឆរិយ ហើយគេចង់ស្គាល់ចង់ឃើញ យើងបានរៀបចំឲ្យឆ្លើយតបទៅនឹងពាក្យស្លោករបស់ក្រសួងទេសចរណ៍ រៀបចំសហគមន៍ស្អាតសេវាល្អ»។
តួលេខផ្តល់ដោយមន្ត្រីមន្ទីរទេសចរណ៍ខេត្ត ឲ្យដឹងថា កាលពី៩ខែឆ្នាំ២០១១ មានអ្នកទេសចរជាតិ អន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងខេត្តមានចំនួន ១២៤.០០០នាក់ ប៉ុន្តែនៅ ៩ខែឆ្នាំ២០១២ តួលេខនេះកើនឡើងដល់ ១៣៩.០០០នាក់។
ផ្លូវជាតិលេខ៧៨ តភ្ជាប់ពីតំបន់អូរពងមាន់ ខេត្តស្ទឹងត្រែង មកកាន់ខេត្តរតនគិរី បានស្ថាបនាក្រាលបេតុង ចាក់កៅស៊ូ រួចរាល់ទាំងស្រុង។ ចំណែកផ្លូវធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានមួយចំនួន ក៏បានឈូសឆាយងាយស្រួលធ្វើដំណើរដូចគ្នា។
អភិបាលក្រុងបានលុង លោក លីវិន កត់សម្គាល់ថា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិ និងផ្លូវតាមបណ្ដាស្រុក និងគោលនយោបាយក្រុងស្អាត រមណីយដ្ឋានមានអនាម័យ គឺជាកត្តាសំខាន់ ទាក់ទាញអ្នកទេសចរ។ លោកបន្តថា ក្រុងបានលុង បានដាក់ចូលរួមប្រកួតប្រជែងជាទីក្រុងស្អាតរួចហើយ សម្រាប់វិស័យទេសចរណ៍៖ «ការរៀបចំក្រុងហ្នឹង វាមានសោភ័ណភាពល្អបង្គួរ ហើយចំពោះអនាម័យនៅតាមរមណីយដ្ឋាន ដូចបឹងយក្សឡោម ហ្នឹង មានអនាម័យល្អដែរ ជាពិសេសទៀតហ្នឹង ការស្នាក់នៅរបស់ភ្ញៀវវាមិនស្ទុះដូចមុន។ ខ្លះគេចង់ចុះដល់មូលដ្ឋានទៀតណា!»។
នៅខេត្តរតនគិរី តំបន់ទេសចរណ៍សំខាន់ដែលមានឈ្មោះល្បីល្បាញជាងគេ គឺបឹងយក្សឡោម ទឹកជ្រោះកាចាញ នៅក្រុងបានលុង និងតំបន់ទឹកជ្រោះអូរសៀនឡែ ឬទឹកជ្រោះ ៧ជាន់ នៅស្រុកលំផាត់ និងទឹកជ្រោះចាអ៊ុង ក្នុងស្រុកអូរជុំ។
ប្រធានសហគមន៍ទឹកជ្រោះកាចាញ លោក ហៃ វាសនា ទទួលស្គាល់ថា ចាប់ពីដើមឆ្នាំ២០១២ រហូតបច្ចុប្បន្ន ពិតជាមានអ្នកទេសចរមកកម្សាន្តទឹកជ្រោះកាចាញ ច្រើនជាងឆ្នាំកន្លងទៅ។ លោកចាប់អារម្មណ៍ថា ការអភិវឌ្ឍវិស័យគមនាគមន៍ និងពាក្យស្លោករមណីយដ្ឋានស្អាត គឺជាមូលហេតុនាំឲ្យអ្នកទេសចរមកកម្សាន្តកាន់តែច្រើន៖ «យើងមានស្ពានយោល ផ្ទះកូនកំលោះក្រមុំ ហើយសំអាតក្នុងរមណីយដ្ឋានបានស្អាតជាងរាល់ឆ្នាំ ធុងសំរាមមានច្រើនអត់អីទេ។ កន្លែងចតឡានហ្នឹង សុវត្ថិភាពរៀបស្រួលជាងឆ្នាំទៅមិនឲ្យស្ទះដូចឆ្នាំទៅទេ។ បើសិនភ្ញៀវណាគេចង់មើលខ្ញុំមានក្រុមសិល្បៈមួយក្រុមដែរ»។
តាមការគ្រោងទុករបស់មន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្តរតនគិរី កំពុងត្រៀមរៀបចំពង្រីកតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ទៅតំបន់ឧទ្យានជាតិវីរជ័យ ដូចជាតំបន់អភិរក្សសត្វទោច តំបន់ទស្សនាសត្វព្រៃ និងតំបន់ទឹកជ្រោះជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។