អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន

អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​កិច្ច របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UN-ESCAP) លោកស្រី​បណ្ឌិត ណូអីឡែន ហៃហ្សឺ (Noeleen Heyzer) ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា។
ដោយ អ៊ុក សាវបូរី
2012-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន និង​ណូអីឡែន ហៃហ្សឺ (Noeleen Heyzer) ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​លោកស្រី​បណ្ឌិត ណូអីឡែន ហៃហ្សឺ (Noeleen Heyzer) អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​កិច្ច របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UN-ESCAP) កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២។
RFA/Ouk Savborey

ក្រោយ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី ជាមួយ​លោកស្រី​បណ្ឌិត ណូអីឡែន ហៃហ្សឺ លោក អៀង សុផលឡែត ជំនួយ​ការ​ផ្ទាល់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោកស្រី​បាន​ថ្លែង​កោត​សសើរ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង។

កាល​ពី​ឆ្នាំ​២០០៥ លោកស្រី​បាន​មក​ជា​លើក​ទី១ កម្ពុជា​ទើប​មាន​ការ​អភិវឌ្ឍ​ខ្លះៗ។ លោកស្រី​បន្ថែម​ថា ទោះ​បី​កម្ពុជា​បាន​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ដូច​ប្រទេស​មួយ​ចំនួន ក៏​កម្ពុជា​នៅ​មាន​កំណើន​សេដ្ឋកិច្ច ហើយ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ក្នុង​រយៈពេល​ដ៏​ខ្លី។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​បាន​សសើរ​ដល់​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​ការ​ប្រជុំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ហើយ​នឹង​ជំរុញ​គាំទ្រ​លើ​វិស័យ​សមភាព​យេនឌ័រ នៅ​កម្ពុជា និង​បាន​លើក​កម្ពស់​វិស័យ​អប់រំ វិស័យ​សុខមាលភាព និង​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ ដែល​ទាំង​នោះ​សុទ្ធ​តែ​ជា​កត្តា​សំខាន់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ចំណែក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្រាប​អំពី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ថា វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ ពុំ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​ទេ ព្រោះ​កម្ពុជា​នៅ​មាន​កំណើន​សេដ្ឋកិច្ច ទោះ​បី​នៅ​មាន​កម្រិត​ទាប​ក៏​ដោយ ហើយ​បទ​ពិសោធន៍​យក​មក​ដោះស្រាយ គឺ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​១៩៩៧ គឺ​យក​មក​ដោះស្រាយ៖

ទី១ គឺ​រក្សា​ស្ថិរភាព​នយោបាយ។

ទី២ គឺ​រក្សា​ម៉ាក្រូសេដ្ឋកិច្ច។

ទី៣ ចាត់​វិធានការ​បម្រុង​ទុក​ជា​មុន​ជាមួយ​ធនាគារ។

ទី៤ ផ្តល់​ការ​បណ្ដុះ​បណ្ដាល​កម្មករ​ដែល​គ្មាន​ជំនាញ ឲ្យ​មាន​បទ​ពិសោធន៍ និង​មុខ​របរ​ថ្មី។

ចំពោះ​ការ​អភិវឌ្ឍន​ប្រកប​ដោយ​ចីរភាព​នោះ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ប្រាប់​លោកស្រី​បណ្ឌិត ហៃហ្សឺ ថា បាន​លុប​ចោល​ឡូ​នេសាទ​ទាំង​ស្រុង និង​កំណែ​ទម្រង់​ដីធ្លី ដែល​មាន​យុវជន​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់ កំពុង​ធ្វើ​ការ​ចុះ​វាស់​ដី​ជូន​ពលរដ្ឋ។

ចំពោះ​វិស័យ​អប់រំ និង​ការ​កាត់​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​នោះ លោក ហ៊ុន សែន បាន​ជម្រាប​ជូន​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ឆ្នាំ២០០២ ដែល​អនុវត្ត​បាន​ជោគជ័យ គឺ​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​ទឹក ផ្លូវ​ថ្នល់ ជាដើម ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​នៅ​ជនបទ​រីកចម្រើន។ ចំពោះ​ការ​អប់រំ​នៅ​ពេល​បច្ចុប្បន្ន គឺ​សាលា​ដើរ​រក​សិស្ស មិន​មែន​សិស្ស​ដើរ​រក​សាលា​ដូច​មុន​ទេ។ ប៉ុន្តែ​បញ្ហា​ប្រឈម គឺ​គុណភាព​នៃ​ការ​អប់រំ​ទៅ​វិញ នា​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល