WHO ផ្ដល់​ជំនួយ​ឧបករណ៍​ត្រួត​ពិនិត្យ​ចរាចរណ៍​ដល់​កម្ពុជា

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្ដល់​ជំនួយ​ជា​ឧបករណ៍​ត្រួត​ពិនិត្យ​ចរាចរណ៍ និង​ឧបករណ៍​វិភាគ​ជាតិ​អាល់កុល​ដែល​មាន​តម្លៃ​ស្មើ​នឹង​ទឹកប្រាក់ ១,៦​សែន​ដុល្លារ​ដល់​នគរបាល​ចរាចរណ៍ សម្រាប់​ប្រតិបត្តិការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព។

0:00 / 0:00

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​បង្ហាញ​ថា ពី​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​មូលនិធិ​ប្លូមបឺគ ភីលែនត្រូភី (Bloomberg Philanthropies' RS10 Fund) នៃ​គម្រោង​សុវត្ថិភាព​ចរាចរណ៍ ១០​ប្រទេស និង​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល​បាន​ផ្ដល់​ជំនួយ​ឧបករណ៍​សម្ភារៈ​ប្រតិបត្តិការ និង​ការ​បណ្ដុះបណ្ដាល​ដល់​នគរបាល​ចរាចរណ៍​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទៅ​ខេត្ត​ចំនួន​៣ ព្រម​ទាំង​ការ​បណ្ដុះបណ្ដាល​ឯកទេស​ជាតិ​ស្រវឹង និង​ការ​មិន​ពាក់មួក​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​អំពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ពាក់​មួក​សុវត្ថិភាព និង​ពិធី​ប្រគល់​ឧបករណ៍​ត្រួត​ពិនិត្យ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង និង​ការ​មិន​ពាក់​មួក​សុវត្ថិភាព លោក​វេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារ៉ាន់ (Pieter Van Maaren) តំណាង​អង្គការ​សុខភាព​ពិភព​បាន​ថ្លែង​ថា ការ​ប្រកាស​ពិធី​នេះ គឺ​ជា​សកម្មភាព​នៃ​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​គោល​បំណង​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា ដោយ​កាត់​បន្ថយ​ការ​ស្លាប់​ប្រមាណ​ជាង ១.៨០០​នាក់ និង​របួស​ធ្ងន់ធ្ងរ​ប្រមាណ ៦.៧០០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត ភីធឺ វ៉ាន់ម៉ារ៉ាន់៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រោះថ្នាក់​ដែល​បាន​កើត​ឡើង​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​ស្លាប់ ស្ថិត​នៅ​ក្នុង​អត្រា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។ បញ្ហា​នេះ​គឺ​តម្រូវ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ការ ការ​សម្របសម្រួល​ឲ្យ​បាន​ច្រើន រវាង​ស្ថាប័ន​នានា រវាង​ដៃ​គូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល ដើម្បី​សម្រេច​ឲ្យ​បាន និង​ជម្នះ​ឲ្យ​បាន​នូវ​បញ្ហា​សុខភាព​សាធារណៈ​ដែល​យើង​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ​នេះ»

ជំនួយ​ឧបត្ថម្ភ​ឧបករណ៍​ប្រតិបត្តិការ​ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ផ្ដល់​ជូន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក មាន​ដូចជា ឧបករណ៍​វិភាគ​ជាតិ​អាល់កុល​ដែល​ពិនិត្យ​ចេញ​ពី​ដង្ហើម ម៉ាស៊ីន​បោះពុម្ព (Printer) ពិល អំពូល ចង្កៀង​ដែល​អាច​សាក​ថ្ម​បាន កុំព្យូទ័រ ដែល​មាន​ទឹកប្រាក់​ប្រមាណ ១,៦​សែន​ដុល្លារ។

ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ឧត្ដមសេនីយ៍ឯក ចាន់ គឹមសេង មាន​ប្រសាសន៍​ថា ការ​ប្រគល់​ឧបករណ៍​នេះ គឺ​ជា​សារ​មួយ​ដ៏​សំខាន់​ដើម្បី​ផ្ញើ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ផ្លូវ​ឲ្យ​ប្រកាន់​ឥរិយាបថ​គោរព​ប្រតិបត្តិ​ច្បាប់ លះបង់​នូវ​ទម្លាប់​អន់​ថយ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ។

លោក​បាន​បន្ត​ថា លោក​នឹង​ធ្វើការ​បែងចែក​ឧបករណ៍​ជំនួយ​ទាំង​នេះ​ទៅ​តាម​ខេត្ត​គោលដៅ​ចំនួន ៣ គឺ​ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ដែល​ជា​តំបន់​គោលដៅ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចាប់​ផ្ដើម​ពិនិត្យ​ជាតិ​ស្រវឹង​ដល់​អ្នក​បើកបរ​តាំង​ពី​ឆ្នាំ​២០១០ មក ហើយ​បាន​ទទួល​ជោគជ័យ​នោះ។

ចំពោះ​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នេះ លោក​ថា មន្ត្រី​ជំនាញ​និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ជា​ទី​បំផុត៖ «រាល់​ការ​ប្រជុំ​ពិសេស​កាល​ថ្ងៃ​ទី​១៩ កន្លង​មក​នេះ គឺ​ថា​មន្ត្រី​ជាន់​ខ្ពស់​គ្រប់​ថ្នាក់​ត្រូវ​តែ​គំរូ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍»

នៅ​ឆមាស​ទី​១ ឆ្នាំ​២០១២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ២.៤៥៣ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១១ ​មាន​ចំនួន ២.៩៤៥ គឺ​មាន​ការ​ថយ​ចុះ ៤៩២​ករណី គិត​ជា​ភាគរយ​ស្មើ​នឹង​១៧%។

ចំនួន​អ្នក​ស្លាប់​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១២​នេះ គឺ​មាន ១.០៦៧​នាក់ ដែល​កាល​ពី​ឆ្នាំ​២០១១ ក្នុង​រយៈពេល​ដូច​គ្នា​មាន​អ្នក​ស្លាប់ ១.១០០​នាក់។ មាន​ន័យ​ថា អ្នក​ស្លាប់​ថយ​ចុះ​ចំនួន ៣៣​នាក់។ អ្នក​របួស​ធ្ងន់ ២.៥០៥​នាក់ របួស​ស្រាល ១.៧០៤​នាក់។ សម្រាប់​អ្នក​គ្រោះថ្នាក់​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១២ គឺ​មាន ៨១៤​នាក់ ប្រៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១១ គឺ​មាន ១.០២៧​នាក់ ថយ​ចុះ ២១៣​នាក់ ស្មើ​នឹង ២១% ដែល​គេ​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​មិន​ពាក់​មួក​សុវត្ថិភាព​ភាគ​ច្រើន​នៅ​ពេល​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។