ឯកអគ្គ​រដ្ឋទូត​អាមេរិក​ត្រៀម​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន

លោក វីល្លៀម ថត (William Todd) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​បេសកកម្ម​៣​ឆ្នាំ​របស់​លោក​មក​កម្ពុជា លោក​នឹង​ចុះ​ជួប​កសិករ ពិសេស​យុវជន​ផ្ទាល់​រស់​នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ទទួល​ព័ត៌មាន​ពី​តម្រូវ​ការ​ចាំបាច់​របស់​ពួក​គេ។
ដោយ ដែន អយុធ្យា
2012-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វីល្លៀម ថត (William Todd) ៣០៥
សកម្មភាព​របស់​លោក វីល្លៀម ថត (William Todd) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​របស់​ប្រជាកសិករ​នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Den Ayuthea

មន្ត្រី​ព័ត៌មាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ថា លោក វីល្លៀម ថត បន្ទាប់​ពី​មក​កាន់​តួនាទី​ជា​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា នៅ​ដើម​ខែ​មិថុនា នេះ លោក​បាន​ចុះ​តាម​មូលដ្ឋាន ជួប​កសិករ​មិន​តិច​ជាង​៤​ខេត្ត​នោះ​ទេ។

តាម​រយៈ​សំឡេង​អ្នក​បក​ប្រែ​ភាសា លោក វីល្លៀម ថត ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ពី​បេសកកម្ម​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ដូច្នេះ៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​ភូមិ ឃុំ ស្រុក ស្រែ​ចម្ការ​តាម​ទី​ជន​បទ។ ខ្ញុំ​មិន​ហ៊ាន​ថា ខ្ញុំ​ធ្វើ​ដំណើរ​បាន​ច្រើន​ជាង​សមាជិក​សភា​កម្ពុជា​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ទៅ​ជួប​ប្រជាពលរដ្ឋ ជួប​យុវជន​ឲ្យ​បាន​ច្រើន។ ដូច​បាន​ដឹង​ហើយ ពលរដ្ឋ​កម្ពុជា​ជាង​៧០% មាន​អាយុ​ក្រោម​៣០​ឆ្នាំ មាន​ន័យ​ថា ពួក​គេ​ស្ថិត​នៅ​ជា​យុវជន​នៅ​ឡើយ។ ដូច្នេះ ខ្ញុំ​ចង់​ចូល​រួម ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គេ ហើយ​តាម​រយៈ​នេះ យើង​នឹង​បង្កើត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ឲ្យ​បាន​ប្រសើរ​ថែម​ទៀត»

វត្តមាន​របស់​លោក វីល្លៀម ថត ទទួល​បាន​ការ​គាំទ្រ​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់​ព័ន្ធ​ជាមួយ​យុវជន​កម្ពុជា។

លោក កឹម សុខា ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម បាន​ប្រៀប​ធៀប​បេសកកម្ម​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ថា ដូច​គ្នា​ទៅ​នឹង​គោល​នយោបាយ​ចុះ​មូលដ្ឋាន​របស់​គណបក្ស សិទ្ធិ​មនុស្ស។

មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ត្រូវ​ផ្តល់​ជំនួយ​ឲ្យ​បាន​ដល់​ដៃ​កសិករ ពិសេស​យុវជន​ជា​ជាង​ផ្តល់​ជំនួយ​ជួយ​រដ្ឋាភិបាល​សម្រាប់​បិទ​បាំង​ទង្វើ​អាក្រក់។

លោក កឹម សុខា៖ «សម្អាត​ទីក្រុង និង​មាន​ផ្ទះ​ថ្ម​ច្រើន មិន​មែន​ជា​ជោគជ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ទេ។ លទ្ធិប្រជាធិបតេយ្យ គឺ​វា​នៅ​មូលដ្ឋាន ដូច្នេះ​ហើយ​ការ​ដែល​មន្ត្រី​ទូត​អាមេរិក​ធ្វើ​នេះ វា​អត់​ខុស​គ្នា​ពី​ទស្សនៈ​របស់​គណបក្ស សិទ្ធិ​មនុស្ស ដែល​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​បាន​ចុះ​មូលដ្ឋាន។ បើ​ទូត​អាមេរិក​ថ្មី លោក​យក​នយោបាយ​នេះ​ដែរ គឺ​ត្រឹម​ត្រូវ​ហើយ យើង​គាំទ្រ​បំផុត ដើម្បី​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​ហ្នឹង​ដឹង​ការ​ពិត​ពី​បញ្ហា​កម្ពុជា ដើម្បី​ជួយ​អ្នក​ក្រ និង​យុវជន​អត់​ការងារ​ធ្វើ កុំ​ឲ្យ​មហា​អំណាច​យក​លុយ​មក​បោះ​ចោល​ឲ្យ​រដ្ឋាភិបាល​តុប​តែង​មុខ​មាត់ ធ្វើ​ស្ពាន ធ្វើ​ថ្នល់ ហើយ​អួត​ថា​ជា​សមិទ្ធផល​របស់​ខ្លួន​នោះ​ទេ»

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការ​ជាមួយ​យុវជន បាន​ចាត់​ទុក​បេសកកម្ម​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​មក​កម្ពុជា​ថា អាច​នឹង​រីក​ចម្រើន​ដល់​យុវជន​កម្ពុជា។

លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ធ្វើ​ការ​ជាមួយ​យុវជន បាន​ស្នើ​ឲ្យ​ទូត​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី​មក​កម្ពុជា ត្រូវ​ជួយ​លើក​កម្ពស់​យុវជន​កម្ពុជា​ឲ្យ​បាន​ច្រើន។

លោក សន ជ័យ៖ «វា​ជា​សញ្ញា​មួយ​របស់​ប្រទេស​មហា​អំណាច​ជាមួយ​យុវជន​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា បេសកកម្ម​នេះ​នឹង​បាន​ស្វែង​យល់​បន្ថែម​ទៅ​លើ​ការ​ពិត ឬ​ក៏​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​មូលដ្ឋាន​ដែល​ពាក់​ព័ន្ធ​នឹង​យុវជន​និង​ការងារ​យុវជន និង​តម្រូវ​ការ​ផ្សេង ដែល​កំពុង​កើត​មាន​ជាមួយ​យុវជន​ពេល​នេះ»

ទោះ​យ៉ាង​ណា លោក វីល្លៀម ថត ក្នុង​ពិធី​ថ្វាយ​សារ​តាំង​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១២ បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ថា សហរដ្ឋអាមេរិក​នឹង​ពង្រឹង​ចំណង​មិត្តភាព និង​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

VIRAK

ខ្ញុំ​គាំទ្រ​សកម្មភាព​របស់​លោក វីល្លៀម ថត (William Todd) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា

Jun 30, 2012 03:06 AM

Da

ពី Australia

It is so incredible that the new Ambassador of United States seem like caring a lot about Cambodia. He is the first Ambassador that visit the government and asked about his concern in what happened in Cambodia. Thank a lot and hope you help our country and our people in to justice.

Jun 30, 2012 12:42 AM

អ្នក​អាន​អនាមិក

លោក វីល្លៀម ថត គួរតែពិនិត្យមើលគំរោងនានាដែលបានជំនួយពីUSAID ដូចជាគំរោង Harvest ដែលមានមន្រ្តីគំរោងខ្លះជាមន្រ្តីរដ្ឋាភិបាល បានលួចមកធ្វើការពេញម៉ោងជាមួយគំរោងនេះ

Jun 28, 2012 10:28 PM