នៅក្នុងសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី២៥ កក្កដា បានបង្ហាញថា ពីអង្គការសុខភាពពិភពលោក តាមរយៈមូលនិធិប្លូមបឺគ ភីលែនត្រូភី (Bloomberg Philanthropies' RS10 Fund) នៃគម្រោងសុវត្ថិភាពចរាចរណ៍ ១០ប្រទេស និងអង្គការដៃគូសុវត្ថិភាពចរាចរណ៍សកលបានផ្ដល់ជំនួយឧបករណ៍សម្ភារៈប្រតិបត្តិការ និងការបណ្ដុះបណ្ដាលដល់នគរបាលចរាចរណ៍ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅខេត្តចំនួន៣ ព្រមទាំងការបណ្ដុះបណ្ដាលឯកទេសជាតិស្រវឹង និងការមិនពាក់មួកសុវត្ថិភាពនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីប្រកាសអំពីយុទ្ធនាការផ្សព្វផ្សាយការពាក់មួកសុវត្ថិភាព និងពិធីប្រគល់ឧបករណ៍ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការមិនពាក់មួកសុវត្ថិភាព លោកវេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារ៉ាន់ (Pieter Van Maaren) តំណាងអង្គការសុខភាពពិភពបានថ្លែងថា ការប្រកាសពិធីនេះ គឺជាសកម្មភាពនៃគម្រោងសុវត្ថិភាពចរាចរណ៍ក្នុងគោលបំណងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដោយកាត់បន្ថយការស្លាប់ប្រមាណជាង ១.៨០០នាក់ និងរបួសធ្ងន់ធ្ងរប្រមាណ ៦.៧០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ។
លោកវេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារ៉ាន់៖ «នៅក្នុងប្រទេសកម្ពុជា គ្រោះថ្នាក់ដែលបានកើតឡើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យស្លាប់ ស្ថិតនៅក្នុងអត្រាមួយគួរឲ្យព្រួយបារម្ភ។ បញ្ហានេះគឺតម្រូវឲ្យមានការចាត់វិធានការការ ការសម្របសម្រួលឲ្យបានច្រើន រវាងស្ថាប័ននានា រវាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ដើម្បីសម្រេចឲ្យបាន និងជម្នះឲ្យបាននូវបញ្ហាសុខភាពសាធារណៈដែលយើងត្រូវដោះស្រាយចំពោះមុខនេះ»។
ជំនួយឧបត្ថម្ភឧបករណ៍ប្រតិបត្តិការដែលអង្គការសុខភាពពិភពលោក បានផ្ដល់ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក មានដូចជា ឧបករណ៍វិភាគជាតិអាល់កុលដែលពិនិត្យចេញពីដង្ហើម ម៉ាស៊ីនបោះពុម្ព (Printer) ពិល អំពូល ចង្កៀងដែលអាចសាកថ្មបាន កុំព្យូទ័រ ដែលមានទឹកប្រាក់ប្រមាណ ១,៦សែនដុល្លារ។
ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ឧត្ដមសេនីយ៍ឯក ចាន់ គឹមសេង មានប្រសាសន៍ថា ការប្រគល់ឧបករណ៍នេះ គឺជាសារមួយដ៏សំខាន់ដើម្បីផ្ញើទៅកាន់អ្នកប្រើប្រាស់ផ្លូវឲ្យប្រកាន់ឥរិយាបថគោរពប្រតិបត្តិច្បាប់ លះបង់នូវទម្លាប់អន់ថយដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងនិងអ្នកដទៃ។
លោកបានបន្តថា លោកនឹងធ្វើការបែងចែកឧបករណ៍ជំនួយទាំងនេះទៅតាមខេត្តគោលដៅចំនួន ៣ គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលជាតំបន់គោលដៅបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលបានចាប់ផ្ដើមពិនិត្យជាតិស្រវឹងដល់អ្នកបើកបរតាំងពីឆ្នាំ២០១០ មក ហើយបានទទួលជោគជ័យនោះ។
ចំពោះការត្រួតពិនិត្យជាតិស្រវឹងនេះ លោកថា មន្ត្រីជំនាញនិងធ្វើឲ្យមានតម្លាភាពជាទីបំផុត៖ «រាល់ការប្រជុំពិសេសកាលថ្ងៃទី១៩ កន្លងមកនេះ គឺថាមន្ត្រីជាន់ខ្ពស់គ្រប់ថ្នាក់ត្រូវតែគំរូក្នុងការអនុវត្តច្បាប់ចរាចរណ៍»។
នៅឆមាសទី១ ឆ្នាំ២០១២ មានករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២.៤៥៣ ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១១ មានចំនួន ២.៩៤៥ គឺមានការថយចុះ ៤៩២ករណី គិតជាភាគរយស្មើនឹង១៧%។
ចំនួនអ្នកស្លាប់នៅឆមាសទី១ ឆ្នាំ២០១២នេះ គឺមាន ១.០៦៧នាក់ ដែលកាលពីឆ្នាំ២០១១ ក្នុងរយៈពេលដូចគ្នាមានអ្នកស្លាប់ ១.១០០នាក់។ មានន័យថា អ្នកស្លាប់ថយចុះចំនួន ៣៣នាក់។ អ្នករបួសធ្ងន់ ២.៥០៥នាក់ របួសស្រាល ១.៧០៤នាក់។ សម្រាប់អ្នកគ្រោះថ្នាក់ដែលមិនពាក់មួកសុវត្ថិភាពក្នុងឆមាសទី១ ឆ្នាំ២០១២ គឺមាន ៨១៤នាក់ ប្រៀបនឹងឆមាសទី១ ឆ្នាំ២០១១ គឺមាន ១.០២៧នាក់ ថយចុះ ២១៣នាក់ ស្មើនឹង ២១% ដែលគេឃើញថា គ្រោះថ្នាក់ចរាចរណ៍មិនពាក់មួកសុវត្ថិភាពភាគច្រើននៅពេលយប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។