សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្សាយនៅថ្ងៃព្រហស្បតិ៍ ដកស្រង់សម្ដីលោក សុរិយា ស៊ូប៊ែឌី ថា ផ្នែកមួយនៃការវាយតម្លៃនៃការការពារសិទ្ធិមនុស្ស លោកនឹងជួយរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកចំណុចមួយចំនួនដែលបានធ្វើឲ្យប្រសើរឡើងវិញ និងចំណុចខ្លះទៀតដែលរដ្ឋាភិបាលបានជួបឧបសគ្គ អនុវត្តអនុសាសន៍របស់លោក។
ក្នុងឱកាសថ្លែងការណ៍នៅអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១២ លោក សុរិយា ស៊ូប៊ែឌី បានទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់មួយចំនួន ដើម្បីធានាការបោះឆ្នោតឆ្នាំ២០១៣ នឹងប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌ និងធ្វើឲ្យមានតម្លាភាព និងអនុវត្តច្បាប់ចំពោះការផ្តល់ និងរៀបចំដីសម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបដិសេធន៍មិនទទួលយករបាយការណ៍លោក សុរិយា ស៊ូប៊ែឌី ឡើយ ដោយចាត់ទុករបាយការណ៍នោះថាជារបាយការណ៍មិនពិត។ លោក ហ៊ុន សែន បានចំអកឲ្យលោក សុរិយា ស៊ូប៊ែឌី ទៅជួយប្រទេសដើមកំណើតរបស់លោកនៅនេប៉ាល់ ប្រសើរជាងនៅកម្ពុជា។
ចាប់តាំងពីអង្គការសហប្រជាជាតិ បានតែងតាំងលោក សុរិយា ស៊ូប៊ែឌី កាលពីឆ្នាំ២០០៩ មក លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន ៨លើក និងបានធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិចំនួន៥។ ទស្សនកិច្ចលើកនេះ លោក សុរិយា ស៊ូប៊ែឌី គ្រោងចូលគាល់ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសិទ្ធិមនុស្ស ព្រមទាំងសហគមន៍អ្នកផ្តល់ជំនួយដល់កម្ពុជា ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។