អតីត​យុទ្ធជន​កម្ពុជា​មិន​ទាន់​ទទួល​បាន​របប​នយោបាយ​គ្រប់គ្រាន់

ថ្ងៃ​ទី​២១ មិថុនា ជា​ទិវា​អតីត​យុទ្ធជន​កម្ពុជា​ខួប​លើក​ទី​៥ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ឡើង ក្នុង​គោលដៅ​លើក​គុណ​តម្លៃ​ដល់​យុទ្ធជន​កម្ពុជា ដែល​ហ៊ាន​លះបង់ និង​ប្ដូរ​ជីវិត​ក្នុង​សង្គ្រាម ដើម្បី​ការពារ​ទឹក​ដី និង​ប្រទេស​ជាតិ។
ដោយ ខែ សុណង
2012-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​ពិការ​ភាព​បាន​អះអាង​ថា អតីត​យុទ្ធជន​ពិការ និង​គ្រួសារ​របស់​អតីត​យុទ្ធជន​បច្ចុប្បន្ន កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​ជា​ចម្បង ដែល​រដ្ឋាភិបាល​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា (CDPO) លោក ងិន សៅរ័ត្ន បាន​កត់​សម្គាល់​ថា អតីត​យុទ្ធជន​បច្ចុប្បន្ន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ឡើយ។ រីឯ​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​អតីត​យុទ្ធជន នៅ​មិន​ទាន់​គ្រប់គ្រាន់ ដែល​អាច​លើក​ស្ទួយ​ស្ថានភាព​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​បាន​ទេ។ លោក​បន្ត​ថា អតីត​យុទ្ធជន​មាន​តម្រូវ​ការ​ខ្ពស់ ហើយ​ចំណូល​គាត់​ទាប ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត។

លោក ងិន សៅរ័ត្ន៖ «រដ្ឋាភិបាល​ថ្មីៗ​គាត់​ចេញ​គោល​នយោបាយ​មួយ ស្ដី​ពី​របប​គោល​នយោបាយ​សម្រាប់​ជួយ​ជន​ពិការ​ក្រីក្រ និង​ម្នាក់​បាន​ពីរ​ម៉ឺន​រៀល។ គេ​រៀប​ចំ​ចំណាត់​ថ្នាក់​របស់​គេ បើ​គាត់​ក្រីក្រ​បំផុត គាត់​ទទួល​បាន​ត្រឹម​តែ​១​ឆ្នាំ។ បើ​ថា​គាត់​កម្រិត​មធ្យម គាត់​ទទួល​បាន​៦​ខែ។ យើង​គិត​មើល​ទៅ​ថា ទំនិញ​ទីផ្សារ​របស់​យើង​បច្ចុប្បន្ន តើ​អាច​គ្រាន់​ដែរ​ឬ​អត់ ជួល​កាល​គ្រាន់​បើ​ជាង​អត់។ អ៊ីចឹង បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត»

នៅ​ក្នុង​សារ​លិខិត​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា នៅ​ឱកាស​ខួប​លើក​ទី​៥ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១២ បាន​សរសេរ​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ដល់​អតីត​យុទ្ធជន និង​ក្រុម​គ្រួសារ​ដែល​បាន​លះបង់ និង​ប្ដូរ​ជីវិត​ការពារ​ប្រទេស​ជាតិ។ នៅ​ក្នុង​សារ​នោះ ក៏​បាន​សរសើរ​ដល់​ក្រសួង​សង្គមកិច្ច​ថា បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​អាទិភាព​ដល់​វិស័យ​ការងារ​អតីត​យុទ្ធជន ការ​បើក​ផ្ដល់​របប​សន្តិសុខ​សង្គម សម្រាប់​អតីត​យុទ្ធជន និង​ការ​ជួយ​ឧបត្ថម្ភ​ដល់​អតីត​យុទ្ធជន​ជួប​ការ​លំបាក​បាន​ល្អ។

យ៉ាង​នេះ​ក្ដី អតីត​យុទ្ធជន​នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់ ឈ្មោះ ប៊ែន សម្បត្តិ បាន​ថ្លែង​ថា គាត់​មិន​ដែល​បាន​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ទេ មាន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​ជួយ​ផ្ដល់​ជំនាញ​ដល់​ពួក​គាត់។

