សេចក្តីរាយការណ៍បានដកស្រង់ប្រភពទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ដែលនិយាយថា មានយានអាថ៌កំបាំង UFO បានផ្ទុះនៅលើកោះភូកុក ឬ កោះត្រល់ ។
សេចក្តីរាយការណ៍និយាយថា ការផ្ទុះនោះគឺនៅក្នុងលំហដែលមានកម្ពស់ប្រមាណ ៨គីឡូម៉ែត្រ ។
សេចក្តីរាយការណ៍និយាយទៀតថា ប្រជាជននៅលើកោះភូកុក ដែលស្ថិតចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីខេត្តកំពតនៃប្រទេសកម្ពុជា បានប្រទះឃើញបំណែកដែកជាច្រើន ដែលក្នុងនោះ មានបំណែកមួយប្រវែងដល់ទៅ ១ម៉ែត្រកន្លះផង ។
សេចក្តីរាយការណ៍នេះ គឺនៅបន្ទាប់ពីមានព័ត៌មានមួយ កាលពីម្សិលមិញដែលមានការផ្អើលនិយាយថា គេបានឮស្នូរផ្ទុះដ៏ខ្លាំងមួយនៅខេត្តកំពត ដែលអ្នកខ្លះសង្ស័យថា ជាការធ្លាក់យន្តហោះបរទេស ។
ក្រោយសេចក្តីរាយការណ៍នោះភ្លាម មានការបញ្ជូនមនុស្សឲ្យទៅស្វែងរកនៅទីកន្លែងដែលសង្ស័យ ប៉ុន្តែ ក៏មានការបញ្ជូនដំណឹងភ្លាមពីអាជ្ញាធរខ្មែរវិញមកថា មិនមានការធ្លាក់យន្តហោះណាមួយនោះឡើយ ៕
