អាមេរិកាំង​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រួម​ភេទ​ជាមួយ​កុមារ​នៅ​កម្ពុជា

មន្រ្តី​ប៉ូលិស​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា បុរស​ជន​ជាតិ​អាមេរិកាំង​ម្នាក់ បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​នាំ​នារី​ខ្មែរ​២​នាក់ អាយុ​មិន​ទាន់​គ្រប់​ការ ដើម្បី​ប្រព្រឹត្ត​ស្នេហា​ផ្លូវ​ភេទ។

ឧត្តមសេនីយ៍​ប៉ូលិស លោក ប៊ិត គឹមហុង បាន​មាន​ប្រសាសន៍​ថា បាន​ឃាត់​ខ្លួន​ឈ្មោះ Michael James Dodd មក​ពី​រដ្ឋធានី​វ៉ាស៊ិនតុន ឌីស៊ី នៅឯ​ផ្ទះ​ជួល​មួយ​ដែល​ឈ្មោះ​នេះ​បាន​ជួល​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

លោក​បន្ត​ថា ពេល​ដែល​ប៉ូលិស​ឆ្មក់​ចូល​ផ្ទះ​នោះ គឺ​បាន​រក​ឃើញ​នារី​២​នាក់ អាយុ ១៣​ឆ្នាំ និង ១៤​ឆ្នាំ កំពុងតែ​នៅ​ជា​មួយ​អាមេរិកាំង​នោះ។

លោក សុខ កល្យាណ ព្រះរាជ​អាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ តុលាការ​បាន​ចោទ​ប្រកាន់​ឈ្មោះ Michael James Dodd រួច​ហើយ។ ហើយ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា មាន​ទោស​នោះ អាច​ជាប់​ពន្ធនាគារ​ដល់​១០​ឆ្នាំ។

លោក សូ ដារា មេធាវី​របស់​លោក Michael James Dodd បាន​ឲ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​បដិសេធ​ចំពោះ​ការចោទ​ប្រកាន់​នេះ៕