លោក ប៊ែន សម្បត្តិ៖ «ខ្ញុំ​ពិការ​ភ្នែក ហើយ​ពិការ​ជើង​ទៀត។ ខ្ញុំ​មិន​ដែល​បាន​ទទួល​ពី​រដ្ឋាភិបាល​ទេ ព្រោះ​ខ្ញុំ​នៅ​ខេត្ត​ឧត្ដរមានជ័យ នៅ​ស្រុក​កំណើត​នោះ។ គេ​មាន​មន្ត្រី​សង្គមកិច្ច គេ​ចុះ​ឈ្មោះ​ធ្វើ​ក្រដាស​ស្នាម​តាំង​ពី​ឆ្នាំ​២០០១ ២០០២ នោះ គេ​ទៅ​ចុះ​ឈ្មោះ​ហើយ គេ​យក​លុយ​យើង​បាន​៧​ម៉ឺន​រៀល។ គេ​ថា គេ​នឹង​ឧបត្ថម្ភ​ប្រាក់​ផ្សេងៗ​ឲ្យ​ខ្ញុំ​មួយ​ជីវិត។ ប៉ុន្តែ​មក​ទល់​ឥឡូវ​នេះ បាត់​សូន្យ ហើយ​ទៅ​សាក​សួរ​គេ គេ​ថា​ថ្នាក់​លើ​គេ​ចុះ​ទៅ​បោក»

ភរិយា​របស់​អតីត​យុទ្ធជន​ម្នាក់ គឺ​លោក​ស្រី ជុំ មុំ រស់​នៅ​ខេត្ត​បាត់ដំបង បាន​អះអាង​ថា ស្វាមី​គាត់​ជា​អតីត​យុទ្ធជន​ពិការ បាន​ស្លាប់​ប្រមាណ ៦​ខែ​មក​ហើយ ប៉ុន្តែ​គ្រួសារ​គាត់​ក៏​ពុំ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​អ្វី​នោះ​ទេ។

លោក​ស្រី ជុំ មុំ៖ «សមាគម​ខាង​ទាហាន​ហ្នឹង​នោះ គេ​ថា​លុយ​ហ្នឹង​មិន​ទាន់​ធ្លាក់​មក ខ្ញុំ​ឆ្ងល់​ដែរ។ គេ​ខាង​ពោធិ៍សាត់ គេ​បាន​ហើយ ដល់​គេ​កាត់​ឈ្មោះ​គាត់​មក​នៅ​ខាង​បាត់​ដំបង បើក​លុយ​ជិត​២​ឆ្នាំ​ហើយ ដល់​ពេល​គាត់​ស្លាប់​គេ​លែង​ឲ្យ​គាត់​បណ្ដោយ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ។

របាយការណ៍​ក្រសួង​សង្គម​កិច្ច​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​បាន​បន្សល់​ទុក​នូវ​អតីត​យុទ្ធជន ពិការ យុទ្ធជន​ចូល​និវត្តន៍ យុទ្ធជន​បាត់​បង់​សមត្ថភាព​ការងារ និង​គ្រួសារ​យុទ្ធជន​ដែល​ស្លាប់​ជាង ៩​ម៉ឺន​នាក់ ព្រម​ទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ជាង ២​សែន​នាក់ ដែល​រដ្ឋាភិបាល​បាន​រ៉ាប់រង​ដោះ​ស្រាយ​របប​គោល​នយោបាយ ដើម្បី​ឧបត្ថម្ភ​ដល់​ជីវភាព​រស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

kea

ពី bavet in SVR Province

ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រេទសកម្ពុជាទាំងអស់ មេត្តាមចងចាំថា យួនគឺជាសត្រូវជាមួយខ្មែរ​ដូចនេះយើងទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរ ត្រូវចេះរូបរួមគ្នាការពារជាតិ មាតុភូមិ ព្រោះថា មានយួន ច្រើនណាស់មករស់នៅលើទឹកដីខ្មែរ ។ សព្វថ្ងៃយួន មិនយកទឹកដីទេ ក៏ប៉ុន្តែ យួនវាមករស់នៅលើទឹកដីខ្មែរដោយស្រប់ច្បាប់ ។ ទាំងនេះក៏ដោយសារតែមេដឹនាំរបស់ខ្មែរ មានគំនិត តែមិនគិតពីការធ្វើអត្តោប្រវេសរបស់ពួជយួន ឫក៏ខ្លាចយួនយាណា !​?

Jul 02, 2012 10:51 PM

Kror Pek Hey

ពី Kg. Thom

My mother retire 2 years ago from Kampong Thom military base. She still doesn't get anythings. And many others are the same in Kampong Thom

Jun 27, 2012 11:09 AM

ប៊ុនឈែ

ពី ភ្នំពេញ

រដ្ឋាភិបាលគួរជុំរុញលើកទឹកចិត្តដល់យុវជនខ្មែរេជាពិសេសជនពិការ ដើម្បីឲពួកគេមានលទ្ធភាពបង្ហាញសមត្តភាពដែលពួកគេមាន ហើយជាការរួមចំនែកក្នុងការជួយសង្គមបច្បុបន្ន។

Jun 23, 2012 08:39 PM